ជាតិ
តារាល្បីៗ
សិល្បះ
នាយ​ឆើត របួស​បាក់ឆ្អឹង​ដងកាំបិត និង​ឆ្នឹង​ជំនី ក្នុង​គ្រោះថ្នាក់​ចរាចរណ៍
08, Sep 2018 , 9:13 am        
រូបភាព
ភ្នំពេញ​៖ តារាភាពយន្ត​ជើងចាស់ លោក ពៅ គី​សាន់ ដែល​គេ​ស្គាល់​ថា «​នាយ​ឆើត​» បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​រងរបួស​បាក់ឆ្អឹង​ដងកាំបិត​១ បាក់ឆ្អឹង​ជំនី​៥ ប្រអប់ដៃ​ប្រអប់ជើង​ត្រូវ​ដេរ​ទាំងអស់ និង​មាន​ឈាមកក​ក្នុង​ខួរក្បាល​។ នេះ​បើតាម លោក គី​សាន់ រ៉ៃ​យ៉ា ដែល​ត្រូវជា​កូន​របស់​នាយ ឆើត​។



​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃទី ៧​ខែកញ្ញា នៅ​ចំណុច ក្រាំងធ្នង់ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈពេល​លោក គី​សាន់ ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​។ លោក គី​សាន់ រ៉ៃ​យ៉ា មិន​បានដឹង​ព័ត៌មាន​លំអិត​លើ​ករណី​នេះឡើយ​។​

​គី​សាន់ រ៉ៃ​យ៉ា បញ្ជាក់ថា ពេលនេះ​ឪពុក​របស់ខ្លួន​កំពុងស្ថិត​ក្នុង​បន្ទប់​ត្រៀម​សង្គ្រោះបន្ទាន់ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​លោកសង្ឃ​)​។ លោក​ថា បើសិនជា​គ្រូពេទ្យ​ពិនិត្យឃើញថា ឪពុក​ខ្លួន​នៅតែមាន​ឈាម​ហូរ​នៅក្នុង​ខួរក្បាល នោះ​ក្រុមគ្រូពេទ្យ​នឹង​វះកាត់​បន្ទាន់​។ «​ប៉ា​មាន​ឈាមកក​ក្នុង​ខួរក្បាល បើ​ឈាម​នៅតែ​ហូរ​ពេទ្យ​នឹង​វះកាត់​។ ខ្ញុំ​កំពុងតែ​បារម្ភ​ខ្លាំង​ព្រោះ​ប៉ា​រវើរវាយ​និយាយ​តែឯង ហើយ​ពេលនេះ គ្រួសារ​កំពុងតែ​ខ្វះខាត​ខ្លាំង​»​។​

​លោក ពៅ គី​សាន់ គឺជា​តារាភាពយន្ត​ដ៏​ល្បីល្បាញ​ដែលមាន​ជំនាញ​សំដែង​ជា​តួ​កាច នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ។ ជាទូទៅ គេ​ស្គាល់​រហស្សនាម​របស់លោក ថា នាយ​ឆើត​៕

Tag:
 នាយឆើត​
  ពៅ គី​សាន់​
 សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com