ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាស់ការ៖ ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ឲ្យ​ដោះលែង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ១៣​នាក់​ទៀត
27, Aug 2018 , 10:05 pm        
រូបភាព
លោក មាជ សុវណ្ណារ៉ា នៅពេលនាំទៅសវនាការកន្លងមក។ រូបថត AFP
លោក មាជ សុវណ្ណារ៉ា នៅពេលនាំទៅសវនាការកន្លងមក។ រូបថត AFP
​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​១៣​នាក់​ទៀត ត្រូវបានព្រះករុណា ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយ​នៅ​ម៉ោងជាង១០យប់ នាថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​នេះ​។



លោក សំ សុគង់ មេធាវីការពារក្តីឲ្យអ្នកទាំង១៤ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅយប់ថ្ងៃនេះ យ៉ាងដូច្នេះថា៖«ខ្ញុំបានឃើញព្រះរាជក្រឹត្យលើកលែងទោសឲ្យពួកគាត់ហើយ។ ឥឡូវខ្ញុំកំពុងធ្វើដំណើរទៅទទួលពួកគាត់»។
 
ការទទួលបាន​ការលើក​លែង​ទោស​នេះ បន្ទាប់ពី​អ្នក​ទាំង​​នោះ សរសេរ​លិខិត​ចេញពី​ពន្ធនាគារ ផ្ញើជូន​សម្តេច ហ៊ុន សែន ចំនួន​២​លើក ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ឲ្យ​ពួកគេ បាន​រួច​ផុតពី​ការឃុំ​ឃាំង​។​
 
​តាមរយៈ​លិ​ខិ​លើក​ទី​២ ដែល​ពួកគេ បាន​សរសេរ​ទៅ​នាយករដ្ឋមន្ត្រី​កម្ពុជា ពួកគេ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទង្វើ​របស់ខ្លួន ដែល​បានធ្វើ​បាតុកម្ម​នៅក្បែរ​ស្ពាន​នាគ ម្តុំ​វត្តភ្នំ កាល​ឆ្នាំ​២០១៣​។ ពួកគេ បាន​សន្យា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពី​ថ្ងៃនេះ​ទៅ យើងខ្ញុំ​ទាំងអស់គ្នា មិន​ចូលរួម​ធ្វើបាតុកម្ម ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដោយ​គ្មាន​ការពិចារណា​ឡើយ​»​។ 
 
​ក្រៅពី​សន្យា​បែបនេះ អ្នក​ទាំងនោះ ក៏​សម្តែង​អារម្មណ៍​នឹក​ក្រុមគ្រួសារ​ផងដែរ ដោយ​រាយរាប់​ពី​ក្តី​អាណិត​របស់​ពួកគេ ចំពោះ​ឪពុកម្តាយ ដែល​ចាស់ជរា ហើយ​កូនៗ​របស់​ពួកគេ ថែមទាំង​បោះបង់​ការសិក្សា​ថែមទៀត​។ 
 
​ក្នុងចំណោម​អ្នក​ទាំង​១៤នាក់ មាន​៣​នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ន​គារ​រយៈពេល​២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹកនាំ​ធ្វើ​កុបកម្ម ហើយ​១១នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ក្រោម​បទ​ចោទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ក្រោយ​បោះឆ្នោត​កាលពី​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ ម្តុំ​វត្តភ្នំ​។
 
៣​នាក់ ដែល​ជាប់ទោស​២០​ឆ្នាំ​ក្នុង​ម្នាក់ៗ រួមមាន លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិ​ទ្ធ និង​លោក ឃី​ន ជំរឿន​។ ចំណែក ១១​នាក់ ដែល​ជាប់ទោស​៧​ឆ្នាំ ក្នុង​ម្នាក់ៗ រួមមាន ស៊ុំ ពុ​ទ្ធី លោក នាង សុ​ឃុន លោក សាន គីមហេង លោក ទេព ណារិន លោក សាន សីហៈ លោក អាន បឋម លោក អ៊ុក ពេជ្រ​សំណាង ​លោក កែ ឃីម លោក យា ថុង លោក យន់ គឹមហួរ និងលោក រឿន ចិត្រា។
 
​អ្នក​ទាំង​១៤​នាក់​ខាងលើ ត្រូវបាន​ឃុំខ្លួន​តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥​មក​។ ក្រោយ​ជាប់ពន្ធនាគារ​បាន​ជាង​៣​ឆ្នាំ ពួកគេ ក៏បាន​រួច​ទោស​ក្នុងថ្ងៃនេះ ក្រោម​អំណាច​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដោយមាន​សម្តេច ហ៊ុន សែន ជា​អ្នកស្នើសុំ​។
 
​ការដោះលែង​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ទាំង​១៣​នាក់​របស់​គណបក្សប្រឆាំង គឺ​ក្រោយ​ការប្រកាស​របស់​សម្តេច ហ៊ុន សែន តែ​២-៣​ថ្ងៃ​ប៉ុណ្ណោះ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាស​ពី​គម្រោង​នៃ​ការដោះលែង​អ្នកទោស​ក្នុង​លក្ខណ​ទ្រង់ទ្រាយ​ធំ​។

យ៉ាងណាក៏ដោយ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​ប្រាប់ថា ការលើកលែងទោស​ឲ្យ​អ្នក​ទាំងនោះ ពុំ​មែនដោយសារតែ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ឡើយ តែ​វា​ជា​ទឹកចិត្ត​របស់ខ្លួន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​។  
 
​ថ្មីៗ​នេះ មនុស្ស​មួយចំនួន ដែល​គេ​ដឹងថា​មិនសូវ​គាំទ្រ​រដ្ឋាភិបាល ត្រូវបាន​ដោះលែង​ជា​ហូរហែ​។ អ្នក​ទាំងនោះ រួមមាន លោក គឹម សុខ អ្នកវិភាគ​នយោបាយ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ លោក អ៊ួ​ន ឈិន​-​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ 
 
​នៅសល់តែ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ ដែល​កំពុង​ជាប់ឃុំ​។ បើ​មើល​តាម​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដែល​កំពុងមាន​ភាពល្អ​ប្រសើរឡើង​បន្តិច​ម្តងៗ​បែបនេះ គេ រំពឹងទុក​ថា លោក កឹម សុខា ក៏​អាច​នឹង​ត្រូវបាន​ដោះលែង​ដែរ ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ 

Tag:
 មាជ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com