ជាតិ
ក្រសួងអប់រំ បង្កើតគណៈកម្មការកោសល្យវិច័យ ពិនិត្យ​ដោះស្រាយការមិនពេញចិត្តនឹងលទ្ធផល​បាក់ឌុប
12, Sep 2018 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យ និង​ដោះស្រាយ ការមិនពេញចិត្តនឹងលទ្ធផលប្រឡង​បាក់ឌុបឆ្នាំ២០១៨ ជូន​ដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងអ្នក​ពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែកញ្ញា​។



តាមប្រកាសព័ត៌មានដដែល គណៈកម្មការកោសល្យវិច័យ ចាប់ផ្តើមដំណើរការការងាររយៈពេល​១សប្តាហ៍ គិតចាប់ពីថ្ងៃទី១២ ខែកញ្ញានេះតទៅ។ 

ទាក់ទងនឹង​លទ្ធផល​បាក់ឌុបឆ្នាំ២០១៨នេះ ដើមឡើយទាំងក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយដែល​បាន​ចូលរួមសង្កេតការណ៍តាំងពី​ប្រឡង ​រហូតដល់​ប្រកាសលទ្ធផល បានប្រកាសពីជោគជ័យរបស់ខ្លួន ដោយលទ្ធផលគឺមានអ្នកប្រឡង ​ជាប់​ជាង​៦៦ភាគរយ។ ​ប៉ុន្តែបេក្ខជនមួយចំនួនដែល​បានប្រឡងជាប់ ហាក់មិនអស់ចិត្តនោះ គឺមុខវិជ្ជាគណិតវិទ្យា ដែល​ពួកគេគិតថាពួកគេធ្វើបានល្អនោះ បែរជាបានលទ្ធផលមិនល្អ ហើយមានអ្នក​ខ្លះធ្លាក់មុខវិជ្ជានេះទៀតផង។ ក្នុងចំណោម​បេក្ខជនដែល​ធ្លាក់ ក៏មាន យុវជន ឆាយ លីអាន ដែលជាសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០១៨ផ្នែកគណិតវិទ្យានេះផងដែរ។ ការណ៍នេះ បានក្លាយជាសម្ពាធសម្រាប់ក្រសួងអប់រំ សម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ពិនិត្យ និងដោះស្រាយបញ្ហានេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com