អន្តរជាតិ
តៃវ៉ាន់​ប្រឹង​ពង្រឹង​ចំណង​សន្តិសុខ​ជាមួយ​មហាអំណាច​ធំៗ ក្រោយ​ចិន​ដណ្ដើម​មិត្តភក្តិ​បន្តបន្ទាប់​
08, Oct 2018 , 7:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨ តៃវ៉ាន់​បាន​បាត់បង់​សម្ព័ន្ធមិត្ត​អស់បី​ប្រទេស​ហើយ​ទៅកាន់​ចិនដីគោក​។ សព្វថ្ងៃនេះ ប្រទេស​ដែល​នៅមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​មានតែ​១៧​ប្រទេស​ប៉ុណ្ណោះ ហើយ​សុទ្ធសឹង​ជា​រដ្ឋ​ក្រី​ក្រី តូចៗ និង​ដែន​កោះ​។ ខណៈ​បាត់បង់​មិត្តភក្តិ​ម្ដង​មួយៗ​នោះ តៃវ៉ាន់​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​មហាអំណាច​ធំៗ​ក្នុង​តំបន់​បន្ថែម​ពីលើ​ទំនាក់ទំនង​រឹងមាំ​ស្រាប់​ជាមួយ​អាមេរិក​។​

 
​ដំបូង​បូ​គី​ណា​ហ្វា​សូ បន្ទាប់មក​សាធារណរដ្ឋ​ដូ​មី​និក ចុងក្រោយ​អែល​សាល់​វ៉ា​ឌ័​រ បាន​បោះបង់​តៃវ៉ាន់ និង​ងាក​ទៅ​បង្កើត​ចំណង​ការទូត​ជាមួយ​ចិនដីគោក​។ តៃវ៉ាន់​ពិតជា​មិនសូវ​ស្រួលខ្លួន​ឡើយ ដោយសារ​បាត់បង់​មិត្ត​ជា​បន្តបន្ទាប់​បែបនេះ​។ ស្រប​ពេលដែល​ក្រុង​ប៉េកាំង​ប្រឹង​អូសទាញ​សម្ព័ន្ធមិត្ត​នៅ​សេសសល់​របស់ខ្លួន​នោះ ក្រុង​តៃប៉ិ​ក៏​ព្យាយាម​ពង្រីក​ចំណង​សន្តិសុខ​ជាមួយ​មហាអំណាច​នានា​ដូចជា​ជប៉ុន និង​ឥណ្ឌា​ជាដើម​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា តៃវ៉ាន់​បាន​ព្យាយាម​ចែករំលែក​ព័ត៌មាន​ចារកម្ម​អំពី​យោធា​ចិន​ជាមួយ​ឥណ្ឌា និង​ចង់​ឲ្យ​អ្នកជំនាញ​ជប៉ុន​ចូលរួម​ក្នុង​កម្មវិធី​នាវាមុជទឹក​របស់ខ្លួន​ផង​។ បើតាម​មន្ត្រី​រដ្ឋាភិបាល អនុព័ន្ធយោធា និង​មន្ត្រីការទូត​នានា ការប្រឹងប្រែង​របស់​តៃវ៉ាន់​ក៏បាន​ទទួលផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ដែរ​។ ក្រៅពី​ឥណ្ឌា និង​ជប៉ុន តៃវ៉ាន់​ក៏​សម្លឹង​ឃើញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ដូចជា​អូស្ត្រាលី និង​សិង្ហ​បុរី​ជាដើម​។​
 
​កិច្ចសហប្រតិបត្តិការ​រវាង​តៃវ៉ាន់ និង​ប្រទេស​ទាំងនោះ ត្រូវបាន​ធ្វើឡើង​ស្ងាត់ៗ ដើម្បី​ចៀសវាង​បង្ក​កំហឹង​ដល់​ក្រុង​ប៉េកាំង ដែល​វា​ក៏​នាំ​បញ្ហា​ដល់​ប្រទេស​ដែល​លួច​ជួយ​កោះ​មួយ​នេះ​ផង​។ អ្វីដែល​សំខាន់​នោះ ទង្វើ​របស់​តៃវ៉ាន់​បង្ហាញ​កាន់តែច្បាស់​ពី​នយោបាយ​បែរ​ទៅ​ទិស​ខាងត្បូង សំដៅ​រឹតចំណង​ពាណិជ្ជកម្ម និង​វប្បធម៌​ជាមួយ​ប្រទេស​ផ្សេង​ក្នុង​តំបន​។ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu និយាយថា តៃវ៉ាន់​ចង់បាន​ការយល់ដឹង​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ទាំងនោះ​ក្នុង​បរិបទ​សន្តិសុខ និង​យុទ្ធសាស្ត្រ​។​
 
​យ៉ាងណាមិញ ប្រទេស​ដែល​តៃវ៉ាន់​ប្រឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នោះ ទំនងជា​មិនអាច​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ដូច​តៃវ៉ាន់​ជាមួយ​អាមេរិក​ឡើយ​។ មិន​ថា​ឥណ្ឌា ឬ​ជប៉ុន​ឡើយ បានទទួល​ស្គាល់​នយោបាយ​ចិន​តែមួយ ដោយមាន​ប៉េកាំង​ជា​តំណាង មិនមែន​តៃប៉ិ​ទេ​។ ដូច្នេះ វា​ជា​រឿង​លំបាក​សម្រាប់​តៃវ៉ាន់​ដែល​ចង់​លួងលោម​មហាអំណាច​ធំៗ​ក្នុង​តំបន់​ឲ្យ​មាន​ចំណងមិត្តភាព​មាំមួន​ជាមួយ​ខ្លួន​ដូច​អាមេរិក​ដែរនោះ​។​
 
​អាមេរិក គឺជា​មហាអំណាច​តែមួយគត់ ដែល​គ្មាន​ចំណង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់ តែ​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​ដែន​កោះ​មួយ​នេះ ក្នុងការ​ទប់ទល់​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ចិនដីគោក​។ លើសពីនោះ អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំជាងគេ​របស់​តៃវ៉ាន់​ដែរ ហើយ​ជំនួញ​នេះ​កាន់តែ​កាក់កប​សម្រាប់​អាមេរិក​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ៕

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com