ជាតិ
​​​ន​យោ​បាយ​ជាតិ​
​តំណាងរាស្ត្រ និង​សមាជិក​រដ្ឋាភិបាល​ធ្វើ​សច្ចាប្រណិធាន ប្រឆាំង​អយុត្តិធម៌​សង្គម​
08, Sep 2018 , 12:07 pm        
រូបភាព
រូបភាព AKP
រូបភាព AKP
ដោយ: ថ្មីៗ
នៅក្នុង​រដ្ឋធម្មនុញ្ញ ពាក្យ​សច្ចាប្រណិធាន​សម្រាប់​សមា​ជិ​ក​រដ្ឋសភា​មានចែង​នៅក្នុង​ឧបសម្ព័ន្ធ​ទី​៥ ហើយ​ពាក្យ​សច្ចាប្រណិធាន​សម្រាប់​សមា​ជិ​ក​រដ្ឋាភិបាល​ត្រូវ​បានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៦​។ ពាក្យ​សច្ចាប្រណិធាន​ដូចគ្នា​ទាំងអស់​សម្រាប់​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សមាជិក​រដ្ឋាភិបាល​។ សារព័ត៌មាន​ថ្មីៗ សូម​បង្ហាញ​ពាក្យ​សច្ចាប្រណិធាន​ខាងក្រោម​នេះ​៖ 


​ទូលព្រះបង្គំ​យើងខ្ញុំ ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើ សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​៖
 
-​ក្នុងពេល​ប្រតិបត្តិការ​តាម​មុខតំណែង​ខ្លួន និង​ក្នុងការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បានប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ យើងខ្ញុំ​គ្រប់រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​គោរព​រដ្ឋធម្មនុញ បម្រើ​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូលព្រះបង្គំ​យើងខ្ញុំ​សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្សពួក ឬ​សម្រាប់​ភាគី​រៀងៗ ខ្លួន​ឡើយ​។​
 
-​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​ប្ដូរផ្ដាច់​ហ៊ាន​បូជាជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូ​វៈ​
 
•​ ​ឯករាជ្យភាព​ទាំងស្រុង នៃ​មាតុភូមិ​កម្ពុជា​
 
•​ ​អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍​
 
•​ ​បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា​ធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ​១៩៦៣ ដល់ ១៩៦៩
•​ ​ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ​បែងចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។​
 
- ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​រក្សាទុក​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាពមិន​ចូលបក្ស​សម្ព័ន្ធ សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូលក្នុង​ផ្ទែ​ក្នុងនៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលព្រះបង្គំ​យើងខ្ញុំ​មិន​បម្រើ​ជាដាច់ខាត​នូវ​ប្រយោជន៍​បរទេស ហើយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។​
 
-​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ យើងខ្ញុំ​នឹង​បំបាត់ចោល​ទាំងស្រុង នូវ​អំពើហិង្សា​គ្រប់បែបយ៉ាង​។​
 
​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ តស៊ូ​ប្រឆាំង​និង​ការរំលោភ ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារជាតិ មាតុភូមិ​ខ្លួន​។​
 
-​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​គោរព​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមាន​របប សភា និង ពហុបក្ស ព្រមទាំង​មានការ​គោរព​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិមនុស្ស​។​
 
-​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្ដិភាព​ជាតិ ដើម្បី​ភាពសម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា ជាទីគោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់រូប​៕
 
 
 
 

Tag:
 សច្ចាប្រណិធាន
  សម្បថ
  អាណត្តិ​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com