ការមិនព្រមសហការ និងជំទាស់យ៉ាងដាច់ខាតរបស់រដ្ឋាភិបាលក្រុងណៃពិដោរ មិនអាចក្លាយជាឧបសគ្គសម្រាប់តុលាការអន្តរជាតិក្នុងការពិចារណាចាត់ការលើសំណុំរឿងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបានឡើយ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលជានីតិបុគ្គលអចិន្ត្រៃយ៍ និងឯករាជ្យ បានសម្រេចប្រកាសពីយុត្តាធិការលើសំណុំរឿងដ៏ស្មុគស្មាញមួយនេះដើម្បីបន្តនីតិវិធីជំនុំជម្រះស្វែងរកអ្នកទទួលខុសត្រូវ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅកាត់ថា ICC នៅថ្ងៃ៦ កញ្ញា បានសម្រេចដោយសំឡេងភាគច្រើនថា តុលាការ មានយុត្តាធិការលើសំណុំរឿងជនភៀសខ្លួនរាប់សិបម៉ឺននាក់របស់មីយ៉ាន់ម៉ា ដែលកំពុងតែផ្ញើជីវិតលើទឹកដីបង់ក្លាដែស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៃគេហទំព័រផ្លូវការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ អង្គជំនុំជម្រះរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានរកឃើញថា តុលាការ មានអំណាចក្នុងការជំនុំជម្រះតាមរយៈបណ្តឹងរបស់អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលបានស្នើឲ្យចាត់ការមីយ៉ាន់ម៉ាលើករណីវិបត្តិជនភៀសខ្លួន ដែលអគ្គរដ្ឋអាជ្ញា បានរកឃើញពាក់ព័ន្ធនឹងសញ្ញាណនៃការប្រព្រឹត្តបទល្មើសប្រឆាំងនឹងមនុស្សជាតិ។
អង្គជំនុំជម្រះរបស់តុលាការ ក៏បានបញ្ជាក់ផងដែរថា បើទោះបីជាមីយ៉ាន់ម៉ា មិនមែនជាភាគីនៃលក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយ តុលាការ នៅតែមានយុត្តាធិការលើសំណុំរឿងនេះ។ នោះ ក៏ព្រោះតែ ធាតុផ្សំនៃបទល្មើសនេះ (បទល្មើសតាមព្រំដែន) បានកើតឡើងនៅក្នុងអធិបតេយ្យរបស់រដ្ឋភាគី (បង់ក្លាដែស) នៃលក្ខន្តិកៈ។
ដូច្នេះតាមរយៈសេចក្តីសម្រេចរបស់អង្គជំនុំជម្រះ តុលាការ អាចមានយុត្តាធិការ និងអំណាចក្នុងការជំនុំតាមបទចោទរបស់អគ្គរដ្ឋអាជ្ញាប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាលើបទល្មើស ដែលបានកំណត់ក្នុងមាត្រា៥ នៃលន្តិកៈក្រុងរ៉ូម រួមមានដូចជា បទល្មើសប្រឆាំងមនុស្សជាតិជាដើម។ តាមរយៈសេចក្តីសម្រេចនេះ អគ្គរដ្ឋអាជ្ញា ក៏អាចបន្តនីតិវិធីពាក់ព័ន្ធក្នុងការវាយតម្លៃបឋមថាតើសំណុំរឿងនេះអាចមានធាតុផ្សំគ្រប់គ្រាន់ថាអាចចាត់ទុកជាបទល្មើសប្រឆាំងមនុស្សជាតិឬយ៉ាងណា។
គួរជម្រាបផងដែរ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកើតចេញពីរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា និងបានបង្កឲ្យប្រជាជននៅទៅនោះ រត់ភៀសខ្លួនទៅកាន់បង់ក្លាដែសរាប់សិបម៉ឺននាក់ បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំហើយ។ តាមរបាយការណ៍របស់អង្គការពាក់ព័ន្ធសិទ្ធិមនុស្ស វិបត្តិនេះ មានរឿងរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅពីក្រោយដែលបង្កដោយអាជ្ញាធរមីយ៉ាន់ម៉ា ដូចជា ការសម្លាប់ក្រៅប្រព័ន្ធតុលាការ រំលោភហិង្សា និងការបង្ខំឲ្យចាកចេញជាដើម។
ដោយមើលឃើញពីវិបត្តិមនុស្សជាតិនេះ នៅថ្ងៃ០៤ មេសា លោកស្រីអគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda បានដាក់បណ្តឹងមួយដោយស្នើឲ្យតុលាការសម្រេចថាតើតុលាការអាចអនុវត្តយុត្តាធិការរបស់ខ្លួនលើការបណ្តេញជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីប្រទេសបាន ឬយ៉ាងណា។ នៅពេលនោះលោកស្រី ក៏បានទទួលស្គាល់ថាសំណើនេះគឺជារឿងដ៏លំបាកនៃផ្នែកច្បាប់មួយ ដ្បិត មីយ៉ាន់ម៉ា មិនមែនជាភាគី នៃលក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ។
ជុំវិញបណ្តឹងនេះ កាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលបក្សកាន់អំណាចរបស់លោកស្រីអ៊ុងសាន ស៊ូជី ក៏បានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលការសុំកិច្ចសហការ និងការកោះហៅឲ្យចូលបំភ្លឺពីតុលាការព្រហ្មណ្ឌអន្តរជាតិផងដែរ។ ក្រុងពិដោរ បានអះអាងថា ខ្លួនមិនឲ្យតម្លៃលើការកោះនោះឡើយ ដ្បិតមីយ៉ាន់ម៉ា មិនមែនជារដ្ឋភាគីរបស់លក្ខន្តិកៈក្រុងរ៉ូមឡើយ។
តែពេលនេះ គោលដៅដំបូងរបស់លោកស្រី បានសម្រេចហើយ ពោលគឺ លោកស្រី អាចបន្តនីតិវិធីផ្នែកច្បាប់អន្តរជាតិទៀតបានក្នុងការពិនិត្យ និងវិនិច្ឆ័យលើស្ថានភាពដែលបានកើតឡើងទៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដើម្បីជាការបន្ទុក និងស្វែងរកអ្នកទទួលខុសត្រូវ។ ទោះចង់ឬមិនចង់ មីយ៉ាន់ម៉ា ត្រូវស្ថិតនៅក្រោមក្រសែភ្នែកអន្តរជាតិ ពិសេសលើតុលាការព្រហ្មទណ្ឌអន្តរជាតិតែម្តង។
គួរឲ្យកត់សម្គាល់ផងដែរនោះ ថ្មីៗនេះ ក្រុមស្វែងរកការពិត ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិទទួលបេសកកម្មលើសំណុំរឿងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក៏បានចេញរបាយការណ៍លទ្ធផលរបស់ពួកគេផងដែរ។ របាយការណ៍ បានអះអាងថា ពីសញ្ញាណនៃការប្រព្រឹត្តបទល្មើសប្រល័យពូជសាសន៍ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ាលើជនជាតិភាគតិចនៅក្នុងរដ្ឋរ៉ាខាន ដែលនេះ ក៏អាចជាភស្តុតាងមួយផ្នែកសម្រាប់អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិប្រើប្រាស់ក្នុងការដាក់បន្ទុកផងដែរ៕