ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មិន​ប្រជែង​នឹង​នំ​បរទេស សិប្បកម្ម​ផលិត​នំ​ខ្មែរ​«​នាឡិ​»​បើក​ដំណើរការ ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ​
28, Aug 2018 , 9:19 am        
រូបភាព
​លោក អ៊ិន ចន្ទ​ធារ៉ា បាន​បង្កើត​សិប្បកម្ម​ផលិត​នំ​ខ្មែរ និង​នំ​កែច្នៃ​មួយចំនួនទៀត សរុប​ជាង​៥០​មុខ​ឈ្មោះថា​»​នាឡិ​»​។ កើតចេញពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ «​នាឡិ​» បានចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ប្រមាណ​១​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន «​នាឡិ​» អាច​ផលិត​ខ្មែរ​គ្រប់​ប្រភេទ​បាន​ចំនួន​៦០០០​នំ ក្នុង​១​ថ្ងៃ និង​ចែកចាយ​ទៅកាន់​ដៃគូ​ជាង​៤០​កន្លែង​នៅ​ក្រុងភ្នំពេញ លក់​តាម​អន​ឡាញ និង​ការបញ្ជាទិញ​ផ្ទាល់​ពី​អតិថិជន​។ ដ្បិត​សិប្បកម្ម​ផលិត​នំ​បែប​ប្រពៃណី​មួយ​នេះ កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​អតិថិ​ន​ជន ប៉ុន្តែ​មុននឹង​មាន​ថ្ងៃនេះ ម្ចាស់​សិប្បកម្ម លោក អ៊ិន ចន្ទ​ធារ៉ា  ធ្លាប់​បរាជ័យ​លើ​អាជីវក​កម្ម​ផ្សេង​៦​លើក​រួចហើយ ។ ទោះជា​យ៉ាងនេះ​ក្តី លោក ចន្ទ​ធារ៉ា ជឿជាក់ថា «​នាឡិ​» មិន​បរាជ័យ​ដូច​អាជីវកម្ម​មុនៗ​ទេ ព្រោះ «​នាឡិ​» បានដឹង​ច្បាស់​ពី​តម្រូវការ​ទីផ្សារ សមត្ថភាព​ផលិត​របស់ខ្លួន និង​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ហានិភ័យ​ដែល​នឹង​កើតឡើង​នៅក្នុង​វិស័យនេះ​។

 
​សូម​អញ្ជើញ​អាន​កិច្ច​សម្ភាស​ខាងក្រោម ជុំវិញ​ការបង្កើត​សិប្បកម្ម​ផលិត​ខ្មែរ យីហោ​«​នាឡិ​» រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ និង លោក អ៊ិន ចន្ទ​ធារ៉ា ដែល​ម្ចាស់​សិប្បកម្ម​ដូចតទៅ​៖
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​ហេតុអ្វី​បាន​លោក បង្កើត​សិប្បកម្ម​ផលិត​នំ​ខ្មែរ​នេះ​ឡើង ខណៈដែល​នំ​បរទេស​ជាច្រើន​ប្រភេទ កំពុងមាន​វត្ត​មាននៅ​ទីផ្សារ​កម្ពុជា​?
 
​លោក អ៊ិន ចន្ទ​ធារ៉ា​៖ ដោយ​មើលឃើញ​អ្វី​នៅ​ជុំវិញខ្លួន​មាន​ស្រាប់ ទៅលើ​មុខរបរ​ឪពុក​-​ម្តាយ ដែល​ធ្វើ​នំ​ខ្មែរ​លក់​ប្រចាំថ្ងៃ រួមផ្សំ​ជាមួយនឹង​ក្ដី​ស្រឡាញ់​ចូលចិត្ត និង​ការពារ​នំ​ខ្មែរ ខ្ញុំ​បានសម្រេច​ចិត្ត​បង្កើត​សិប្ប​កម្មនេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ម្យ៉ាងវិញទៀត ដោយ​ឃើញថា វា​ជា​តម្រូវការ​ទីផ្សារ ជា​ចំណុចខ្លាំង និង​ជោគជ័យ​លើ​ការបង្កើត​សិប្បកម្ម​នេះ​ឡើង​ក្នុងការ​ឈរជើង​នៅលើ​ទីផ្សារ​។ ការឈរជើង​នៅលើ​ទីផ្សារ​នេះ «​នាឡិ​» មិន​ផ្តោតទៅលើ​ការប្រកួតប្រជែង​ជាមួយ​នំ​បរទេស​ទេ​។ មានន័យថា តម្រូវការ​មាន​មួយផ្នែក​ម្នាក់​ពី​អតិថិជន គ្រាន់តែ​អតិ​ជន​ទាំងនោះ មិនដឹង​ស្វែងរក​នំ​ខ្មែរ​ដែលមាន​ស្តង់ដារ និង​អនាម័យ​នៅ​កន្លែង​ណា​។ មួយវិញទៀត ខ្ញុំ​មាន​ឆន្ទៈ​ចូលរួម​ឲ្យ​ប្រជាជន​ខ្មែរ ងាក​មក​គាំ​ទ្រនំ​ខ្មែរ ឬ​នំ​ប្រពៃណី​វិញ ដែលជា​អត្តសញ្ញាណ​ជាតិ​។ 


 
​កញ្ញា អ៊ូ សុខ​មាន​៖ មាន​អាជីវកម្ម​ថ្មី​ជាច្រើន​ដែល​បាន​បើក ហើយ​បាន​បិទ​ទៅវិញ តើ​លោក​ធ្លាប់​គិត​លើ​ចំណុច​នេះដែរ​ឬទេ​? 
 
​លោក អ៊ិន ចន្ទ​ធារ៉ា​៖ អាស្រ័យទៅលើ​បទពិសោធន៍​ជាង​១៥​ឆ្នាំ ក្នុង​វិស័យ​អាជីវកម្ម​ដែល​ធ្លាប់​បរាជ័យ និង​ការ​អន់ចិត្ត​ផង រួមផ្សំ​ជាមួយ​ការជឿជាក់ និង​ការធ្វើការ​ចេញពី​បេះ​ដួង ជាមួយនឹង​ការលើកទឹកចិត្ត​ពី​មនុស្ស​នៅ​ជុំវិញ និង​សង្គម​ផង សិប្ប​កម្មនេះ នឹងមិន​បរាជ័យ​ដូច​អាជីវកម្ម​ដទៃ​ទេ ព្រោះ​បច្ចុប្បន្ន សិប្ប​កម្មនេះ មាន​យុទ្ធសាស្ត្រ និង​ផែនការ​ច្បាស់លាស់ ដោយ​មិន​ធ្វើតាម​ការស្រមើស្រមៃ និង​មិនមាន​បទពិសោធន៍​នោះទេ​។ អ្វី​ជា​យុទ្ធសាស្ត្រ​នោះ គឺ​ដឹង​ពី​តម្រូវការ​ទីផ្សារ​ច្បាស់លាស់ ដឹង​ពី​សមត្ថភាព​ផលិត​ច្បាស់លាស់ និង​ដឹង​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង នៅក្នុង​វិស័យ​របស់​យើង​ច្បាស់​។​

​កញ្ញា អ៊ូ សុខ​មាន​៖ សិប្បកម្ម​ផលិត​នំ​ខ្មែរ​របស់លោក ដែល​បាន​បង្កើតឡើង មកដល់ពេលនេះ អាច​រកប្រាក់​ចំណេញ​បាន​ឬ​នៅ​?
 
​លោក អ៊ិន ចន្ទ​ធារ៉ា​៖ សិប្បកម្ម​ផលិត​នំ​ខ្មែរ​នេះ មិនទាន់​រកប្រាក់​ចំណេញ​បាន គ្រាន់តែ​អាច​ទប់​ទល់នឹង​ការចំណាយ​ជាប្រចាំ​បាន​។ ប​ច្ច​ប្បន្ន យើង​កំពុង​ដោះស្រាយ​បញ្ហា​ជាច្រើន ទាំង​ទៅលើ​បច្ចេកទេស​នៃ​ការផលិត ការរក្សា​ទុក​នំ​កុំ​ឲ្យ​ឆាប់​ខូចគុណភាព ការរក្សា​រសជាតិ​ដើម និង​វត្ថុធាតុដើម នៅក្នុង​សិប្បកម្ម​។ បើ​និយាយ​ពី​ការ​ចំណេញ​សិប្បកម្ម​ផលិត​នំ​ខ្មែរ គឺអាច​រក​ចំណេញ​បាន​តាំងពី​ចាប់​ដំបូង ប៉ុន្តែ​អ្វីដែល​«​នាឡិ​» ក៏​ដូច​អាជីវកម្ម​ដទៃ​ចង់បាន​នោះ គឺ​ភាព​ចំណេញ​យូរអង្វែង ជាមួយ​ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​អតិថិជន​របស់ខ្លួន​។​
 
កញ្ញា អ៊ូ សុខ​មាន​៖ តើ​រយៈពេល​មួយឆ្នាំ​នេះ​សិប្បកម្ម​របស់លោក អាច​ផលិត​នំ​បាន​ប៉ុន្មាន​ប្រភេទ​? មាន​ដៃគូ​ចែកចាយ​បន្ត​ប៉ុន្មាន​កន្លែង​ដែរ​?



​លោក អ៊ិន ចន្ទ​ធារ៉ា​៖ បច្ចុប្បន្ន​សិប្បកម្ម​ផលិត​ខ្មែរ​នេះ អាច​ផលិត​នំ​បាន​ជាង​៥០​មុខ ក្នុងនោះ មាន​នំ​ប្រពៃណី​ខ្មែរ​គ្រប់​ប្រភេទ នំ​កែ​ច្នែ និង​ចាហួយ​ដូង​ជាដើម​។ សម្រាប់​ដៃគូ​ចែកចាយ​លក់​នំ​បន្ត​វិញ  មាន​ជាង​៤០​កន្លែង ក្នុង​ក្រុងភ្នំពេញ ដែលមាន​ផ្សារ​ទំនើប មាន​ហាង​កាហ្វេ មាន​ភោជនីយដ្ឋាន  និង​ហាង​លក់​បន្លែ​ធម្មជាតិ រួមទាំង​ដៃគូ​ចែកចាយ​ជាច្រើន​កន្លែង​ផ្សេងទៀត​។ 
 
​កញ្ញា អ៊ូ សុខ​មាន​៖ តើ​ក្នុង​មួយថ្ងៃ ចង្វាក់​ផលិតកម្ម​របស់លោក អាច​ផលិត​នំ​បាន​ចំនួន​ប៉ុន្មាន​?
 
​លោក អ៊ិន ចន្ទ​ធារ៉ា​៖  ជាប្រចាំ​ក្នុង​មួយថ្ងៃ​សិប្ប​កម្មនេះ ផលិត​បាន​ចំនួន​៦០០០​នំ​។ ក្នុងនោះ​មាន​៤០០០​នំ សម្រាប់​ផ្គត់ផ្គង់​ទៅ​ឲ្យ​ដៃគូ​ចែកចាយ​លក់​បន្ត  និង​២០០០​នំ​ទៀត សម្រាប់​អ​ថិ​តិ​ជន​មក​ទិញ​ដល់​កន្លែង  និង​បញ្ជា​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ដោយឡែក ថ្ងៃ​ខ្លះ​យើង​អាច​ផលិត​នំ​លើសពី​បរិមាណ​ប្រចាំថ្ងៃ ព្រោះ​មាន​ភ្ញៀវ​បញ្ជា​ទិញ​ផ្ទាល់ សម្រាប់​ពិធី​ផ្សេងៗ ដូចជា​ពិធីមង្គលការ និង​ពិធីបុណ្យ​ជាដើម​៕
 







Tag:
 សិប្បកម្ម​
 ​អាជីវកម្ម​
 ​នំ​ខ្មែរ​
 ​នាឡិ​
 ​អ៊ិន ចន្ទ​ធារ៉ា​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com