អន្តរជាតិ
ជប៉ុន និង​វៀតណាម ទទូច​អាមេរិក​ឲ្យ​ចូលក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក​វិញ​
13, Sep 2018 , 10:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono នាកិច្ចពិភាក្សានៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅវៀតណាម
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono នាកិច្ចពិភាក្សានៅវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅវៀតណាម
ដោយ:
​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​វៀតណាម ជប៉ុន និង​វៀតណាម នៅ​ថ្ងៃទី​១៣ កញ្ញា បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ត្រឡប់​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា TPP  វិញ​។ ការទទូច​សុំ​នេះ​គឺធ្វើឡើង រយៈពេល​ជាង​មួយឆ្នាំ​ក្រោយពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដក​អាមេរិក​ចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​នេះ​។

 
​នៅ​ដើមឆ្នាំ​២០១៧ លោក​ត្រាំ បានចេញ​បញ្ជា​ដក​អាមេរិក​ចេញពី​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែលមាន​សមាជិក​ទាំង​អស់​ចំនួន ១២​ប្រទេស (​គិត​ទាំង​អាមេរិក​ផង​)​។ ការសម្រេច​នេះដែរ ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ «​តម្កល់​ប្រ​យោធា​អាមេរិក​ជាធំ​»​។   ទាក់ទិន​នឹង​កិច្ចព្រមព្រៀង TPP នេះ លោក​ត្រាំ​បាន​ចាត់ទុកថា វា​ជា​កិច្ចព្រមព្រៀង​អាក្រក់​និង​សម្លាប់​ការងារ​ប្រជាជន​អាមេរិក ។​
 
​សមាជិក​ហត្ថលេខី​ដែល​នៅ​សេសសល់​ទាំង ១១​ប្រទេស​ក្នុងនោះ​រូ​ម​មាន អូស្ត្រាលី កាណាដា ស៊ី​លី ជប៉ុន ម៉ាឡេស៊ី ម៉ិ​ក​ស៊ី​កូ នូ​វែ​ល​ហ្សេ​ឡង់ ប៉េ​រូ និង​ប្រទេស​អាស៊ាន​ចំនួន​៣ គឺ​ព្រុយ​ណេ វៀតណាម និង​សិង្ហ​បុរី បន្ត​កិច្ចព្រមព្រៀង​នេះ​ដំណើរការ​ទៅមុខ​បន្តទៀត បើជា​គ្មាន​វត្តមាន​សហរដ្ឋអាមេរិក​ក៏ដោយ​ក្តី​។ 
 
​យ៉ាងណាមិញ​បណ្ដា​ប្រទេស​ទាំង​១១​នេះ នៅតែ​បើកទ្វារ​រង់ចាំ​ការវិលត្រឡប់​របស់​ស​ហ​រដ្ឋ​អាមេរិក ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេងទៀត ដែល​មិនមែនជា​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​ផងដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Taro Kono បាន​លើកទឹកចិត្ត​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់មក​ចូល កិច្ចព្រមព្រៀង TPP វិញ​។ ការលើកឡើង​របស់លោក ធ្វើឡើង​នៅឯ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ជាទី​ដែល​កង្វល់​ជុំវិញ​គោលនយោបាយ​គាំពារ​និយម​របស់​អាមេរិក ជា​ប្រធាន​ក្តៅ​សម្រាប់​កិច្ចប្រជុំ​នេះ​។ 
 
​លោក Kono បាន​និយាយ​បែបនេះ​ថា​៖ «​យើង​ជឿជាក់ថា កិច្ចព្រមព្រៀង TPP នៅតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​បណ្ដា​រោងចក្រ និង​កសិករ​អាមេរិក​ផងដែរ​»​។ 
 
​ជប៉ុន ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅក្នុង TPP  បានផ្ដល់​ដង្ហើម​ដល់​កិច្ចព្រមព្រៀង​នេះ​ឲ្យ​រស់​ឡើងវិញ​។ ប៉ុន្តែ​កិច្ចព្រមព្រៀង TPP​នេះ ត្រូវបាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP)​។ កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ទំហំ​ទីផ្សារ​ប្រជាជន​ចំនួន ៥០០ លាន​នាក់ និង​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​ជាង ១៣,៥ ភាគរយ នៃ​សេដ្ឋកិច្ច​សកលលោក អាច​នឹង​ចូល​ជា​ធរមាន នា​បំណាច់​ឆ្នាំ​២០១៨​នេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Kono​។ 
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh បាន​បន្ទរ​ពីក្រោយ​តាម​ការលើកឡើង​របស់​លោក Kono ដោយបាន​ចាត់ទុក​កិច្ចព្រមព្រៀង​ឆ្លង​ទ្វីប​ថ្មី​នេះ​ថា​ជា «​កិច្ចព្រមព្រៀង​កម្រិត​ខ្ពស់បំផុត​មួយ​»​។​
 
​វៀតណាម ត្រូវបានគេទទួលស្គាល់​ថា​ជា​ប្រទេស​ទទួលបាន​ផលចំណេញ​ច្រើនជាងគេ​បំផុត​ពី​វត្តមាន​របស់​អាមេរិក​នៅក្នុង​កិច្ចព្រមព្រៀង TPP​។ ហេតុផល​នោះ​គឺថា កិច្ចព្រមព្រៀង​នេះ បាន​បើកឱកាស​ឲ្យ​ទំនិញ​វៀតណាម ដែល​ចេញពី​រោងចក្រ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ទាប អាចមាន​លទ្ធភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ដ៏​ធំ​របស់​អាមេរិក​។ ទំនិញ​ទាំងនោះ គឺ​រាប់​ចាប់ពី​ស្បែកជើង និង​សំលៀកបំពាក់ ទៅដល់​ទូរ​សព្ទ​ចល័ត និង​គ្រឿង​បង្គំ​កុំព្យូទ័រ​ជាដើម​។ 
 
​សម្រាប់​ប្រទេស​ហត្ថលេខី​ដែលមាន​ទីផ្សារ​តូច​ជាងគេ​ដូចជា​វៀតណាម​នេះ ការបើក​ជំហរ​ទីផ្សារ​ទៅកាន់​ទីផ្សារ​អាមេរិក ជា​គុណសម្បត្តិ​ដ៏​សំខាន់​មួយ​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​គួរ​បញ្ជាក់ដែរថា ការលើកឡើង​របស់​ជ​ប៉ុន និង​វៀតណាម​ធ្វើឡើង ក្រោយពី​លោក​ត្រាំ កាលពី​ខែមេសា​កន្លងទៅ ធ្លាប់បាន​និយាយ​ម្តង​ដែរ​ថា សហរដ្ឋអាមេរិក អាច​នឹង​ចូល​ជា​សមាជិក​កិច្ចព្រមព្រៀង​ឆ្លង​ទ្វីប​នេះ​ជាថ្មី ប្រសិនបើ​វា​មាន​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​៕
 

Tag:
 ជប៉ុន​
  វៀតណាម​
  សហរដ្ឋអាមេរិក​
  លោក Taro Kono
© រក្សាសិទ្ធិដោយ thmeythmey.com