អន្តរជាតិ
មន្ត្រី​ជប៉ុន​និង​កូរ៉េខាងជើង​លួច​ជួបគ្នា​នៅ​វៀតណាម ដោយ​មិន​ប្រាប់​អាមេរិក​
29, Aug 2018 , 12:19 pm        
រូបភាព
រូបភាព Kyodo
រូបភាព Kyodo
​មន្ត្រី​ជប៉ុន និង​កូរ៉េខាងជើង បាន​ជួបគ្នា​ដោយ​ស្ងាត់ៗ​នៅ​វៀតណាម​អំឡុង​ខែកក្កដា ដោយ​មិនបាន​ប្រាប់​អាមេរិក​អ្វី​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អាមេរិក The Washington Post ។ ជំនួប​សម្ងាត់​នេះ ធ្វើឡើង​ក៏​ព្រោះតែ​ជប៉ុន​ចង់​និយាយ​ជាមួយ​កូរ៉េខាងជើង​ដោយផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន ជាជាង​ពឹង​ផ្អែកលើ​អាមេរិក​។ មន្ត្រី​ក្រុង​តូ​ក្យូ​បារម្ភ​ថា ក្រុង​វ៉ាស៊ីនតោន​មិនអាច​នាំយក​ការព្រួយបារម្ភ​ទៅប្រាប់​ក្រុង​ព្យុងយ៉ាង​បានឡើយ​។

 
​សារព័ត៌មាន​អាមេរិក The Washington Post បាន​ផ្សាយ​នៅ​ថ្ងៃទី​២៨ ខែសីហា​ថា មន្ត្រី​ជប៉ុន និង​កូរ៉េខាងជើង​បាន​ជួបចរចា​ដោយ​លាក់បាំង​ពី​ភ្នែក​ច្រមុះ​របស់​អាមេរិក​។ ជំនួប​រវាង​លោក Shigeru Kitamura ជា​ប្រធានការិយាល័យ​ចារកម្ម និង​ស្រាវជ្រាវ​នៃ​គណៈរដ្ឋមន្ត្រី​ជប៉ុន ជាមួយ​ប្រធានការិយាល័យ​នៃ​គណៈកម្មាធិការ​បង្រួបបង្រួម​កូរ៉េ Kim Song-hye ធ្វើឡើង​នៅឯ​ប្រទេស​អាស៊ីអាគ្នេយ៍​វៀតណាម​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ខាងលើ​បន្តថា មន្ត្រីជាន់ខ្ពស់​អាមេរិក​មិន​រីករាយ​ឡើយ ព្រោះ​ជប៉ុន​ហ៊ាន​ជួប​កូរ៉េខាងជើង​ដោយ​មិនបាន​ប្រាប់​ខ្លួន​។ ហើយ​ម្យ៉ាង​ការមិន​ពេញចិត្ត​នេះ ក៏​ព្រោះតែ​អាមេរិក​បាន​ជូនដំណឹង​ទៅ​ជប៉ុន​ពាក់ព័ន្ធ​ការចរចា​របស់ខ្លួន​ជាមួយ​កូរ៉េខាងជើង តែ​ជប៉ុន​បែរជា​ទៅ​ជួប​ដោយ​លួចលាក់​ទៅវិញ​។​
 
​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ​ដែល​គំរាម​សន្តិសុខ​ខ្លួន​នោះ ទំនាក់ទំនង​រវាង​ជប៉ុន និង​កូរ៉េខាងជើង​រាំងស្ទះ​ដោយសារតែ​ការចាប់​ជំរិត​ជនជាតិ​ជប៉ុន​ក្នុង​ទសវត្សរ៍​ទី​៧០ និង​ទី​៨០ ។ បញ្ហា​នេះ នៅតែ​ជា​ដុំថ្ម​នៅ​ចំ​កណ្ដាល​ទំនាក់ទំនង​ទ្វេភាគី​រាប់សិប​ឆ្នាំ​ដដែល​។ កន្លងមក ក្រុង​ព្យុងយ៉ាង​ធា្ល​ប់​សារភាពថា​ខ្លួន​ពិត​បាន​ចាប់ជំរិត​ជនជាតិ​ជប៉ុន​១៣​នាក់​មែន​។ ក្នុងចំណោម​នាក់​នោះ មាន​៥​នាក់​ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ហើយ និង​៨​នាក់​ផ្សេងទៀត​គឺ​បាន​ស្លាប់​ហើយ​។​
 
​តាមរយៈ​ការចរចា​ដោយផ្ទាល់​រវាង​អាមេរិក និង​កូរ៉េខាងជើង ជប៉ុន​បានស្នើ​ឲ្យ​អាមេរិក​ជួយ​លើកឡើង​ពី​ចាប់ជំរិត​នេះ​ផង​។ យ៉ាងណាមិញ មន្ត្រី​ក្រុង​តូ​ក្យូ​ជឿថា ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ ជប៉ុន​មិនអាច​ដេកចាំ​អាមេរិក​ឲ្យ​ជួយ​បានទេ ហើយក៏​មិនអាច​ពឹង​លើ​អាមេរិក​ឲ្យ​ធ្វើជា​តំណាង​របស់ខ្លួន​ក្នុង​ការជជែក​ជាមួយ​កូរ៉េខាងជើង​ដែរ​។​
 
​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏​ប្រកាស​ជំហរ​ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​ចាប់ជំរិត​ជនជាតិ​ខ្លួន​។ ក្នុងចំណោម​មេដឹកនាំ​ប្រទេស​ធំៗ​ដែលជា​តួអង្គ​ជាប់​ពាក់ព័ន្ធ​ជាមួយ​កូរ៉េខាងជើង មានតែ​លោក អា​បេ តែមួយគត់ មិនទាន់​ជួប​លោក គីម ។ លោក គីម បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បី​ដង​, ជួប​ប្រ​ធា​ធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ពីរដង និង​ជួប​មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ម្ដង​ដែរ​៕
 

Tag:
 ជប៉ុន​
  កូរ៉េខាងជើង​
  អាមេរិក​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com