កីឡាអន្តរជាតិ
អន្តរជាតិ
Osaka ជា​កីឡាការិនី​ជប៉ុន​ទី​១ ដែល​ឈ្នះ Grand Slam ខណៈ Williams រង​ពិន័យ​
10, Sep 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​វាយ​កូន​បាល់ Naomi Osaka ជា​កីឡាការិនី​ជប៉ុន​ដំបូង​បំផុត​ដែល​អាច​ឈ្នះ​ពាន US Open ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​យកឈ្នះ Serena Williams ដែល​ចោទ​អាជ្ញាកណ្តាល​កាត់សេចក្តី​ថា​ជា​ចោរ​ក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​កំពូល Grand Slam នេះ​។​


 
​កីឡាការិនី​ជប៉ុន​វ័យ​២០​ឆ្នាំ​រូបនេះ បាន​យកឈ្នះ Madison Keys នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ឈានទៅ​ដណ្តើមពាន Grand Slam នៅ​ទឹកដី​អាមេរិក​ដោយ​ផ្តួល​ម្ចាស់​ជើងឯក ៦​សម័យកាល Serena Williams ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៦-២ និង​៦-៤ នៅ​តារាង Flushing Meadows នាទី​ក្រុង​ញូវយ៉ក នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨​។​


 
Osaka ដែល​កើត​នៅក្នុង​ក្រុង​អូ​សា​កា ហើយ​មាន​ម្តាយ​ជា​ជនជាតិ​ជប៉ុន ឪពុក​ជាន​ជាតិ​ហៃ​ទី ប៉ុន្តែ​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក បាន​ក្លាយជា​កីឡាការិនី​ជប៉ុន​ទី​១​ក្នុង​ប្រ​វត្ត​សាស្ត្រ​ដែល​អាច​ឈ្នះ​ពាន​កីឡា​វាយ​កូន​បាល់​លំដាប់​កំពូល​ពិភពលោក​មួយ​នេះ​។​
 
​កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១៧​ពិភពលោក ក៏​ទទួល​បានការ​សារ​ទរ​ពី​សំណាក់​ប្រជា​ធានា​ធិបតី​ជប៉ុន Shinzo Abe តាមរយៈ​បណ្តាញ​សង្គម Twitter ចំពោះ​ជ័យជម្នះ​នេះ​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ជប៉ុន​នូវ​ការជំរុញ​លើកទឹកចិត្ត​នណៈ​ប្រទេស​នេះ​កំពុង​ទទួល​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ និង​ឧទ្ទិស​ដល់​ការស្លាប់​របស់​ប្រជាជន​រាប់សិប​នាក់​។ 


 
​ដោយឡែក​កីឡាការិនី​អាមេរិក Serena Williams ដែល​ទទួលបាន​រងជើង​ឯក​ពី​ព្រឹត្តិការណ៍​នេះ បាន​សម្តែង​អក​ប្ប​កិរិយា​មិន​សមរម្យ នៅ​អំឡុង​ការប្រកួត​ដោយនិយាយ​ទៅកាន់​លោក​អាជ្ញាកណ្តាល​កាត់សេចក្តី​ថា​ជា​ចោរ​ថែម​ទៀតផង​។​
 
​ការរំលោភបំពាន​លើ​ក្រមសីលធម៌​កីឡា​របស់​ម្ចាស់​ពានរង្វាន់ Grand Slam ២៣​លើក វ័យ​៣៦​ឆ្នាំនេះ ត្រូវបាន​សហ​ពន្ធ​កីឡា​វាយ​កូន​បាល់​អាមេរិក​បានសម្រេច​ពិន័យ​ជា​ប្រាក់​១៧០០០​ដុល្លារ​អាមេរិក​ផងដែរ​។​


 
​សម្រាប់​វិ​ញ្ជា​សា​បុរស​វិញ កំពូល​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី Novak Djokovic បាន​យកឈ្នះ កីឡាករ Juan Martin del Potro របស់​អា​ហ្ស​ង់​ទីន​ក្នុង​លទ្ធផល ៦-៣ ៧-៦ និង​៦-៣ ដើម្បី​គ្រង​ជើងឯក US Open ជា​លើក​ទី​៣៕
 

Tag:
 វាយ​កូន​បាល់​
  US Open
  Naomi Osaka
  Serena Williams
© រក្សាសិទ្ធិដោយ thmeythmey.com