ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​២៨​រូប​កាន់​ក្រសួង​ដដែល ខណៈ​រដ្ឋមន្ត្រី​៣​រូប ទទួលបាន​ឋានៈ​ឧបនាយករដ្ឋមន្ត្រី
06, Sep 2018 , 8:39 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្ត្រី​ទាំង​២៨​រូប នៅតែ​ជាប់​ឈ្មោះ​ក្នុង​អាណត្តិ​ទី​៦​នេះ ដោយ​កាន់​ក្រសួង​ដដែល​រៀងៗ​ខ្លួន​។ ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងនោះ មាន​ចំនួន​៣​រូប ទទួលបាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​។​


 
​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ហើយ នៅ​ថ្ងៃទី​៦ កញ្ញា​។ រដ្ឋមន្ត្រី​ទាំង​២៨​រូប ដែល​កាន់​ការងារ​ក្រសួង​នីមួយៗ​ក្នុង​អាណត្តិ​ទី​៥​នោះ នៅតែ​បន្ត​វត្តមាន​ដឹកនាំ​នៅ​អាណត្តិ​ទី​៦​នេះ​។​ចំណែក​លោក ម៉ៅ ហាវ​ណ្ណា​ល់ ក៏​ទទួលបាន​តំណែង​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ដែរ​។​
​ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងនេះ មាន​រដ្ឋមន្ត្រី​ចំនួន​៣​រូប បានទទួល​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី ក្នុងនោះ​មាន​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ លោក ប្រាក់ សុខុន , រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
 
​ឧបនាយករដ្ឋមន្ត្រី​៤​រូប ដែល​បន្ត​តំណែង​ជា​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​រួមមាន សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ។ រីឯ​ឧបនាយករដ្ឋមន្ត្រី​ផ្សេងទៀតរ​ទម​មាន លោក ហោ ណាំហុង លោក យឹម ឆៃលី និង​លោក កែ គឹមយ៉ាន​។​
 
​ក្រៅពី​ឧបនាយក​នាយករដ្ឋមន្ត្រី តំណែង​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ចុះក្រោម នឹងត្រូវ​ប្រកាស​លាលែង​ពី សមាជិក​តំណាងរាស្ត្រ​រដ្ឋសភា​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា បន្ទាប់ពី​ទទួលបាន​ការបោះឆ្នោត​ទុកចិត្ត បង្កើត​សមាសភាព​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​។​
 
​ក្នុង​ហេតុផល​នេះ សម្ដេច ហ៊ុន សែន ពន្យល់​ដូច្នេះ​ថា «​សមាជិក សមាជិកា​នៃ​រដ្ឋសភា​របស់​យើង ដែល​ស្ថិតនៅក្នុង​ជួរ​រដ្ឋាភិបាល តាម​គោលការណ៍​កំណត់​គឺ​អ្នក​ដែល​កាន់​តួនាទី​ផ្នែក​រដ្ឋាភិបាល គឺ​ទុក​នៅ​ជា​សមាជិកសភា ត្រឹម​នាយករដ្ឋមន្ត្រី ដែល​នាយករដ្ឋមន្ត្រី មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ គឺ​ត្រូវតែ​ជា​សមាជិក​រដ្ឋសភា​។ ក្រៅពីនោះ​គឺ​ឧបនាយករដ្ឋមន្ត្រី​។ ហើយ​ចាប់ពី​ថ្នាក់​ទេសរដ្ឋមន្ត្រី​ចុះ​រហូតមក ត្រូវ​លាលែង​ចេញពី​សមាជិករ​ដ្ឋ​សភា​»​។​
 
​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាងរាស្ត្រ ដែលមាន​តំណែង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ តាមរយៈ ព្រះរាជក្រឹត្យ​នោះ ក៏ត្រូវ​លាលែង​ពី​សមាជិកសភា​ផងដែរ​៕ 
 

Tag:
 ជា សុផារ៉ា
  ប្រាក់ សុខុន
  អូន ព័ន្ធមុន្នីរ័ត្ន​
  នីតិកាល​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com