កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​ត្រៀម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​២០៣២ ក្រោយ​ជោគជ័យ​នៅ​កីឡា​អាស៊ី​
05, Sep 2018 , 7:59 am        
រូបភាព
​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​១ ខែកញ្ញា បានប្រកាស​គម្រោង​ដ៏​ភ្ញាក់ផ្អើល​មួយ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ ២០៣២ បន្ទាប់ពី​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


 
​ប្រធានាធិបតី Joko Widodo បានបង្ហាញ​ពី​ចេតនា​របស់​ឥណ្ឌូណេស៊ី​បែបនេះ​ក្រោយ​មាន​កិច្ចចរចា​ជាមួយ លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​លោក Sheikh Ahmad Al-Fahad Al-Sabah ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA)​។​
 
​ជុំវិញ​ការដាក់​ដេញថ្លៃ​នេះ​លោក Widodo បាន​លើកឡើងថា​៖«​ជាមួយនឹង​បទពិសោធ​របស់​យើង​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ី​លើក​ទី ១៨ បាន​យ៉ាង​ល្អ​នោះ ខ្ញុំ​ជឿជាក់ថា​ឥណ្ឌូណេស៊ី​នឹង​អាច​រៀបចំ​ព្រឹត្តិការណ៍​ធំ​លំដាប់​ទី​១​ពិភពលោក​នេះ​បាន​»​។​


រាប់​ពីឆ្វេង លោក​ប្រធានាធិបតី Jokiwi លោក Thomas Bach ប្រធាន IOC និង​លោក Sheikh Ahmad Al-Fahad Al-Sabah ប្រធាន OCA​
 
​លោក Bach ប្រធាន IOC ក៏បាន​ស្វាគមន៍​ការប្រកាស​នេះ​ផងដែ ហើយ​បាន​លើកសរសើរ​ការរៀបចំ​កីឡា​អាស៊ី​ដែល​ធ្វើឡើង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ថា​ពិតជា​គួរអោយ​ចាប់អារម្មណ៍​ខ្លាំងណាស់​។​
 
«​ខ្ញុំ​អាច​អបអរសាទរ​ដល់​លោក​ប្រធានាធិបតី Widodo អំពី​ជោគជ័យ​ដ៏​អស្ចារ្យ​នៃ​កីឡា​អាស៊ី​ដែល​គួរអោយ​ចាប់អារម្មណ៍​។ ដូច្នេះ IOC ពិតជា​កោតសរសើរ​ចំពោះ​បេក្ខភាព​របស់​ឥណ្ឌូណេស៊ី​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ ២០៣២»​។ Bach និយាយ​ដូច្នេះ​ក្រៅពី​ឥណ្ឌូណេស៊ី មាន​ប្រទេស​៣​ផ្សេងទៀត​រួមមាន អូស្ត្រាលី ចិន និង​ឥណ្ឌា​ក៏​ចាប់អារម្មណ៍​ដាក់​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​លំដាប់​ទី​១​ពិភពលោក​នេះដែរ​៕

Tag:
 កីឡា​អូឡាំពិក​
  ឥណ្ឌូណេស៊ី​
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com