អន្តរជាតិ
វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន ផ្តោតលើ​«​តួនាទី​សហគ្រិន​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​»
11, Sep 2018 , 9:39 pm        
រូបភាព
​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី ២៧ ស្តីពី​អាស៊ាន​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែកញ្ញា​នេះ​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​ផ្តោត​សំខាន់​លើ​គោលដៅ​អាទិភាព​ពេលអនាគតរ​បស់​អាស៊ាន​ក្នុង​«​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​»​។ មេដឹកនាំ​អាស៊ាន​ជាច្រើនរូប​រួមទាំង​សម្តេច ហ៊ុន សែន ផង​នោះ​មាន​វត្តមាន​ក្នុង​វេទិកា​នេះ ប៉ុន្តែ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មិន​អញ្ជើញ​ទៅ​ចូលរួម​ឡើយ​។


 
 វេទិកា​សេដ្ឋកិច្ច​ដែលមាន​រយៈពេល ៣ ថ្ងៃនេះ​ចាប់​ផ្តើមឡើង​ដោយមាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​ជាច្រើន​ស្ថិតក្រោម​មូលបទ «​អាស៊ាន​ជំនា​ន់ទី​៤៖ សហគ្រិនភាព និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​» (ASEAN 4.0: Entrepreneurship and the Forth Industrial Revolution)​។​
 
​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ការច្នៃប្រឌិត សហគ្រិនភាព ពាណិជ្ជកម្ម និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន (Inclusive Growth) នឹង​ក្លាយជា​ប្រធានបទ​ស្នូល​ក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ 
 
​មាន​ប្រជាជន​សរុប​ជាង ៦០០​លាន​នាក់​និង​មាន​ទំហំ​សេដ្ឋកិច្ច​ធំជាងគេ​លេខ​រៀង​ទី​ប្រាំមួយ​លើ​លោក  អាស៊ាន​ត្រូវបាន​គេ​ចាត់ទុកជា​អង្គការ​តំបន់​មួយ​ដែល​ជោគជ័យ​។ ប៉ុន្តែ​ការកើនឡើង​នៃ​បច្ចេកវិទ្យា​ឌីជីថល​ដែល​កើតមានឡើង​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​នេះ​នឹង​នាំមក​នូវ​កាលានុវត្តភាព (​ឱកាស​) និង​បញ្ហា​ប្រឈម​ផង​សម្រាប់​អាស៊ាន​ទាំងមូល​។​
​យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) គេ​ព្យាករ​ថា កម្លាំង​ពលកម្ម​ក្នុង​តំបន់​អាស៊ាន​នឹង​កើនឡើង ១១០០០​នាក់​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល ១៥​ឆ្នាំ​ខាងមុខនេះ​។ វា​មានន័យថា វា​ចាំបាច់​ត្រូវមាន​ការបង្កើត​ការងារ​តាម​តម្រូវការ​ប្រជាជន​ដែរ​។
​គេ​បារម្ភ​ថា បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI) នឹង​គំរាមកំហែង​ដល់​សេវា​ការងារ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ព្រោះ​គេ​ប្រមើល​ឃើញថា បច្ចេកវិទ្យា​នេះ​អាច​នឹង​ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស​។  ដូច្នេះហើយ តើ​គេ​ត្រូវ​ធានា​បែបណា​ដើម្បី​ប្រជាជន​អាចមាន​ការងារ​គ្រប់គ្រាន់​នៅពេល​អនាគត​នោះ​ជា​សំណួរ​ដ៏​លំបាក​ដែល​មេដឹកនាំ​អាស៊ាន​ត្រូវ​ឆ្លើយ​។ 
​មេដឹកនាំ​អាស៊ាន​ណាខ្លះ​មាន​វត្តមាន​ក្នុង​វេទិកា​ដ៏​សំខាន់​នេះ​?
 
​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ជាច្រើនរូប​នឹងចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅក្នុង​ទីក្រុង​ហាណូយ​។ មេដឹកនាំ​ទីមួយ​គឺ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន​។ សម្តេច​នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ក្នុង​វេទិកា​នេះ បន្ទាប់ពី​ត្រឡប់​មកពី​ចូលរួម​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អាស៊ាន​-​ចិន​លើក​ទី ១៥ នៅ​ទីក្រុង​ណាន​និង នៅ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​
 
​មេដឹកនាំ​អាស៊ាន​ទី​ពីរ​គឺ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង​។ តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀង សួន​ហ្វ៊ុ​ក លោក លី នឹង​ផ្តល់​សុន្ទរកថា​បើក​វេទិកា​នេះ​ក្នុងនាម​លោក​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៨​នេះ​ផង​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​សិង្ហ​បុរី សុន្ទរកថា​របស់លោក​នឹង​ផ្តោត​សំខាន់​លើ​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​ការប្រឹងប្រែង​សម្រប​ខ្លួន​ក្នុងការ​ផ្លាស់ប្តូរ​នៃ​បច្ចេកវិទ្យា​នា​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​ដើម្បី​ធានា​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ពេលអនាគត​។​
 
​ចំណែក​ទី​បី​គឺ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ​។ ទី​បួន​គឺ នាយករដ្ឋមន្ត្រី​ឡាវ​លោក ថុង​លួ​ន ស៊ី​សូលី​ត (Thongloun Sisoulith)​។ ទី​ប្រាំ គឺ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ (Mohathir Mohamad) ។ ទី​ប្រាំមួយ​គឺ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi)​។ 
 
​យ៉ាងណាក៏ដោយ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាសថា លោក មិន​បានមក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅ​វៀតណាម​ថ្ងៃ ១២ ខែកញ្ញា​នេះ​ទេ ប៉ុន្តែ​មិនមាន​ការ​បង្ហើប​ពី​ហេតុផល​ជាក់លាក់​ឡើយ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Ramon Lopez នឹងចូលរួម​ក្នុង​កម្មវិធី​នេះ​តំណាង​ឲ្យ​ប្រធានាធិបតី ឌូ​ទើ​តេ​។​
 
​ក្រៅពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន នាយករដ្ឋមន្ត្រី​ស្រីលង្កា​លោក Ranil Wickremesinghe និង មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​រួមទាំង​លោកស្រី​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង Kang Kyung-Wha​។​

Tag:
 អាស៊ាន​
  វេទិកា​សេដ្ឋកិច្ចពិភពលោក​
  WEF
 ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com