កីឡាអន្តរជាតិ
អន្តរជាតិ
​មន្ត្រី FIFA ម្នាក់ទៀត​ត្រូវ​ជាប់គុក​៩​ឆ្នាំ​ក្នុង​សំណុំរឿង​ពុករលួយ​ជាង​២០០​លាន​ដុល្លារ​
30, Aug 2018 , 9:59 pm        
រូបភាព
លោក Juan Angel Napout នឹងក្រុមគ្រួសារ
លោក Juan Angel Napout នឹងក្រុមគ្រួសារ
​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (CSF) លោក Juan Angel Napout នៅ​ថ្ងៃទី​២៩ ខែសីហា ត្រូវបាន​តុលាការ​អាមេរិក​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៩​ឆ្នាំ សម្រាប់​តួនាទី​របស់លោក​នៅក្នុង​រឿងអាស្រូវ​អំពើពុករលួយ​របស់ FIFA​។​


 
​លោក Napout ជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ចំនួន​៧​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Zurich ប្រទេស​ស្វី​ស​កាលពី​ខែឧសភា ឆ្នាំ​២០១៥​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការកាត់ទោស​បុរស​ជ​ន​ជាតិ​ប៉ា​រ៉ា​ហ្គា​យ វ័យ​៦០​ឆ្នាំនេះ ធ្វើឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​មន្ត្រី FIFA ម្នាក់ទៀត ដែលជា​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) លោក Jose Maria Marin ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគា​រយៈពេល ៤​ឆ្នាំ​ជុំវិញ​អំពើពុករលួយ​ដូចគ្នា​ក្នុង​វិស័យ​កីឡាបាល់ទាត់​។​
 
​លោក Napout ដែលជា​អតីត​ប្រធាន​កីឡាបាល់ទាត់​ប៉ា​រ៉ា​ហ្គា​យ​ដែរនោះ ត្រូវបាន​ក្រុម​រដ្ឋអាជ្ញា​អាមេរិក​ចោទប្រកាន់​ពីបទ​ពុករលួយ​ចំនួន​៣ ទាក់ទង​នឹង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន​ទីផ្សារ​កីឡា​មួយ​ដើម្បី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ ជា​ថ្នូរ​នឹង​ការ​សូកប៉ាន់​រាប់លាន​ដុល្លារ​។ 
 
​សរុប​ទាំងអស់​មន្ត្រី​និង​នាយក​ប្រតិបត្តិ​ទីផ្សារ ៤២ នាក់​ក៏ដូចជា​ក្រុមហ៊ុន​កីឡា Traffic ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ចំនួន​ទឹកប្រាក់​សរុប​ជាង ២០០​លាន​ដុល្លារ​ឯណោះ​។​
 
​ការជំនុំជម្រះ​កាលពី​ឆ្នាំ ២០១៧ ទៅលើ​លោក Napout និង Maria Marin វ័យ​៨៦​ឆ្នាំ មិនបាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​អំពើពុករលួយ​នោះទេ ប៉ុន្តែ​ជីវិត​រស់នៅ​ដ៏​ស៊ី​វិ​ល័យ​លើសលុប​របស់​អ្នក​ទាំង​២ ក្នុងនាម​ជា​មន្ត្រី​របស់ FIFA បានធ្វើ​ឲ្យ​មានការ​សង្ស័យ និង​ស៊ើបអង្កេត​បន្ត រហូត​ឈានដល់​ការដាក់ទោស​ក្នុង​ពន្ធនាគារ​នេះ​។​
 
​ព្រះរាជអាជ្ញា​បាន​រៀបរាប់​ពី​របៀប​រស់នៅ​លំដាប់​ខ្ពស់​របស់​អ្នក​ទាំងពីរ​ជាមួយនឹង​ការប្រើប្រាស់​របស់ទំនើបៗ​ដូចជា មាន​អ្នកបើក​យន្តហោះ​ផ្ទាល់ខ្លួន មាន​យន្តហោះ​ឯកជន សណ្ឋាគារ​ប្រណីត មាន​រមណីយដ្ឋាន​ពិសេស​នៅលើ​កោះ Bahamas និង Mauritius និង​កន្លែង​ជិះទូក​កំសាន្ត​ជា​លក្ខណ​គ្រួសារ​នៅ​ទន្លេ​ល្បីឈ្មោះ​នៅ​អឺរ៉ុប Danube ទៀតផង​៕
 

Tag:
 បាល់ទាត់​
  FIFA
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com