អន្តរជាតិ
អាមេរិក ទទូច​ប៉ា​រ៉ា​ហ្កា​យ​ឲ្យ​គិត​ឡើងវិញ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​នៅ​អ៊ីស្រាអែល​
07, Sep 2018 , 10:19 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (រូបភាព AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (រូបភាព AFP)
ដោយ:
​នៅ​ថ្ងៃទី​០៧ កញ្ញា ឆ្នាំ​២០១៨ អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន បាន​ទ​ទូ​ច​ឲ្យប៉ា​រ៉ា​ហ្គា​យ​គិត​ឡើងវិញ​ចំពោះ​កា​រស​ម្រ​ច​ចិត្ត​រើ​ស្ថានទូត​ប្រចាំ​អ៊ីស្រាអែល​របស់ខ្លួន ពី​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ទៅកាន់​ទីក្រុង​តែ​ល​អា​វីវ​។ ការប្រកាស​នេះ គឺធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ប៉ា​រ៉ា​ហ្គា​យ​ប្រកាស​ប្តូរ​ស្ថានទូត​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងសម្បារ​យ៉ាងខ្លាំង​។​

 
​រដ្ឋាភិបាល​ប៉ា​រ៉ា​ហ្គា​យ​ថ្មី ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Mario Abdo Benitez នៅ​ថ្ងៃទី ០៦ កញ្ញា បានប្រកាស​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ត្រឡប់​ទៅកាន់​ទីក្រុង​តែ​ល​អា​វីវ​វិញ​។ គោលដៅ​នៃ​ការផ្លាស់ប្ដូរ​នេះ គឺ​ដើម្បី​បង្កើត​សន្តិភាព​សម្រាប់​ជម្លោះទឹកដី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។ 
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ សហរដ្ឋអាមេរិក មានការ​ស្រងាក​ចិត្តជា​ខ្លាំង​។ កាលពី​ខែឧសភា​កន្លងទៅ សហរដ្ឋអាមេរិក បានសម្រេច​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​ពី​ទីក្រុង​តែ​ល​អា​វីវ ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ព្រមទាំង​សង្ឃឹមថា បណ្ដា​ប្រទេស​ផ្សេងទៀត នឹង​យក​គំរូ​តាម​ខ្លួន​ផងដែរ​។ 
 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP  សេត​វិមាន​អាមេរិក បាន​និយាយថា លោក ផេ​ន បាន​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​លោក Abdo Benitez ក្នុងការ​ប្រកាន់ខ្ជាប់​ទៅនឹង​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល​មុន​។ ជុំវិញ​រឿងនេះ គេ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​លោក Abdo Benitez ចំពោះ​សំណើ​របស់លោក ផេ​ន នៅឡើយ​ទេ​។​
 
​ការសម្រេចចិត្ត​ឡើងវិញ​របស់​រដ្ឋាភិបាល​ក្រុង​អា​សង់​ស្យុ​ង ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ខឹង​យ៉ាងខ្លាំង​រហូត​ប្រកាស​ដក​ទូត​ត្រឡប់​ចូល​ស្រុក​វិញ​ភ្លាម​ដែរ​។ លើសពីនោះ វា​ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​អ៊ីស្រាអែល និង​ប៉ា​រ៉ា​ហ្កា​យ​ធ្លាក់ចុះ​ទៅក្នុង​ស្ថានភាព​ស្រពេចស្រពិល​ទៀតផង​។  
 

Tag:
 អាមេរិក​
  ប៉ា​រ៉ា​ហ្កា​យ​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com