អន្តរជាតិ
ជំនួប​គីម​-​មូ​ន លើក​ទី​៣ ធ្វើ​នៅ​ថ្ងៃទី​១៨-២០ ខែកញ្ញា​នៅ​កូរ៉េខាងជើង​
06, Sep 2018 , 10:21 am        
រូបភាព
លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នាជំនួបទល់មុខលើកទី១ (រូបភាព AFP)
លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នាជំនួបទល់មុខលើកទី១ (រូបភាព AFP)
ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​លើក​ទី​៥ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា នៅ​រដ្ឋធានី​ព្យុងយ៉ាង តាម​ការ​ឯកភាពគ្នា​កន្លងមក​។ ប្រេសិត​កូរ៉េខាងត្បូង ជុង អ៊ីយ៉ុង (Chung Eui-yong) ជា​អ្នក​ប្រកាស​កាលបរិច្ឆេទ​នេះ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ក្រោយ​ត្រឡប់​ពី​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​មួយថ្ងៃ​មុននេះ​។ នា​ជំនួប​នោះ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏​ប្រកាស​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ដដែល​។​

 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួបគ្នា​ជាថ្មីទៀត ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ កញ្ញា​ខាងមុខនេះ នៅ​ទីក្រុង​ព្យុងយ៉ាង​។ នេះ​បើតាម​ការប្រកាស​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង ជុង អ៊ីយ៉ុង ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែកញ្ញា មួយថ្ងៃ​ក្រោយ​ជួប​លោក គីម ជុង​អ៊ុន នា​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​។ លោក ជុង ក៏បាន​ជូន​លិខិត​មួយច្បាប់​របស់លោក មូ​ន ឲ្យ​លោក គីម ដែរ​។​
 
​ជំនួប​នៅ​ទីក្រុង​ព្យុងយ៉ាង​នៅពេល​ខ្លី​ខាងមុខនេះ គឺជា​ការជួប​តទល់​លើក​ទី​បី​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​មេដឹកនាំ​កូរ៉េខាងជើង ហើយ​ជា​ជំនួប​លើក​ទី​៥ រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​។ លោក មូ​ន ជួប​លោក គីម លើកដំបូង​នៅ​ខែមេសា​នៅ​កូរ៉េខាងត្បូង ដែល​វា​ក៏​ជា​លើកទីមួយ​ដែល​មេដឹកនាំ​កូរ៉េខាងជើង​ជាន់​ទឹកដី​កូរ៉េខាងត្បូង​។ ជំនួប​មូ​ន​-​គីម លើក​ទី​ពីរ ធ្វើឡើង​នៅ​ខែឧសភា នៅ​ព្រំដែន​កូរ៉េ​ប៉ែក​ខាងជើង​ខ្សែស្រប​ទី​៣៨ ក្នុង​ទឹកដី​កូរ៉េខាងជើង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក ជុង និយាយថា កូរ៉េ​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​រៀបចំ​ជំនួប​ថ្នាក់ខ្ពស់​មួយ​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ត្រៀម​ជំនួប​កំពូល​មេដឹកនាំ​។ លោក​បន្តថា ជំនួប​អន្តរ​កូរ៉េ​នៅ​ព្យុងយ៉ាង នឹង​ផ្ដោត​សំខាន់​លើ​ពិនិត្យឡើងវិញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ប៉ាន់​មុន​ជុម​ខែមេសា និង​ទិសដៅ​ត្រូវអនុវត្ត​បន្ត​។ ការពង្រឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ជាពិសេស​ការរំសាយ​នុយក្លេអ៊ែរ ក៏ត្រូវ​ជជែក​ដែរ​។​
 
​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​នេះ មេដឹកនាំ​កូរ៉េខាងជើង​បាន​ប្រាប់​ប្រេសិត​កូរ៉េខាងត្បូង​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​អាមេរិក​រហូតដល់​ទីប​ញ្ច​ប់​។ លោក ជុង បាន​រំឭក​សម្ដី​លោក គីម ដែលជា​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង​ថា​៖ «​លោក​ប្រធាន គីម បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​រឹងមាំ​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ទាំងស្រុង​ពី​ឧបទ្វីប​កូរ៉េ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រុង​សេ​អ៊ូ​ល និង​អាមេរិក​ផងដែរ​»​។​
 
​ក្រៅពី​បញ្ហា​នុយក្លេអ៊ែរ មន្ត្រី​ទទួលបន្ទុក​សន្តិសុខ​ជាតិ​របស់​កូ​រ៉​ខាងត្បូង​ក៏​លើកឡើង​ទៀតថា មេដឹកនាំ​កូរ៉េ​ទាំងពីរ ក៏​នឹង​ពិភាក្សា​ពី​ការកាត់បន្ថយ​ភាព​តានតឹង​រវាង​យោធា​ប្រទេស​ទាំងពីរ តាមរយៈ​ការបង្កើត​ន​ការជឿទុកចិត្ត និង​ចៀសវាង​ជម្លោះ​ប្រដាប់អាវុធ​។ នា​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​នៅ​ព្យុងយ៉ាង​របស់លោក ជុង កូរ៉េ​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បើក​ការិយាល័យ​កិច្ចការ​រួមគ្នា​នៅ​តំបន់ឧស្សាហកម្ម Kaesong ក្នុង​ទឹកដី​កូរ៉េខាងជើង​ឲ្យ​បាន​មុន​ជំនួប​មេដឹកនាំ​ដែរ​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន​
  ជុង អ៊ីយ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com