អន្តរជាតិ
រុស្ស៊ី​គ្រោង​ស្នើ UN បន្ធូរ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង
12, Sep 2018 , 9:59 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនាពេលកន្លងមក (រូបភាព Xinhua)
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនាពេលកន្លងមក (រូបភាព Xinhua)
​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Igor Morgulov នៅ​ថ្ងៃទី​១២ ខែកញ្ញា និយាយថា ក្រុង​មូ​ស្គូ​នឹងដាក់​សំណើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង នៅពេល​កូរ៉េខាងជើង​ចាត់វិធានការ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ គេ​មិនទាន់​ឃើញ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ធំដុំ​នៅឡើយ ទោះជា​បាន​សន្យា​ជាមួយ​អាមេរិក​ក្ដី​កាលពី​ខែមិថុនា​ក្ដី​។ មកទល់ពេលនេះ កូរ៉េខាងជើង បាន​ផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល និង​កម្ទេច​ទីតាំង​សាកល្បង​ក្ដី​។​

 
​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ធំជាងគេ ដោះលែង​ជនជាតិ​អាមេរិក លែង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ឈប់​សាកល្បង​នុយក្លេអ៊ែរ គឺជា​ផ្លែផ្កា​នានា​ដែល​កូរ៉េខាងជើង​សម្រេចបាន​ក្រោយ​ជំនួប​រវាង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​។ លោក គីម និង​លោក ត្រាំ បាន​ព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទាំងស្រុង រួច​ទើប​អាមេរិក​អាច​លើកលែង​ទណ្ឌ​កម្មបាន​។​
 
​សកម្មភាព​ទាំង​អម្បាលម៉ាន​របស់​កូរ៉េខាងជើង​ក្រោយ​ជំនួប​មេដឹកនាំ​នៅ​សិង្ហ​បុរី មិនបាន​ធ្វើ​ឲ្យ​អាមេរិក​ពេញចិត្ត​ឡើយ​។ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ច្រើន​ជាងនេះទៀត​ដើម្បី​ឈានដល់​ការរំសាយ​នុយក្លេអ៊ែរ​ទាំងអស់​តែម្ដង​។ ការទាមទារ​របស់​ក្រុង​វ៉ាស៊ីនតោន បែរជា​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខឹង​ទៅវិញ ព្រោះ​បន្ទាប់ពី​ការឯកភាព​គ្នា​មក មានតែ​ខ្លួន​ប៉ុណ្ណោះ​ដែល​បង្ហាញ​ឆន្ទៈ​អនុវត្តតាម​ការសន្យា ឯ​វ៉ាស៊ីនតោន​មិនទាន់​ធ្វើ​អ្វី​ទេ​។​
 
​យ៉ាងណាមិញ រុស្ស៊ី​ឯណោះ​យល់ឃើញថា ទង្វើ​របស់​កូរ៉េខាងជើង​ពិតជា​សម​ទទួល​ការលើកទឹកចិត្ត​មែន​។ នៅ​ថ្ងៃទី​១២ ខែកញ្ញា អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Igor Morgulov លើកឡើងថា ក្រុង​មូ​ស្គូ​នឹង​ស្នើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ឲ្យ​លើកលែង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ខ្លះៗ ប្រសិនបើ​កូរ៉េខាងជើង​ពិតជា​បានធ្វើ​កិច្ចការ​រំសាយ​នុយក្លេអ៊ែរ​មែន​នោះ​។ 
 
​ថ្លែង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាងជើង​នៅ​ទីក្រុង​វ្ល៉ា​ឌី​រ៉ូ​ស្តុក មន្ត្រី​ការបរទេស​រុស្ស៊ី​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត ខាងត្បូង និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​រូបនេះ​បញ្ជាក់ថា​៖ «​នៅពេល​កូរ៉េខាងជើង​មាន​ចំណាត់ការ​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ យើង​ជឿថា ក្រុមប្រឹក្សាសន្តិសុខ​មានអំណាច និង​គួរ​ដោះស្រាយ​បញ្ហា​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ យើង​នឹង​លើ​បញ្ហា​នេះ ជាមួយនឹង​ការយល់ឃើញថា កូរ៉េខាងជើង​ក៏​គួរតែ​ធ្វើ​រឿង​ចាំបាច់​នានា​ដែរ​។​» នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​
 
​ដូច​ដឹង​ស្រាប់​ហើយ កូរ៉េខាងជើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម​រាប់សិប​ជាន់ ដោយសារ​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន​។ ក្រុមប្រឹក្សាសន្តិសុខ​បានដាក់​ទណ្ឌកម្ម​ក្នុង​ក្របខណ្ឌ​អន្តរជាតិ ខណៈដែល​អាមេរិក​វិញ​ក៏បាន​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ដូចគ្នា​ដែរ​។ ឯ​រឿង​ទណ្ឌកម្ម​វិញ អាមេរិក​នៅតែ​ប្រាប់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​សិន ទើបបាន​ខ្លួន​អាច​ដក​ទណ្ឌកម្ម​តាម​ក្រោយ​ដែរ​៕
 

Tag:
 ​រុស្ស៊ី​
  កូរ៉េខាងជើង​
  អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com