ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​ភៀសខ្លួន​ជាមួយ​កូនស្រី​ទៅ​កន្លែង​សុវត្ថិភាព​
02, Sep 2018 , 2:49 pm        
រូបភាព
ដោយ: VOA
 
​អ្នកវិភាគ​នយោបាយ​ស​ង្គ​ម លោក គឹម សុខ និង​កូនស្រី​របស់លោក​ម្នាក់ទៀត​អាយុ​៦​ឆ្នាំ​បាន​ភៀសខ្លួន​ដល់ទី​មាន​សុវត្ថិភាព​ហើយ​កាលពី​ថ្ងៃទី​៣០ ខែសីហា​កន្លងទៅ​។ នេះ​បើតាម​ប្រភព​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​គួរ​ឲ្យ​ទុកចិត្ត​តែ​មិនទាន់មាន​ការបញ្ជាក់​ពី​លោក គឹម សុខ ផ្ទាល់​។​

 
​ការ​ភៀសខ្លួន​របស់​អ្នកវិភាគ​សង្គម​រូបនេះ​ធ្វើឡើង​ក្រោយពេល​លោក ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន​លោក​ឡើងវិញ ប្រសិនបើ​អ្នកវិភាគ​រូបនេះ នៅតែ​ហ៊ាន​និយាយ​រិះគន់​របប​ក្រុងភ្នំពេញ​តទៅទៀត​នោះ​។​
 
​លោក គឹម សុខ ត្រូវបាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃទី​១៧ ខែសីហា ក្រោយពី​លោក​ជាប់ពន្ធនាគារ​អស់​រយៈពេល​១៨​ខែ គ្រប់​អាជ្ញា​យុ​កាល​ដោយសារ លោក ហ៊ុន សែន ប្តឹង​រូបលោក​ថា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បាញ់សម្លាប់​លោ​កប​ណ្ឌិ​ត កែម ឡី​។​
 
​ប៉ុន្តែ​លោក គឹម សុខ នៅជាប់​ក្នុង​សំណុំរឿង​មួយទៀត​ពី​ការ​ចោទថា រដ្ឋាភិបាល​លោក ហ៊ុន សែន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនឃើញ​។​
​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៩​ខែសីហា អះអាងថា លោក គឹម សុខ នៅ​មិនទាន់​បង់ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​គណបក្សកាន់អំណាច​នៅឡើយ​ទេ ក្រោយពេល​ចេញពី​ពន្ធនាគារ​ក្នុង​សំណុំរឿង​ទីមួយ​នោះ​។​
 
​ជាការ​ឆ្លើយតប​លោក គឹម សុខ បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​គ្មាន​លុយ​សង​លោក ហ៊ុន សែន នោះទេ គឺ​មានតែ​បេះដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ ហើយ​បើ​លោក​ហ៊ុន សែន​ចង់បាន​បេះដូង​របស់លោក​ទៀត​នោះ គឺ​មានតែ​បញ្ជា​ឲ្យ​សភា​ឯក​បក្ស​ថ្មី​របស់លោក​ធ្វើ​ច្បាប់​ថ្មី​មួយ​ដើម្បី​វះកាត់​យក​បេះដូង​របស់លោក​ទៅ​៕​

Tag:
 គឹម សុខ
© រក្សាសិទ្ធិដោយ thmeythmey.com