អន្តរជាតិ
ថៃ​៖ ក្បាលម៉ាស៊ីន​យោធា​ថ្មី នឹង​ជួយ​លោក ប្រា​យុទ្ធ បន្តអំណាច​?
03, Sep 2018 , 9:19 pm        
រូបភាព
ឧត្តមសេនីយ៍ Apirat Kongsompong មេបញ្ជាការទ័ពជើងគោកថ្មី (រូបភាព Bangkok Post)
ឧត្តមសេនីយ៍ Apirat Kongsompong មេបញ្ជាការទ័ពជើងគោកថ្មី (រូបភាព Bangkok Post)
​​មហាក្សត្រ​ថៃ ព្រះ​ចៅ​រាមា​ទី​១០ នៅ​ថ្ងៃទី​១ ខែកញ្ញា បាន​យល់ព្រម​លើ​បញ្ជី​សមាសភាព​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong កូនប្រុស​អតីត​មេទ័ព​ដែល​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩១ ឡើងជា​មេបញ្ជាការ​កងទ័ពជើងគោក ដែលជា​តំណែង​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ជួរ​កងទ័ព​ថៃ​។ ដ្បិត​ជាការ​ផ្លាស់ប្ដូរ​ប្រចាំឆ្នាំ​ក្ដី ក្បាលម៉ាស៊ីន​កងទ័ព​នេះ នឹង​ដើរតួ​សំខាន់​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​។ តើ​ក្បាលម៉ាស៊ីន​យោធា​ថ្មី នឹង​ជួយ​លោក ប្រា​យុទ្ធ ឲ្យ​បន្តអំណាច​ទៀត​?

 
​មុន​ការបោះឆ្នោត​ទូទៅ​ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋាភិបាលយោធា​ថៃ​បាន​ផ្លាស់ប្ដូរ​មន្ត្រី​យោធា​កាន់តំណែង​គ្រាក់ៗ​ក្នុង​ជួរ​កងទ័ព​ថៃ​។ នៅ​ថ្ងៃទី​១ ខែកញ្ញា មហាក្សត្រ​ថៃ មហា​វ​ជិ​រាល​ង្ក​រណ៍ បាន​យល់ព្រម​លើ​សំណើ​តែងតាំង​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​ជាច្រើន ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ ការផ្លាស់ប្ដូរ​នេះ នឹង​ចូល​ជា​ធរមាន​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១ ខែតុលា បន្ទាប់ពី​ចុះ​ក្នុង​រាជកិច្ច​រួចមក​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ឧ​ត្ត​ម​សេនីយ៍  Apirat Kongsompong ដែលជា​មេបញ្ជាការរង​ទ័ពជើងគោក​ភូមិន្ទ​ថៃ នឹង​ឡើងជា​តំណែង​មេបញ្ជាការ​ជំនួស​ឧ​ត្ត​ម​សេនីយ៍ Chalermchai Sitthisad ដែល​ចូលនិវត្តន៍​។ សម្រាប់​ទ័ពជើងទឹក នាយ​ឧ​ត្ត​មនា​វី Luechai Ruddit នឹង​ជំនួស​នាយ​ឧ​ត្ត​មនា​វី Naris Prathumsuwan ឯ​នៅ​ទីបញ្ជាការ​ទ័ព​ជើង​អាកាស​វិញ ឧ​ត្ត​ម​សេនីយ៍ Johm Rungswang ត្រូវ​ចូលនិវត្តន៍ ហើយ​មេបញ្ជាការ​ថ្មី គឺ​ឧ​ត្ត​ម​សេនីយ៍ Chaipruek Dissayasarin ។ 
 
​ក្នុងការ​រុះរើ​តំណែង​ក្នុង​ជួរ​យោធា​ដែលមាន​មន្ត្រី​ចាប់​ថ្នាក់​វរសេនីយ៍​ឡើងទៅ តំណែង​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ​ក៏​ត្រូវបាន​ផ្លាស់ប្ដូរ​ដែរ​។ ឧ​ត្ត​ម​សេនីយ៍ Pornpipat Benyasri ជា​នាយសេនាធិការ​កង​ទ័ព នឹងត្រូវ​ឡើង​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជំនួស​ឧ​ត្ត​ម​សេនីយ៍ Thanchaiyan Srisuwan ។ ទោះ​កាន់តំណែង​កំពូល​មែន តែ​លោក Benyasri មិនសូវមាន​អំណាច​ដូច​តំណែង​មេទ័ព​ជើងគោក​នោះឡើយ​។​
 
១. មេទ័ព​ជើងគោក​ថ្មី បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ និង​មាន​ឪពុក​ជា​មេ​រដ្ឋប្រហារ​ឆ្នាំ​១៩៩១
 
​ក្នុង​ជួរ​យោធា​ថៃ តំណែង​មេទ័ព​ជើងគោក គឺជា​តំណែង​ដ៏​មាន​ឥទ្ធិពល​។ តាម​ប្រវត្តិសាស្ត្រ​របស់​ថៃ រដ្ឋប្រហារ​យោធា​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​មួយ គឺ​តែងតែ​ដឹកនាំ​ដោយ​មេទ័ព​ជើងគោក​តែម្ដង​។ រដ្ឋប្រហារ​ឆ្នាំ​២០០៦ ដែល​ទម្លាក់​រដ្ឋាភិបាល​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ផ្ដើមគំនិត​ដោយ​ឧ​ត្ត​ម​សេនីយ៍ Sonthi Boonyaratglin ឯ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​ដណ្ដើម​ពី​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ក៏​ដឹកនាំ​ដោយ​មេទ័ព​ជើងគោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដែលជា​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ​។​
 
​ប្រមុខ​ទ័ពជើងគោក​ថ្មី លោក Apirat ក៏មាន​ប្រវត្តិ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែរ​។ កាលនោះ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​កាន់តំណែង​ជា​មេបញ្ជាការ​កងពលធំ​ទីមួយ ឬ​កង​អង្គរក្ស​ស្ដេច ដែលជា​អង្គភាព​មួយ​ដើរតួនាទី​សំខាន់​ក្នុង​រដ្ឋប្រហារ​របស់​យោធា ដ្បិត​ជា​កងពល​ដែល​ទទួលខុសត្រូវ​ប្រចាំ​រាជធានី​បាងកក​។ ឪពុក​របស់លោក គឺ​ឧ​ត្ត​ម​សេនីយ៍ Apirak Kongsomboon ក៏​ជាប់​ឈ្មោះ​ជា​មេ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​លោក Chatichai Choonhavan ក្នុង​ឆ្នាំ​១៩៩១ ដែរ​។​
 
២. ប្រា​យុទ្ធ ឲ្យ​មនុស្ស​ជំនិត​ធ្វើ​មេទ័ព​ជើងគោក ដើម្បី​ត្រៀម​បន្តអំណាច​?
 
​តាមពិតទៅ ការឡើង​កាន់តំណែង​ដ៏​មាន​ឥទ្ធិ​ល​ក្នុង​ជួរ​កងទ័ព​របស់​ឧ​ត្ត​ម​សេនីយ៍ Apirat គឺជា​រឿង​ដែល​គេ​រំពឹង​ទុកជា​យូរ​មកហើយ​។ ម្យ៉ាង​តាម​ទម្លាប់ មេបញ្ជាការ​កងពល​ទី​១ តែង​ឡើង​តំណែង​បន្ត​ជា​មេបញ្ជាការរង ហើយ​ចុងក្រោយ​ឡើងជា​មេបញ្ជាការ​តែម្ដង​។ ម្យ៉ាងទៀត​នោះ លោក Apirat ជាម​នុស្ស​ស្មោះត្រង់​របស់លោក ប្រា​យុទ្ធ ផង​។ មាន​មនុស្ស​ជំនិត​កាន់តំណែង​នេះ លោក ប្រា​យុទ្ធ អាច​សម្លឹង​ឃើញ​លទ្ធភាព​បន្តអំណាច​បាន​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩ ។​
 
​ទោះជា​មិនទាន់​ប្រកាស​ចូលប្រឡូក​ក្នុង​នយោបាយ​ផ្លូវការ​ក្ដី លោក ប្រា​យុទ្ធ ត្រូវការ​ការគាំទ្រ​ពី​បក្សនយោបាយ​ដែលមាន​សំឡេង​ក្នុង​សភា បើ​លោក​ចង់​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​នោះ​។ តាមច្បាប់​ថៃ លោក ប្រា​យុទ្ធ មិនអាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ខែកុម្ភៈ ឆ្នាំ​២០១៩ ទេ តែ​លោក​នៅមាន​ឱកាស​ធ្វើ​នាយករដ្ឋមន្ត្រី​ដដែល​។ មកទល់ពេលនេះ មាន​បក្សនយោបាយ​ខ្លះ​បាន​គាំទ្រ​រូបលោក​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​មិនមែន​សមាជិកសភា​ទៅហើយ​។​
 
​ជាមួយនឹង​វត្តមាន​លោក Apirat ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ប្រា​យុទ្ធ ក៏​មិន​បារម្ភ​ថា មាន​អ្នកធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូបលោក​វិញ​ដែរ​។ ផ្ទុយទៅវិញ លោក Apirat អាច​នឹង​ជួយ​ការពារ​លោក ប្រា​យុទ្ធ ពី​បញ្ហា​ប្រឈម​នានា​បាន​ទៀតផង ខណៈ​លោក​នឹងត្រូវ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២០​ឯណោះ​។ ក្បាលម៉ាស៊ីន​យោធា​ថ្មី​នេះ នឹងមាន​ភារកិច្ច​សំខាន់​ក្នុង​រក្សា​សន្តិភាព​ដើម្បី​ការបោះឆ្នោត​ឆ្នាំក្រោយ ដែល​នៅតែ​មិនទាន់​ច្បាស់​ថា នឹង​កើតមាន​មែនឬ​អត់​ដែរ​៕  
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com