រថយន្ត
អន្តរជាតិ
អ្នកប្រើកម្មវិធី BlaBlaCar ម្នាក់នៅអ៊ីតាលីជាប់ទោសដោយសារដឹកជនអន្តោប្រវេសន៍ខុសច្បាប់
× BlaBlaCar ជាកម្មវិធីទូរសព្ទដៃ (Mobile Apps) ដ៏ពេញនិយមមួយ ជាពិសេសនៅបណ្តាប្រទេសអឺរ៉ុប ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកបើកបររថយន្ត និងអ្នកធ្វើដំណើរផ្លូវឆ្ងាយ ដែលចង់ចែករំលែកការចំណាយ។ កាលពីពេលថ្មីៗកន្លងមកនេះ បុរសដែលជាអ្នកបើកបរម្នាក់ ត្រូវបានផ្តន្ទាទោស៩ឆ្នាំ ប៉ុន្តែឲ្យនៅក្រៅឃុំ និងប្រឈមការពិន័យជាទឹកប្រាក់២៤អឺរ៉ូ បន្ទាប់ពីគាត់បានដឹកជនអន្តោប្រវេសន៍ខុសច្បាប់ពីរនាក់ឆ្លងកាត់ពីបារាំងចូលដល់ទឹកដីអ៊ីតាលី។
លោក Andrea ដែលមានសញ្ជាតិអ៊ីតាលី និងបច្ចុប្បន្នរស់នៅក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចនាំមិត្តស្រីទៅលំហែរវិស្សមកាលនៅទីក្រុងរ៉ូម។ ដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរពីប៉ារីស ទៅរ៉ូម ដោយរថយន្តផ្ទាល់ខ្លួន លោកបានភ្ជាប់កម្មវិធី BlaBlaCar ។
បុរសពីរនាក់ដែលស្ថិតក្នុងទិសដៅទៅកាន់ប្រទេសអ៊ីតាលីដែរនោះ ក៏បានភ្ជាប់កម្មវិធី BlaBlaCar ផងដែរ ហើយក្រោយមក ពួកគេត្រូវបានភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈ App ដ៏ពេញនិយមនៅបណ្តាប្រទេសជាង២០នេះ។
អ្វីៗដំណើរបានល្អ ប៉ុន្តែពេលរថយន្តចូលទៅដល់ទឹកដីអ៊ីតាលី ប៉ូលិសព្រំដែន បានសាកសួរពីលិខិតស្នាមរបស់អ្នកដំណើរទាំងអស់។ ដោយមិនមានការបញ្ជាក់ពីអត្តសញ្ញាណ អ្នករួមដំណើរទាំងពីរនាក់របស់លោក Andrea ត្រូវបានសមត្ថកិច្ចអ៊ីតាលី រកឃើញថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលព្យាយាមចូលទៅអ៊ីតាលី។
អ្នកទាំងអស់គ្នាត្រូវបានប៉ូលិសអ៊ីតាលីចាប់ខ្លួន ដោយលោក Andrea ជាប់សង្ស័យពីបទសមគំនិតក្នុងការនាំជនអន្តោប្រវេសន៍ខុសច្បាប់ចូលទៅទឹកដីអ៊ីតាលី។ តុលាការបានសម្រេចកាត់ទោសលោក Andrea ឲ្យជាប់គុក៩ខែ និងពិន័យជាទឹកប្រាក់២៤០០០អឺរ៉ូ ប៉ុន្តែជាការសម្រេចដោយព្យួរទោស។ រីឯរថយន្តត្រូវបានរឹបអូសយកបណ្តោះអាសន្ន។
បន្ទាប់មក នាង Charlene ដែលជាមិត្តស្រីរបស់លោក Andrea បានទាក់ទងទៅកាន់ក្រុមហ៊ុន BlaBlaCar ដើម្បីឲ្យដឹងថា អត្តសញ្ញាណជារឿងសំខាន់ដែរឬយ៉ាងណាសម្រាប់អ្នកដែលភ្ជាប់ប្រព័ន្ធ។ BlaBlaCar បានឆ្លើយតបវិញថា ការបញ្ជាក់អត្តសញ្ញាណក៏មានផងដែរនៅពេលចុះឈ្មោះ ប៉ុន្តែវាមិនមែនជារឿងដែលតម្រូវជាចាំបាច់នោះឡើយ។
BlaBlaCar បានអះអាងប្រាប់ Franceinfo ថា នេះជាករណីលើកដំបូងដែលក្រុមហ៊ុនជួបប្រទះ។ ក្រោយរឿងរ៉ាវដែលបានកើតឡើង ក្រុមហ៊ុនរំលឹកដល់អ្នកភ្ជាប់បណ្តាញទាំងអស់ថា សម្រាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ការផ្ទៀងផ្ទាត់អត្តសញ្ញាណជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត ជាពិសេសអ្នកបើកបរ៕
© រក្សាសិទ្ធិដោយ thmeythmey.com