កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​ចាញ់​២​ក្នុងចំណោម​៣​ប្រកួត​ដំបូង តែ Man Utd នៅតែ​ជឿជាក់ Mourinho
29, Aug 2018 , 4:15 pm        
រូបភាព
​លោក Jose Mourinho នៅតែ​ទទួលបាន​ការគាំទ្រ​ពី​ក្លិប Manchester United ដដែល​បើទោះជា​ដឹកនាំ​ក្រុម​ចាញ់ Tottenham Hotspur ក្នុង​លទ្ធផល ៣-០ កាលពី​រាត្រី​ថ្ងៃទី​២៧ ខែសីហា និង​ជា​បរាជ័យ​២​លើក​ជាប់​គ្នា​ក្នុងចំណោម​៣​ប្រកួត​ដំបូង​ក៏ដោយ​។​


 
​ក្រុម​រហស្សនាម​បិសាច​ក្រហម បាន​ស្គាល់​រសជាតិ​ចាញ់​២​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ដំបូង​នៃ​ក្របខណ្ឌ Premier League រដូវ​កាល ២០១៨-២០១៩ របស់​ពួកគេ​ជា​លើកដំបូង ចាប់តាំងពី​បរាជ័យ​បែបនេះ​កាលពី​រដូវ​កាល​១៩៩២-១៩៩៣​មក ពោលគឺ​កាលពី​២៦​ឆ្នាំមុន​។​
 
​សម្រាប់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៥​ឆ្នាំ នេះ​ក៏​ជា​ប្រវត្តិ​ដឹកនាំ​អាក្រក់​បំផុត​ក្នុង​អាជីព​លើកដំបូង​ផងដែរ​ក្រោយ​នាំ Man Utd ចាញ់ ២​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ដំបូង​។​
​បើតាម​ការផ្សាយ​របស់ BBC បើទោះជា​បរាជ័យ​យ៉ាងនេះ​ក្តី ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​នៅ Old Trafford នៅតែ​គាំទ្រ និង​លើកទឹកចិត្ត​ដោយនិយាយ​បញ្ចុះបញ្ចូល Mourinho ថា​នៅតែ​អាច​បង្វែរ​ស្ថានភាព​អាក្រក់​នេះ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ​ជាក់​ជាមិនខាន​។​
 
 Mourinho នៅតែ​ស្ថិតក្នុង​ទីលាន​ដើម្បី​អបអរ​ក្រុម និង​អ្នកគាំទ្រ​បន្ទាប់ពី​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ធ្ងន់ធ្ង​មិន​ធ្លាប់មាន​ពីមុនមក​ក្រោម​ថ្វី​ជើង​ក្រុម Spurs និង​បាន​សរសើរ​ពួកគេ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ទៀតផង​។​
 
​ប៉ុន្តែ​នៅពេល​អ្នកកាសែត​សួរ​អំពី​បញ្ហា​តំបន់​ពារ​របស់ Man United នៅក្នុង​សន្និសីទ​សារព័ត៌មាន អតីត​អ្នកចាត់ការ Chelsea និង Real Madrid រូបនេះ​បែ​ជា​ប្រ​ត្តិ​កម្ម​ដោយ​លើក​ម្រាមដៃ​៣​សួរ​ទៅកាន់​អ្នកកាសែត​វិញ​ថា​៖ «​តើ​អ្នក​ដឹក​ថា​លទ្ធផល​៣-០ ជា​អ្វី​ទេ​? តើ​អ្នក​ដឹងថា​វា​មានន័យ​ដូចម្ដេច​ទេ​? មានន័យថា Premier League ៣​ដង​។ ខ្ញុំ​បានឈ្នះ​ពានរង្វាន់ Premier League តែឯង​ច្រើនជាង​អ្នកចាត់ការ​១៩​នាក់​ផ្សេងទៀត​នៅពេលនេះ​។ ៣​សម្រាប់​ខ្ញុំ និង​២​សម្រាប់​ពួកគេ​»​។ លោក​បានទាមទារ​ឲ្យ​អ្នកកាសែត​សួរ​សំណួរ​ដោយ​ផ្តល់​ការគោរព​ចំពោះ​លោក ហើយក៏​ងើប​ចេញពី​កៅអី​ដើរចេញ​តែម្តង​។​
 
​អ្នកចាត់ការ​រហស្សនាម Special One បាន​ដឹកនាំ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ នៅ​ឆ្នាំ ២០១៦ ដោយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ League Cup និង Europa League ក្នុង​រដូវ​កាល​ដំបូង​នៅពេលដែល​ពួកគេ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៦ នៅ Premier League៕
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com