ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ស្នើ​ឲ្យ​សាធារណជន​ប្ដឹង​មន្ត្រី​ប្រមូល​ពន្ធ​រូប​ណា​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​
04, Sep 2018 , 11:27 am        
រូបភាព
ដោយ:
​​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ ណែនាំ​ឲ្យ​សាធារណជន ដាក់ពាក្យ​ប្ដឹង​ក្នុងករណី​មន្ត្រី​ពន្ធដារ​ណា​ម្នាក់​យកប្រាក់​ពន្ធ​លើស​ចំនួន​កំណត់​ក្នុង​ច្បាប់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​មួយ​នេះ​។​



​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ក្នុងពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​បណ្ដាញ​សង្គម Facebook មួយចំនួន បាន​សរសេរ និង​ផ្សាយ​ថា ប្រាក់​ពិន័យ​ដែល​ត្រូវ​បង់ គឺ​ប្រែប្រួល​តាមតែ​បបូរមាត់​របស់​មន្ត្រី​ពន្ធដារ ហើយ​ពន្ធដារ​គិតតែ​ពិន័យ​ដោយ​មិនមាន​ការយោគយល់​ណាមួយ​សោះ​ជាមួយ​ពលរដ្ឋ​ខ្លួន​។ 
 
​ក្នុងករណី​មន្ត្រី​ពន្ធដារ​ណា​ម្នាក់ យកប្រាក់​លើសពី​ចំនួន​ប្រាក់​ពន្ធ​ដែល​បញ្ជាក់​ក្នុង​វិក្កយបត្រ អ្នក​ជាប់ពន្ធ​អាចដាក់​ពាក្យបណ្ដឹង​ដោយ​បញ្ជាក់​ពី​ឈ្មោះ និង​អត្តសញ្ញាណ​របស់​មន្ត្រី​នោះ ព្រមទាំង​ភ្ជាប់​មកជា​មួយ​ឯកសារ​ពាក់ព័ន្ធ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​។​
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បញ្ជាក់ថា ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​សុទ្ធតែ​មានចែង​ក្នុង​ច្បាប់​ស្ដីពី​សារពើពន្ធ និង​បទ​ប្បញ្ញត្តិ​នានា​សី្ដ​ពី​ពន្ធដារ ដែល​រដ្ឋបាល​សារពើពន្ធ គឺជា​អង្គភាព​ដែលមាន​ភារកិច្ច​អនុវត្តតាម​ការប្រមូល​ពន្ធ​អាការ ដើម្បី​បង់​ចូល​ថវិការដ្ឋ​។ 
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បន្ថែមថា អ្នក​ជាប់ពន្ធ អាច​បង់​ពន្ធអាករ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​ធនាគារពាណិជ្ជ​ជា​ដៃគូ ទៅតាម​ចំនួន​ប្រាក់​ពន្ធ ដូច​បានកំណត់​ក្នុង​វិក្កយបត្រ ហើយ​រាល់​ការប្រមូលប្រាក់​ពន្ធអាក​រ គឺ​សុទ្ធ​តែមាន​ចេញ​វិក្កយបត្រ (Single Invoice) ដែល​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ពី​ប្រភេទ​ពន្ធអាករ ចំនួន​ប្រាក់​ពន្ធ និង​ប្រាក់​ពន្ធ​បន្ថែម​និង​ការប្រាក់ ដោយ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com