អន្តរជាតិ
នាវាពិឃាតអាមេរិកមួយគ្រឿងចូលកៀកស៊ីរី ក្រោយរុស្ស៊ីព្រមានពីការវាយប្រហារអាវុធគីមីក្លែងក្លាយ នាវាចម្បាំងអាមេរិក USS Bulkeley (រូបភាពពី Flickr កងទ័ពជើងទឹកអាមេរិក)
× នាវាពិឃាតមួយគ្រឿងរបស់យោធាអាមេរិក បានចូលទៅដល់សមុទ្រម៉េឌីទែរ៉ាណេហើយ ខណៈដែលស្ថានការណ៍នៅស៊ីរីកំពុងតានតឹងខ្លាំង។ ទាហានរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់ កំពុងត្រៀមខ្លួនវាយប្រហារមូលដ្ឋានក្រុមឧទ្ទាមប្រឆាំងនៅខេត្ត Idlib ទោះជាមានការព្រមានផ្ទុះឡើងវិបត្តិមនុស្សធម៌ក្ដី។ ជាមួយគ្នានេះ រុស្ស៊ីក៏បានព្រមានពីផែនការរបស់ក្រុមឧទ្ទាមក្នុងការរៀបចំការវាយប្រហារអាវុធគីមីក្លែងក្លាយក្នុងខេត្តនេះ ដើម្បីឲ្យអាមេរិកមានលេសវាយប្រហារលើទ័ពរដ្ឋាភិបាល។
នាវាចម្បាំង USS Bulkeley ដែលជាប្រភេទនាវាពិឃាតថ្នាក់ Arleigh Burke បានចូលកៀកទឹកដីស៊ីរីហើយ ដោយបានទៅដល់សមុទ្រម៉េឌីទែរ៉ាណេតាមច្រក Gibraltar នៅថ្ងៃទី១២ ខែកញ្ញា។ ការទៅដល់របស់នាវាដ៏ទំនើបមួយនេះ ធ្វើឲ្យចំនួនកាំជ្រួច Tomahawk ដ៏មានឥទ្ធិពលរបស់អាមេរិកនៅក្បែរស៊ីរី មានដល់ទៅ២០០គ្រាប់ ហើយដែលអាចវាយប្រហារគោលដៅទាំងឡាយនៅស៊ីរីបានគ្រប់ពេលទាំងអស់ បើសិនមានបញ្ជាឲ្យវាយប្រហារ។
វត្តមានរបស់នាវាពិឃាតអាមេរិក ធ្វើឡើងស្របពេលដែលជម្លោះនៅស៊ីរីចាប់ផ្ដើមតានតឹងជាថ្មី បន្ទាប់ពីយោធាស៊ីរីត្រៀមបើកយុទ្ធនាការវាយលុយរំដោះខេត្ត Idlib ដែលជាមូលដ្ឋានចុងក្រោយគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលលោក បាសា អាល់-អាសាដ ។ ក្រុមលោកខាងលិចបានព្រមានពីលវិបាកផ្នែកមនុស្សធម៌ដែលអាចកើតចេញពីប្រតិបត្តិការមួយនេះ ខណៈប្រជាជនក្នុងខេត្តនេះជាងបីលាននាក់ ជាជនភៀសខ្លួនមកពីតំបន់ដែលមានប្រយុទ្ធខ្លាំងរវាងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម។
ស្របគ្នានឹងការប្រុងប្រៀបប្រយុទ្ធនេះ យោធារុស្ស៊ីបានរកឃើញផែនការវាយប្រហារអាវុធគីមីក្លែងក្លាយនៅ Idlib ដែលរៀបចំដោយក្រុមឧទ្ទាម និងលោកខាងលិច។ រុស្ស៊ីអះអាងថា គម្រោងវាយប្រហារក្លែងក្លាយនេះ គឺជាការបើកផ្លូវឲ្យអាមេរិកវាយប្រហារលើកម្លាំងយោធាស៊ីរីបានដោយស្របច្បាប់ ដូចកាលពីការបាញ់មីស៊ីលជាង១០០គ្រាប់ក្នុងខែមេសា។ ផែនការនេះ ក៏ជាការជួយក្រុមឧទ្ទាមដែលចាំការពារបន្ទាយចុងក្រោយរបស់ពួកគេផង។
យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោនបែរជានិយាយថា ក្រុងដាម៉ាស់ ជាអ្នករៀបចំផែនការប្រើប្រាស់អាវុធគីមីលើជនស៊ីវិលនៅ Idlib ទៅវិញ។ ក្រុងវ៉ាស៊ីនតោនបានព្រមានរួចហើយថា ឲ្យតែមានការវាយប្រហារដោយសារធាតុគីមី របបលោក អាសាដ នឹងមិនរួចខ្លួនឡើយ។
កាលពីសប្ដាហ៍មុន នាវាប្រយុទ្ធរបស់អាមេរិកមួយគ្រឿងទៀត USS Newport News បានទៅដល់សមុទ្រម៉េឌីទែរ៉ាណេហើយដែរ ស្របពេលរុស្ស៊ីធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅឆ្នេររបស់ស៊ីរីជាប់សមុទ្រមួយនេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Interfax ។ ច្បាស់ណាស់ថា ការណ៍ដែលអាមេរិកបញ្ជូននាវាចម្បាំងជាបន្តបន្ទាប់ទៅកាន់តំបន់កៀកស៊ីរី ក៏ព្រោះតែរុស្ស៊ីបានពង្រឹងសមត្ថភាពការពារស៊ីរីដូចគ្នាដែរ៕
Tag:
អាមេរិក
រុស្ស៊ី
ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com