ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ុល សារឿន លោក គន់ គីម និង​លោក​មាស សុភា ពី​មេទ័ព​ទៅកាន់​តំណែង​ទេសរដ្ឋមន្ត្រី
06, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
អតីត​មេទ័ព​៣​រូប​រួមមាន លោក ប៉ុល សារឿន​, លោក គន់ គីម និង​លោក មាស សុភា ក្លាយជា​ទេសរដ្ឋមន្ត្រី​ក្នុង​សមាសភាព​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​បញ្ជី​ឈ្មោះ​សមាភាព​រដ្ឋាភិបាល ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ នៅ​ព្រឹក​ថ្ងៃទី​៦ កញ្ញា​នេះ​។​

 
​អតីត​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក ប៉ុល សារឿន ,​អតីត​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេ​មរ​ភូមិ​លោក គន់ គីម និង​អតីត​មេបញ្ជាការ​នៃ​កងទ័ពជើងគោក​លោក មាស សុភា ទទួលបាន​ឋានៈ​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ក្នុង​អាណត្តិ​ទី​៦​នេះ​។ 
 
​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៦ ខែកញ្ញា   ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន ជំនួស លោក ប៉ុល សារឿន  លោក ហ៊ុន ម៉ា​ណែ​ត ជំនួស​លោក មាស សុភា និង​លោក ឥត សារ៉ាត់ ជំនួស​លោក គន់ គីម​។​
 
​ជាមួយគ្នានេះ លោក ហូ សិទ្ធី និង​លោក អូស្មាន ហាស្សាន់ ដែលជា​អតីតរដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបាន​តំណែង​ទេសរដ្ឋមន្ត្រី ទទួល​ផងដែរ​។ ទេសរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ មាន​ចំនួន​១៧​នាក់ បើ​សរុប​ទាំង​មន្ត្រី​ទាំង​៥​នាក់​ខាងលើនេះ ក្នុងនោះ​មាន​លោក ឆាយ ថន លោក ចម ប្រសិទ្ធ លោក ញឹម វណ្ណដា លោក ស៊ុន ចាន់ថុល លោក ឱម យិនទៀង លោក អៀង ម៉ូ​លី លោក វ៉ា គឹមហុង លោក យឹម ណុល​ឡា លោក ហ៊ឹម ឆែម លោក ជិន ប៊ុនស៊ាន លោក ឃុន ហាំង និង​លោក លី ធុជ​។​
 
​សម្រាប់​តំណាងរាស្ត្រ ដែលមាន​តំណែង​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ចុះក្រោម ត្រូវ​លាលែង​ចេញពី​តំណែង​។ 
«​សមាជិក សមាជិកា​នៃ​រដ្ឋសភា​របស់​យើង ដែល​ស្ថិតនៅក្នុង​ជួរ​រដ្ឋាភិបាល តាម​គោលការណ៍​កំណត់​គឺ​អ្នក​ដែល​កាន់​តួនាទី​ផ្នែក​រដ្ឋាភិបាល គឺ​ទុក​នៅ​ជា​សមាជិកសភា ត្រឹម​នាយករដ្ឋមន្ត្រី ដែល​នាយករដ្ឋមន្ត្រី មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ គឺ​ត្រូវតែ​ជា​សមាជិក​រដ្ឋសភា​។ ក្រៅពីនោះ​គឺ​ឧបនាយករដ្ឋមន្ត្រី​។ ហើយ​ចាប់ពី​ថ្នាក់​ទេសរដ្ឋមន្ត្រី​ចុះ​រហូតមក ត្រូវ​លាលែង​ចេញពី​សមាជិករ​ដ្ឋ​សភា​»​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ បន្ទាប់ពី​ទទួលបាន​ការបោះឆ្នោត​ទុកចិត្ត បង្កើត​សមាសភាព​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ថា តំណាងរាស្ត្រ ដែលមាន​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ តាមរយៈ ព្រះរាជក្រឹត្យ​នោះ ក៏ត្រូវ​លាលែង​ពី​សមាជិកសភា​ផងដែរ​៕ 
 

Tag:
 ​នយោបាយ​
 ​រដ្ឋសភា​ថ្មី​
  នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com