ជាតិ
បាក់ឌុប៖ តាមរយៈអ្នកនាំពាក្យ រដ្ឋមន្ត្រីអប់រំសុំទោសចំពោះកំហុសឆ្គងអចេតនា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមុខសុំទោសទៅកាន់បេក្ខជន មាតាបិតា អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ ចំពោះកំហុសដែលក្រសួងអះអាងថាកើតឡើងដោយអចេតនា នៅក្នុងដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប។ ការសុំទោសនេះ ធ្វើឡើងតាមរយៈ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយលោកបញ្ជាក់បន្តថា កំហុសនេះកើតឡើងដោយអចេតនា ដោយសារកម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះ៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ លោករដ្ឋមន្ត្រី បានផ្ដាំសុំទោសបេក្ខជនប្រឡង មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីនេះ។ យើងមិនចង់ឱ្យមានបញ្ហានេះទេ។ វាកើតឡើងព្រោះបច្ចេកទេសកំព្យូទ័រ តែទោះជាយ៉ាងណា យើងបានប្រជុំ ដើម្បីមិនឱ្យមានបញ្ហានេះកើតឡើងទៀតនោះទេ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ក្រោយមានការតវ៉ា ក្រសួងបានធ្វើការយ៉ាងសកម្ម និងបានប្រជុំបន្ទាន់ជាបន្តបន្ទាប់ ដើម្បីធានាថា ការប្រឡងដំណើរការទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។
ចំពោះការចេញជាលិខិតសុំទោសផ្លូវការ លោក ឌី ខាំបូលី បញ្ជាក់ថា លោក នឹងយកសំណើនេះ ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ។
ក្រសួងអប់រំយុវជន និងកីឡា បានសើរើបូកពិន្ទុគ្រប់មុខវិទ្យាទាំងអស់ឡើងវិញ បន្ទាប់ពីមានបណ្តឹងតវ៉ាពីសិស្សានុសិស្ស ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា។ ជាលទ្ធផល ក្រសួងបានរកឃើញថា កម្មវិធីកំព្យូទ័រ មិនបានបូកពិទ្ទុមុខវិជ្ជាគណិតវិទ្យា របស់បេក្ខជនចំនួន៧៤០បន្ទប់ និងបានធ្វើឲ្យប៉ះពាល់បេក្ខជនថ្នាក់វិទ្យាសាស្ត្រជិត១០០០នាក់។ ការសើរើឡើងវិញនេះ ក៏បានធ្វើឲ្យលទ្ធផលសិស្សជាប់បាក់ឌុបកើនពី៦៦,២១ភាគរយ ទៅ៦៧. ០៩ភាគរយ។ ចំណែកសិស្សដែលជាប់និទ្ទេស A ក៏បានកើនឡើងពី ២៩០នាក់ ដល់ ៤០៨នាក់ផងដែរ៕
Tag:
បាក់ឌុប
អប់រំ
ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com