ជាតិ
ឧបករណ៍​ដាំ​គ្រាប់ស្រូវ​របស់​កម្ពុជា ទទួលបាន​ពានរង្វាន់​ពី​អាមេរិក​
05, Sep 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ៖ សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ​នៅ​ប្រទេស​កម្ពុជា បានទទួល​ពានរង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាមេរិក​ដែលមាន​ឈ្មោះថា ប៉ាតង់​សម្រាប់​មនុស្សជាតិ (Patents for Humanity) សម្រាប់​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ឈ្មោះ​អ៊ី​ឡាយ ដែល​ជួយ​បង្កើន​ទិន្នផល​និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​។ ពានរង្វាន់​កិត្តិយស​កំពូល​របស់​កា​រិ​យា​ល័យ​ប៉ាតង់​(​ប្រកាសនីយបត្រ​តក្កក​ម្ម​)​និង​ស្លាក​សញ្ញា​របស់​សហរដ្ឋ​អាមេរិក គឺ​សម្រាប់​ផ្តល់ជូន​អ្នក​កែច្នៃ​ណា ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​មនុស្សជាតិ​។​

 
​លោក សាន ប៊ុន​នី​កា នាយក​គ្រប់គ្រង​កសិកម្ម​ឈ្លាសវៃ ដែល​បាន​ស្រាវជ្រាវ និង​ដឹកនាំ​ក្រុមការងារ​ផលិត​ឧបករណ៍​នេះ បាន​និយាយថា ឧបករណ៍​ដាំ​គ្រាប់ស្រូវ​អ៊ី​ឡាយ ត្រូវបាន​ភ្ជាប់​ជាមួយនឹង​គោយន្ត​ដៃ​នៅពេល​ដាំ​ស្រូវ ហើយ​ប្រើ​កម្លាំង​ខ្យល់ ដោយ​រុញ​គ្រាប់​ពូជស្រូវ​ចូលទៅក្នុង​ដីស្រែ​ដែលមាន​ទឹក​។ លោក បាន​បន្ថែមថា ឧ​បរក​រណ៍​អ៊ី​ឡាយ​នេះ អាចជួយ​កសិករ​ក្នុងការ​កាត់បន្ថយ​គ្រាប់​ពូជស្រូវ ដោយ​ប្រើ​ចន្លោះ​ពី​៣០​ទៅ​១០០​គីឡូក្រាម​តែប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា (​តាម​ទម្លាប់​កសិករ​ប្រើ​គ្រាប់​ពូជស្រូវ​ពី ២០០ ទៅ ៣៥០​គីឡូក្រាម​ក្នុង​មួយ​ហិកតា​)​។ បើតាម​លោក ប៊ុន​នី​កា ឧបករណ៍​អ៊ី​ឡាយ​ក៏​អាចជួយ​បង្កើន​ទិន្នផល​រហូតដល់​២០​ភាគរយ និង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ជី និង​ថ្នាំ​កសិកម្ម​ផងដែរ​។ 
 
​នាយក​គ្រប់គ្រង​កសិកម្ម​ឈ្លាសវៃ បាន​និយាយ​ដូច្នេះ​ថា​៖«​ដំណាំ​ស្រូវ​ដាំ​ដោយ​ប្រើ​ឧបករណ៍​អ៊ី​ឡាយ​ដុះ​ចេញ​ជា​ជួរ អាច​ស្រូបយក​ពន្លឺព្រះអាទិត្យ​បាន​ច្រើន​និង​មាន​ខ្យល់​ចេញចូល​បានល្អ ដែល​អាចជួយ​ក្នុងការ​កាត់បន្ថយ​បញ្ហា​ជំងឺ និង​កត្តាចង្រៃ​ផ្សេងៗ​បាន​ផងដែរ​។ លើសពីនេះ​អ៊ី​ឡាយ​ក៏​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម ដោយ​ប្រើពេល​តែ​៤៥​នាទី​ប៉ុណ្ណោះ​ក្នុង​ផ្ទៃដី​ស្រែ​មួយ​ហិច​តា​រីឯ​ការ​សាបព្រោះ ដោយ​ដៃ​កសិករ​ប្រើពេល​ប្រហែល​ពីរ​ម៉ោង និង​ចំណាយពេល​រាប់​សប្តាហ៍​បើ​ស្ទូង​ដោយ​ដៃ​»​។​


 
​សហគ្រាស​សង្គម​កសិក​ម្ម​ឈ្លាសវៃ និង​បេក្ខភាព​ចំនួន​ប្រាំបី​ផ្សេងទៀត (​ដែល​ត្រូវបាន​ជ្រើស​ចេញពី​ស្ថាប័ន​ធំៗ ចំនួន​៦៩ មកពី​ជុំវិញ​ពិភពលោក​)​នឹងត្រូវ​ទៅ​ទទួល​រង្វាន់​ប៉ាតង់​សម្រាប់​មនុស្សជាតិ (Patents for Humanity) នេះ នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ​។​
 
«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ពេល​បានដឹងថា​ឧបករណ៍​អ៊ី​ឡាយ​នេះ​ទទួលបាន​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​នេះ ហើយ​ពេលខ្លះ​ខ្ញុំ​សឹងតែ​មិន​ជឿថា​ការទទួល​ពានរង្វាន់​នេះ​វា​ជា​រឿង​ពិត​។ នេះ​ជា​ភស្តុតាង​មួយ​បង្ហាញថា យើង​ជា​ខ្មែរ​ក៏​អាចធ្វើ​អ្វីៗ​បានដែរ ឲ្យ​តែមាន​ឱកាស និង​ធនធាន​។ ដូច្នេះ ពានរង្វាន់​នេះ​គឺជា​សិ​មិ​ទ្ឋិ​ផល​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាន ប៊ុន​នី​កា ដែល​បាន​បន្ថែមថា ការស្វែងរក​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម គឺជា​ការលំបាក​មួយ ខណៈដែល​តម្លៃ​ឈ្នួល​កាន់តែ​ថ្លៃ​ឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 
 
​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កម្ម​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា កា​វ៉ា​ក់ (CAVAC)​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ ដែល​ហៅ​កាត់​ថា អ៊ី​រី (IRRI) នៅ​ប្រទេស​ហ្វីលីពីន​ក៏បាន​សាកល្បង​និង​បង្ហាញ​ពី​ឧបករណ៍​អ៊ី​ឡាយ នៅក្នុង​កន្លែង​ប្រមូលផ្តុំ​បច្ចេកវិទ្យា​របស់ខ្លួន​ផងដែរ​។ IRRI សង្ឃឹមថា ឧបករណ៍​អ៊ី​ឡាយ​នេះ នឹង​ទទួលបាន​ការចាប់អារម្មណ៍​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ 
 
​សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ ជា​ផ្នែក​មួយ​របស់ Brooklyn Bridge to Cambodia (BB2C) ប្តេជ្ញា​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត សម្រាប់​ជួយ​ដល់​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា​៕
 

Tag:
 គ្រាប់ស្រូវ​
  ​អ៊ី​ឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com