ជាតិ
នយោបាយជាតិ
គណបក្សកាន់អំណាចនឹងសាងសង់ទីស្នាក់ការកណ្តាលថ្មីជាអគារធំខ្ពស់
× គណបក្សប្រជាជនកម្ពុជាដែលទើបឈ្នះការបោះឆ្នោតកាន់អាសនៈរដ្ឋសភាទាំងមូល នឹងសាងសង់អគារទីស្នាក់ការកណ្តាលថ្មីនៅលើទីតាំង អគារបច្ចុប្បន្នដែលត្រូវបានវាយតម្លៃថាចាស់ទ្រុឌទ្រោម។ មិនមានមន្ត្រីគណបក្សអាចនិយាយអំពីគម្រោងសំណង់អគារនេះនៅពេលនេះឡើយ ក្រៅពីលោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអាចគ្រាន់តែមានប្រសាសន៍ថា លោកបានឮព័ត៌មាននេះខ្លះៗ។
មន្ត្រីទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងបន្តកាន់អំណាច ត្រូវបានស្នើឲ្យទៅធ្វើការនៅអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញលើផ្លូវ២០០៤។ ការរើការិយាល័យនៃទីស្នាក់ការកណ្តាល (គ៨៥) នៃគណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលើមហាវិថីព្រះនរោត្តម ត្រូវបានធ្វើឡើងនៅក្រោយការប្រកាសលទ្ធផលបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច។ ប៉ុន្តែលោកបានអះអាងថា លោកមិនបានដឹងច្បាស់អំពីគម្រោងនៃសំណង់នេះទេ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដដែលបានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំបានឮព័ត៌មានក្រៅផ្លូវការថា គឺជាគម្រោងសំណង់អគារខ្ពស់ ហើយការសាងសង់មានរយៈពេល២ឆ្នាំ។ នៅពេលនេះ មន្ត្រីរបស់គណបក្សជាង១០០នាក់ ត្រូវទៅធ្វើការនៅអគារគណបក្សក្រុង (រាជធានី)»។
បើសិនជាពិតដូចការអះអាងរបស់លោក សុខ ឥសាន មែន គណបក្សប្រជាជនកម្ពុជានឹងមានអគារទីស្នាក់ថ្មីរបស់ខ្លួននៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។
បើយោងតាមប្រភពព័ត៌មានមួយទៀតពីគណបក្សកាន់អំណាច ការដ្ឋានសាងសង់អគារគណបក្សនឹងអាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
បើទោះជាមិនអាចមានព័ត៌មានលម្អិតប្រាប់សារព័ត៌មានថ្មីៗក៏ពិតមែន ប៉ុន្តែអ្នកនាំពាក្យដដែលអធិប្បាយថា អគារថ្មីគឺជានិមិត្តរូបនៃការរីកចម្រើននៃគណបក្សរបស់លោក។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាដែរនោះ បានពន្យល់យ៉ាងដូច្នេះ៖«អគារទីស្នាក់ការរបស់គណបក្សសព្វថ្ងៃពិតជាចាស់ទ្រុឌទ្រោមមែន។ ជាសំណង់នៅដើមទស្សវត្សរ៍១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ អគារថ្មីនេះ គឺជាយុទ្ធសាស្ត្រ ហើយដែលនឹងបញ្ជាក់អំពីភាពយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជាទៅថ្ងៃខាងមុខ»៕
Tag:
CPP
បក្សប្រជាជនកម្ពុជា
សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com