ជាតិ
នយោបាយជាតិ
ខួបមួយឆ្នាំ នៃការឃុំខ្លួនលោក កឹម សុខា
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ កញ្ញានេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការឃុំខ្លួនរយៈពេល១ឆ្នាំហើយ ពាក់ព័ន្ធនឹងករណីឃុបឃិតជាមួយបរទេស។ បទចោទលោក កឹម សុខា កំពុងស្ថិតនៅក្នុងនីតិវិធីស៊ើបអង្កេតរបស់តុលាការ។
ថ្ងៃនេះ ឆ្នាំមុន លោក កឹម សុខា ត្រូវបានសមត្ថកិច្ច និងកងកម្លាំងចម្រុះឡោមព័ទ្ធផ្ទះ និងចូលឃាត់ខ្លួនទាំងកណ្ដាលអាធ្រាត (យប់ថ្ងៃទី២ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧) ក្រោយមានការសង្ស័យថា លោក កឹម សុខា លួចទាក់ទងសម្ងាត់ជាមួយបរទេស ដើម្បីផ្ដួលរលំរដ្ឋាភិបាល។ ការឃាត់ខ្លួនលោក កឹម សុខា នេះ គឺសមត្ថកិច្ចនិងតុលាការ ពឹងផ្អែកលើវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រនៅក្រៅប្រទេស តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្នុងវីដេអូឃ្លីបនោះ លោក កឹម សុខា បានលើកឡើងថា លោក មានអ្នកជំនាញដែលជាជនបរទេសនៅពីក្រោយ ដើម្បីជ្រោមជ្រែងក្នុងការផ្លាស់ប្តូររដ្ឋាភិបាលកម្ពុជា។ ភ្លាមៗបន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ច ក៏ដឹកលោក ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។
មួយថ្ងៃបន្ទាប់នៃការឃាត់ខ្លួននេះ តុលាការបានចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស មានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៤៣ ដែលបទល្មើសនេះ ស្ថិតនៅក្នុងក្របខណ្ឌនៃអំពើក្បត់ជាតិ។ បើតាមក្រមព្រហ្មទណ្ឌ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ ឆ្នាំ។
បច្ចុប្បន្នលោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ក្នុងរយៈពេលមួយឆ្នាំមកនេះ។ ហើយកាលពីពេលថ្មីៗនេះចៅក្រមស៊ើបសួរ ក៏បានសម្រេចពន្យាពេល៦ខែទៀតជាលើកទី២ ដើម្បីបន្តការស៊ើបសួរបន្ថែមពីរឿងក្តីរបស់លោក កឹម សុខា មុននឹងតុលាការអាចធ្វើសេចក្តីសម្រេច ឬចេញដីកាដំណោះស្រាយ។ ជាទូទៅ ដីកាដំណោះស្រាយ តែងមានការសម្រេចពីរយ៉ាង គឺបិទការស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ឬក៏ដោះលែងជនត្រូវចោទ (លោក កឹម សុខា) ឲ្យនៅក្រៅឃុំ។ នេះបើតាមមេធាវីលោក កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com