អន្តរជាតិ
លោកស្រី Bachelet៖ ពី​ជនរងគ្រោះ​នៃ​របប​ផ្តាច់ការ ទៅជា​ប្រមុខ​សិទ្ធិមនុស្ស​UN​ថ្មី​
04, Sep 2018 , 8:59 pm        
រូបភាព
ដោយ:
​អតីត​ប្រធានាធិបតី​ស៊ី​លី លោកស្រី Michelle Bachelet ទទួលបាន​តំណែង​ជា​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNCHR) ថ្មី​។ លោកស្រី​ធ្លាប់ជា​ជនរងគ្រោះ​នៃ​របប​ដឹកនាំ​ផ្តាច់ការ និង​ត្រូវ​បង្ខំ​ឲ្យ​និរទេស​ខ្លួន​ចេញពី​ប្រទេស​កំណើត​ផង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​។

 
​លោកស្រី Bachelet វ័យ​៦៦​ឆ្នាំ  ត្រូវបាន​ជ្រើសរើស​តាម​ការបោះឆ្នោត​កាលពី​ខែសីហា និង ទទួលបាន​ការគាំទ្រ​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres​។ លោកស្រី បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃ ០១ កញ្ញា ជំនួស​លោក Zeid Ra'ad al-Hussein ដែល​ទើប​ចប់​អា​ណិ​ត្ត​៤​ឆ្នាំ​។ នេះ​បើ​យោងតាម​កាសែត​រដ្ឋ​អូស្ត្រាលី ABC News​។ 
 
​លោកស្រី ក្លាយជា​មនុស្ស​ទី​៧​ហើយ ដែល​បាន​កាន់​តួនាទី​ជា​ស្នងការ​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​នេះ គិត​ចាប់ពី​ស្ថាប័ន​នេះ ចាប់កំណើត​កាលពី​ឆ្នាំ​១៩៩៣​មក​។ 
 
​ការចូល​កាន់តំណែងរ​បស់​អតីត​ប្រធានាធិបតី​ស៊ី​លី​នេះ ចំ​ពេលដែល​ស្ថាប័ន​នេះ​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​មួយ​។ វិបត្តិ​សិទ្ធិមនុស្ស​ធំៗ​ជាច្រើន បាន​រីកដុះដាល​ពាសពេញ​ពិភពលោក​។ តួយ៉ាង រួមមាន​ដូចជា ជម្លោះ​ដែល​កំពុង​បន្ត​នៅ​មជ្ឈិមបូព៌ា និង​ការ​រីកសាយ​ភាព​នៃ​គោលនយោបាយ​រឹតបន្តឹង​ការទទួលយក​ជនអន្តោប្រវេសន៍ នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​។ 
 
-​ពី​អ្នក​រស់រានមានជីវិត​ក្រោម​ការដឹកនាំ​របស់​ជន​ផ្ដាច់ការ រួច​និរទេស​ទៅកាន់​ប្រទេស​អូស្ត្រាលី​
 
​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ឆាកជីវិត​របស់លោក​ស្រី មុន​ក្លាយជា​ប្រធានាធិបតី និង​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​រូបនេះ​។ លោកស្រី Bachelet និង​គ្រួសារ ជា​ជនរងគ្រោះ​នៃ​ការបំពាន​សិទ្ធិមនុស្ស​ក្នុង​របប​ផ្តាច់ការ​របស់​អ្នកនយោបាយ​ស្តាំនិយម​លោក Augusto Pinochet​។​
 
​ឪពុក​លោកស្រី ជា​កងទ័ព​ជើង​អាកាស​មួយរូប ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី និង​បដិសេធ​ចូលរួម​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧៣ ដឹកនាំ​ដោយ​លោក Pinochet​។ ឪពុក​លោកស្រី​ត្រូវបាន​ចាប់ខ្លួន និង​រង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​របប​សឹក​នេះ​។ ចុងក្រោយ​លោក បាន​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។ 
 
​ក្នុង​ឆ្នាំ ១៩៧៥ នៅពេល​លោកស្រី ស្ថិតក្នុង​វ័យ ២០​ឆ្នាំ លោកស្រី Bachelet និង​ម្ដាយ ត្រូវបាន​ចាប់ខ្លួន ដោយ​នគរបាល​សម្ងាត់​។ អំឡុងពេល​ឃុំខ្លួន លោកស្រី ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម ដើម្បី​ឆ្លើយ​សារភាព​ពី​ព័ត៌មាន​ដែល​ពួកគេ​ចង់បាន​។  បន្ទាប់ពី​ត្រូវបាន​សង្គ្រោះ​និង​មាន​សេរីភាព លោកស្រី Bachelet បាន​និរទេស​ខ្លួន​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​បានរស់នៅ​ជាមួយ​បងប្រុស ដែលជា​ជនជាតិ​អូស្ត្រាលី​នាទី​ក្រុង ស៊ីដនី​។ 
 
​បន្ទាប់មកទៀត លោកស្រី បាន​ផ្លាស់​ទីលំនៅ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ហើយ​បានរស់នៅ​ទីនោះ​អស់​រយៈពេល​៤​ឆ្នាំ មុននឹង​លោកស្រី ត្រឡប់​ទៅកាន់​ប្រទេស​កំណើត ស៊ី​លី​វិញ​។ 
 
-​ជា​មេដឹកនាំ​ដែលមាន​បទពិសោធន៍​ក្រាស់ក្រែល និង​ជា​អ្នកការពារ​សិទ្ធិ​សម្រាប់​ស្ត្រី​
 
​ក្រោយ​ការដួលរលំ​នៃ​របប​ផ្ដាច់ការ​របស់លោក Pinochet លោកស្រី Bachelet បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ និង​បាន​ក្លាយជា​ប្រធានាធិបតី​ស្រី​ទីមួយ​នៃ​រដ្ឋ​អាមេរិក​ខាងត្បូង​នេះ​។ លោកស្រី បាន​កាន់តំណែង​ជា​ប្រមុខរដ្ឋ​នេះ​ចំនួន ២​លើក​។ លើក​ទី​១ ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១០ និង​ឈ្នះ​ការបោះឆ្នោត​ម្តងទៀត​ក្នុង​ឆ្នាំ​២០១៤​។ អតីត​ប្រធានាធិបតី​ស៊ី​លី​រូបនេះ មានឈ្មោះ​បោះ​សំឡេង​ដោយសារ​លោកស្រី​មាន​គោលនយោបាយ​លើកស្ទួយ​សុខុមាលភាព​រដ្ឋ និង​មានលទ្ធភាព​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា​ដែរ​។ 
 
​ក្រោយ​ចាក​ចេញពី​តំណែង លោកស្រី Bachelet បាន​ហក់​ចូល​ប្រជែង​យក​តំណែង​កំពូល​លើ​ឆាក​អន្តរជាតិ និង​បាន​ក្លាយជា​ប្រធាន​ចាត់ការ​នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សមភាព​យេ​ឌ័​រ  និង​បង្កើន​អំណាច​ស្ត្រី (United Nations Entity for Gender Equality and the Empowerment of Women) ។ 
 
​អំឡុងពេល​កាន់តំណែង​រយៈពេល​បី​ឆ្នាំ  លោកស្រី Bachelet  បាន​ចូលរួម​លើកកម្ពស់​សុខភាព​ស្ត្រី​, ការពារ កុមារ និង​ស្ត្រី​ពី​អំពើ​ហិ​ង្ស និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ស្ត្រី​បាន​ខ្ពស់​មុខ​ខ្ពស់​មាត់ និង​អាច​ទទួលបាន​ការងារ​ក្នុង​អង្គការសហប្រជាជាតិ​ដែរ​៕
 

Tag:
 ស៊ី​លី​
  សិទ្ធិមនុស្ស​
  Michelle Bachelet
  UNCHR
© រក្សាសិទ្ធិដោយ thmeythmey.com