កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Fan Award ៖ បុរស​ស៊ី​លី​ដែល​ធ្វើដំណើរ​ទៅ​គាំទ្រ​ក្រុម​ចម្ងាយ​១៥០០​គីឡូម៉ែត្រ​ជាប់​ក្នុង​បញ្ជី ៣​បេក្ខភាព​ចុងក្រោយ​
09, Sep 2018 , 5:39 pm        
រូបភាព
​ពានរង្វាន់​អ្នកគាំទ្រ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ (FIFA Fan Award) ៣​បេក្ខភាព​ចុងក្រោយ ត្រូវបាន​ប្រគល់ជូន​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​នៅឯ​ការប្រកួត World Cup និង សកម្មភាព​គំរូ​ក្នុង​កីឡដ្ឋាន​របស់​ក្រុម​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ជប៉ុន​រួមជាមួយ​សេ​ណេ​ហ្គា​ល់​នៅ​រុស្ស៊ី​។ អ្នកគាំទ្រ​ជនជាតិ​ស៊ី​លោក Sebastian Carrera បានធ្វើ​ដំណើរ​ចម្ងាយ ១៥០០​គីឡូម៉ែត្រ​ដើម្បី​ទៅ​គាំទ្រ​ក្រុម Deportes de Puerto Montt​។​


​មិន​ត្រឹមតែ​ផ្តល់​ពានរង្វាន់​សម្រាប់​កីឡាករ​បាល់ទាត់ គ្រូបង្វឹក​ឆ្មើ​ម​ប្រចាំឆ្នាំ​នោះទេ ប៉ុន្តែ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ក៏បាន​ប្រគល់​រង្វាន់​ជ័យលាភី​ជាច្រើន​ទៀត​ដែល​ក្នុងនោះ​ក៏មាន​ពានរង្វាន់​អ្នកគាំទ្រ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ (FIFA Fan Award) ផងដែរ​។​
 
FIFA បានសម្រេច​ជ្រើស​យក ៣​បេក្ខភាព​ចុងក្រោយ​ដើម្បី​ប្រជែង​ពាន​អ្នកគាំទ្រ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ រួមមាន​៖
 
​អ្នកគាំទ្រ​ជនជាតិ​ស៊ី​លី​ឈ្មោះ Sebastian Carrera ដែល​បានធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​ដល់​ទៅ ១៥០០​គីឡូម៉ែត្រ​ដើម្បី​ទៅ​គាំទ្រ​ក្រុមកីឡា​បាល់ទាត់ Deportes de Puerto Montt នៃ​លី​គ​លំដាប់​ទី​២​ស៊ី​លី Primera B ។ 
 
Carrera បានធ្វើ​ឲ្យ​ក្រុម Puerto Montt ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ទឹកចិត្ត​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់គេ​ដោយ​សុខចិត្ត​ធ្វើដំណើរ​ទៅ​រហូតដល់​រយៈពេល​២​ថ្ងៃ និង​២​ថ្ងៃ​មកវិញ​ក្នុង​រយៈ​ចំងាយ​សរុប​៣០០០​គីឡូម៉ែត្រ​។​
 
  

​ចំណែក​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​ប៉េ​រូ​ក៏​ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដើម្បី​ប្រជែង​ពានរង្វាន់ FIFA Fan Award នេះដែរ​។ អ្នកគាំទ្រ​ប៉េ​រូ​ចំនួន​៤០០០០​នាក់ បានធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​គាំទ្រ​ក្រុម​ជម្រើសជាតិ​ខ្លួន​ដែល​បាន​កៅអី​លើកដំបូង​ក្នុង​រយៈពេល​៣៦​ឆ្នាំ ក្នុង​ការប្រកួត​កីឡាបាល់ទាត់ World Cup ឆ្នាំ​២០១៨​។ ចំនួន​អ្នកគាំទ្រ​ដ៏​ច្រើនសន្ធឹក​ជាមួយនឹង​ឯកសណ្ឋាន​ព័ណ៌​ក្រហម​បានធ្វើ​ឲ្យ​មាន​ភាពស្រស់​បំព្រង និង​ទាក់ទាញ​នៅក្នុង​កីឡដ្ឋាន​រាល់ពេល​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ប៉េ​រូ​។​
 
 
​បេក្ខភាព​ចុងក្រោយ​សម្រាប់​ពានរង្វាន់​នេះ ស្ថាប័ន​គ្រប់គ្រង​កីឡា​ពិភពលោក​បាន​ជ្រើស​យក​សកម្មភាព​គំរូ​ដល់​សង្គម​របស់​ក្រុម​អ្នកគាំទ្រ​ជប៉ុន និង​សេ​ណេ​ហ្គា​ល់​នា​ការប្រកួត World Cup នៅ​រុស្ស៊ី​កន្លងមក​។ អ្នកគាំទ្រ​ក្រុម​ទាំងពីរ​បានបង្ហាញ​ពី​ការគិតគូ​បរិ​ដ្ឋា​ន​ដ៏​គួរ​ឲ្យ​គោរព ដោយ​ដើរ​រើស​សំរាម​ដែល​នៅ​រាយប៉ាយ​ក្នុង​កីឡដ្ឋាន​នៅ​រៀងរាល់​ក្រោយ​ការប្រកួត​បើទោះបី​ក្រុម​របស់​ពួកគេ​ចាញ់ ឬ​ឈ្នះ​ក៏ដោយ​។ សកម្មភាព​ទាំងអស់នោះ​ក៏បាន​ទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អ្នកគាំទ្រ​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​។​
 
 
 



 

Tag:
 ​បាល់ទាត់​
  FIFA Fan Award
  អ្នកគាំទ្រ​ឆ្នើម​បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com