ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ​ខណ្ឌទួលគោក ចុះ​ដកហូត​សៀវភៅ​បោះ​ពុ​ម្ព​ផ្សាយ​របស់លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​CNRP
02, Sep 2018 , 12:36 pm        
រូបភាព
ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌទួលគោក បាន​ដកហូត​សៀវភៅ​ជាច្រើន​ក្បាល របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បោះ​ពុ​ម្ព​ផ្សាយ និង​ចែកចាយ​លក់​នៅតាម​តូប​លក់​សៀវភៅ ដោយ​គ្មាន​ការអនុញ្ញាត​។​

 
​អភិបាលខណ្ឌ​ទួលគោក លោក ឯក ឃុន​ជឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូល​ហេតុដែល​អាជ្ញាធរ​ចុះ​ប្រមូល​សៀវភៅ​ទាំងនោះ គឺ​ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រឹមត្រូវ​។​« រាល់​ការបោះ​ពុ​ម្ព​ផ្សាយ​សៀវភៅ និង​ចែកចាយ​លក់ លុះត្រា​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ ព្រោះ​យើង​ក៏បាន​សហការ​ជាមួយ​ពួកគាត់​(​ខាង​ក្រសួង​)»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឯក ឃុន​ជឿន​។​
 
​អភិបាលខណ្ឌ​រូបនេះ បាន​និយាយថា អ្នក​ចែកចាយ​លក់​សៀវភៅ​នេះ គឺជា​ជំនួយការ​លោក យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែ​អាជ្ញាធរ​បាន​ណែនាំ​រូបគេ ឲ្យ​បញ្ឈប់​សកម្មភាព​ចែកចាយ​សៀវភៅ​នេះ​ទៀត​។ សៀវភៅ​របស់លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បោះពុម្ពផ្សាយ ហើយ​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា ខុសច្បាប់​នេះ មាន​ចំណងជើង​ថា «​ចក្ខុវិស័យ​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ការរៀបចំ​សង្គមជាតិ »​។​
 
​អភិបាលខណ្ឌ​ទួលគោក បាន​ដកហូត​សៀវភៅ​ជាង​២០​ក្បាល នៅ​តូប​លក់​កាសែត ជាប់​របង​វិទ្យាល័យ​សន្ធរម៉ុក ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដើម្បី​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក យ៉ែម បុញ្ញឫទ្ធិ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ ការដកហូត​សៀវភៅ ដែល​លោក​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នេះ​នៅឡើយ​ទេ​៕
 
 
 

Tag:
 ​យ៉ែម បុញ្ញឫទ្ធិ​
  CNRP
  ឯក ឃុន​ជឿន
© រក្សាសិទ្ធិដោយ thmeythmey.com