ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឥណ្ឌា នឹង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ
27, Aug 2018 , 9:52 am        
រូបភាព
រូបពី AFP៖ លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេសឥណ្ឌា
រូបពី AFP៖ លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេសឥណ្ឌា
ដោយ:
ភ្នំពេញ៖ ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក ស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នឹង​ជួបគ្នា នៅ​ចុងខែ​សីហា​នេះ ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ដូចជា កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយចំនួន​(MoU)​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​នៃ​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២៤ ខែសីហា​។


 
​ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​បន្តថា លោក ស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច នឹង​មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៨​ដល់ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា នឹង​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ បន្ទាប់មក​ជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​
 
​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា នឹង​ពិភាក្សាគ្នា​អំពី​បញ្ហា​ជាច្រើន​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមទាំង​ការផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​។ នេះ​ជាការ​បន្ថែម​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ដដែល​។ 
 
​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​អះអាងថា ជំនួប​នេះ នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣​សំខាន់ៗ ដែល​រួមមាន ទី​១ កិច្ចព្រមព្រៀង​រវាង​អន្តររដ្ឋាភិបាល​កម្ពុជា​-​ឥណ្ឌា សម្រាប់​ការអភិរក្ស​និង​ជួសជុល​ប្រាសាទព្រះវិហារ នៅ​ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ​, ទី​២ ​អនុស្សរណៈ​យោគយល់​គ្នា នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល និង​កិច្ចការ​គ្រួសារ នៃ​រដ្ឋាភិបាល​កម្ពុជា​-​ឥណ្ឌា ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សុខភាព និង​ឱសថ​, និង​ទី​៣ អនុស្សរណៈ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស​កម្ពុ​ជា និង​វិទ្យាស្ថាន​ការបរទេស​នៃ​ក្រសួងការបរទេស​ឥណ្ឌា​។​
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​ចុងក្រោយ​ថា លោក ស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច គ្រោង​ទៅ​ទស្សនា​ប្រាសាទបុរាណ​មួយចំនួន នៅ​ខេ​ត្តេ​សៀមរាប រួមទាំង​គម្រោង​ជួសជុល​ប្រាសាទតាព្រហ្ម ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​៕
 

Tag:
 ​ប្រាក់ សុខុន​
 ​ ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច​
 ​ MoU
© រក្សាសិទ្ធិដោយ thmeythmey.com