កីឡាអន្តរជាតិ
អន្តរជាតិ
Osaka កីឡាការិនី​វាយ​កូន​បាល់​ជប៉ុន​ទី​១ ដែល​ឈានទៅ​ដណ្តើមពាន US Open
07, Sep 2018 , 5:20 pm        
រូបភាព
​កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka ជា​កីឡាការិនី​ជប៉ុន​ដំបូង​គេ​ដែល​អាច​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន US Open បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​រងជើង​ឯក​ឆ្នាំ​ចាស់ Madison Keys នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៦-២ និង​៦-៤​។


 
​កីឡាការិនី​ជប៉ុន​វ័យ​២០​ឆ្នាំ​រូបនេះ នឹងត្រូវ​ប្រជែង​ជាមួយ​ម្ចាស់​ជើងឯក ៦​សម័យកាល Serena Williams ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​តារាង Flushing Meadows នាទី​ក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨​។​
 
Osaka ដែលជា​កីឡាការិនី​ជប៉ុន​ដំបូង​គេ​ដែល​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កំពូល Grand Slam បាន​ព្យាយាម​យ៉ាងខ្លាំង​ក្លា​ដើម្បី​វាយបក​យកឈ្នះ​ពិន្ទុ​កីឡាការិនី​អេ​មេ​រិ​ក Keys ក្នុង​ការឈាន​ទៅកាន់​វ​គ្គ​ផ្តាច់ព្រ័ត្រ​នេះ​។​
 
​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១៧​ពិភពលោក​ដែល​កើត​នៅក្នុង​ក្រុង​អូ​សា​កា​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ក្រោយ​ចប់​ការប្រកួត​ដូច្នេះ​ថា​៖«​វា​អាចជា​រឿង​អាក្រក់ ប៉ុន្តែ​ខ្ញុំ​និយាយ​លេង​ទេ ខ្ញុំ​ពិតជា​ចង់​លេង​ទល់នឹង Serena ណាស់​។ ខ្ញុំ​ស្រលាញ់​អ្នក (Serena) ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​ដែរ​»​។ 
 
​ចំណែក​កីឡាការិនី​សញ្ជាតិ​អាមេរិក Serena Williams ដែលជា​គូប្រជែង​របស់ Osaka សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ US Open ឆ្នាំ​២០១៨​នេះ បាន​យកឈ្នះ Anastasija Sevastova កីឡាការិនី​របស់​ឡេ​តូ​នី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៦-៣ និង​៦-០​។ 
  
 
​តើ​កីឡាការិនី Osaka អាច​យកឈ្នះ​រៀមច្បង​វ័យ​៣៦​ឆ្នាំ​ដើម្បី​គ្រង​តំណែង​ជើងឯក​លំដាប់​ពិភពលោក​នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បានដែរ​ឬទេ​?

Tag:
 វាយ​កូន​បាល់​
  US Open
  Naomi Osaka
  Serena Williams
© រក្សាសិទ្ធិដោយ thmeythmey.com