អន្តរជាតិ
អាមេរិក​សង្ឃឹម​ផ្តើម​ចំណង​ថ្មី​ជាមួយ​សម្ព័ន្ធមិត្ត​ចាស់ «​ប៉ា​គី​ស្ថាន​» តែ​ទាមទារ​ឲ្យ​ឈប់​គាំទ្រ​តា​លី​បង់​
05, Sep 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​នៅ​សប្តាហ៍​នេះ​ដោយ​រំពឹង​ស្តារ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​អាស៊ី​ខាងត្បូង​ឡើងវិញ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​។ ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​មានការ​លុបចោល​ជំនួយ​យោធា​ទំហំ ៣០០​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន​ដែរ​។


 
​ថ្លែង​ពីលើ​យន្តហោះ មុន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែកញ្ញា ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​សង្ឃឹម​រៀបចំ​ចំណងមិត្តភាព​ជាមួយ​ប៉ា​គី​ស្ថាន​ឡើងវិញ ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​ធ្លាក់ចុះ​ល្អក់កករ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អតីត​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម CIA បាន​និយាយ​ដូច្នេះ​៖ «​ការ​ចុះចត​ដំបូង​គឺ ប៉ា​គី​ស្ថាន​។ មេដឹកនាំ​ថ្មី​នៅ​ទីនោះ​ចង់​ចាប់ផ្តើម​ជំរុញ​ការរៀបចំ​សម្ព័ន្ធភាព​ឡើងវិញ​រវាង​ប្រទេស​យើង​ទាំងពីរ​»​។​
 
​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ជឿជាក់ថា មេដឹកនាំ​ប៉ា​គី​ស្ថាន​ថ្មី​ដែល​ទើប​ជាប់ឆ្នោត​លោក Imran khan ដែលមាន​ឆន្ទៈ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក​នោះ​នឹងមាន​ភាព​វិជ្ជមាន​សម្រាប់​ការរៀបចំ​ចំណងមិត្តភាព​ទ្វេភាគី​នេះ​បាន​រហ័ស​។​
 
​លោក ប៉ុ​ម​ប៉េ​អូ បាន​បន្ថែម​ដូច្នេះ​៖ «​វា​មាន​បញ្ហា​ប្រឈម​ច្រើន​សម្រាប់​ប្រទេស​យើង​ទាំងពីរ ប៉ុន្តែ​យើង​សង្ឃឹមថា ដោយ​សហការ​ជាមួយ​របប​ដឹកនាំ​ថ្មី​នេះ យើង​នឹង​អាច​ស្វែងរក​ចំណុចរួម​បាន ហើយ​យើង​អាច​ចាប់ផ្តើម​ធ្វើការ​ងា​រលើប​ញ្ហា​ដែលមាន​រួមគ្នា​។​
 
​នៅក្នុង​ទស្សនកិច្ច​នេះដែរ វា​ក៏មាន​ការចូល​ពី​សំណាក់​នាយសេនាធិការ​ក​ង​ទ័ព​អាមេរិក​លោក​ឧ​ត្ត​ម​សេនីយ៍ Joe Dunford ផងដែរ ខណៈដែល​ការជំរុញ​ការស្វែងរក​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ជា​រឿង​អាទិភាព​របស់​អាមេរិក​ដដែល​។ 
 
​យ៉ាងណា​ក៏ដោយចុះ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ប៉ុ​ម​ប៉េ​អូ និង​សម្តី​បង្កប់​ដោយ​ភាព​វិជ្ជមាន​ចំពោះ​ចំណង​ទំនាក់ទំនង​រវាង​អាមេរិក​និង​ប៉ា​គី​ស្ថាន​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​លុបចោល​ជំនួយ​យោធា​មាន​ទំហំ​ប្រមាណ ៣០០​លាន​ដុល្លារ​សម្រាប់​ប៉ា​គី​ស្ថាន​។ ការសម្រេច​លុបចោល​ជំនួយ​នេះ​គឺ​ដោយសារតែ​ប៉ា​គី​ស្ថាន​នៅ​រារែក​ក្នុង​ការគាំទ្រ​យុទ្ធសាស្ត្រ​អាមេរិក​ក្នុង​តំបន់​ផង​។​
 
​ជានិច្ច​ជា​កាល មន្ត្រី​អាមេរិក​តែង​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​មិន​យកចិត្តទុកដាក់ តែ​បែ​ជា​បន្ត​សហការ​ជាមួយ​ក្រុម​តា​លី​បង់ និង​បណ្តាញ​ក្រុម Haqqani ដែល​បន្ត​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតមក​នោះ​។​អាមេរិក​ជឿជាក់​ដែរ​ថា ក្រុម​នេះ​ប្រើ​ព្រំដែន​រវាង​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ធ្វើ​សកម្មភាព​ផងដែរ​។​
 
​អាមេរិក​និយាយ​ចំៗ​ថា ភ្នាក់ងារ​ចារកម្ម​ផ្ទៃក្នុង​ប៉ា​គី​ស្ថាន និង​ស្ថាប័ន​យោធា​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​ចំណាយលុយ និង សព្វាវុធ​ដើម្បី​គាំទ្រ​ចលនា​តា​លី​បង់​ក្រោម​ហេតុផល​មនោគមន៍​វិទ្យា​ផង និង​ដើម្បី​ទប់​ទល់នឹង​ឥទ្ធិពល​ឥណ្ឌា​ដែល​កើនឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​៕
 

Tag:
 តា​លី​បង់​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  ប៉ា​គី​ស្ថាន​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com