ជាតិ
លោក សៅ សុខា បែងចែក​ភារកិច្ច​ដល់​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ទាំង​១៦​រូប​ខ្លួន​
15, Sep 2018 , 9:29 pm        
រូបភាព
ដោយ:
​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បែង​ចែង​ការងារ​ទទួលខុសត្រូវ ទៅ​មេបញ្ជាការរង ដែលជា​ឧ​ត្ត​ម​សេនីយ៍​ឯក​១៥​រូប និង​ឧ​ត្ត​ម​សេនីយ៍​ទោ​១​រូប ក្នុង​ការជួយ​មេ​បញ្ជា​លើ​ការងារ​តាម​ផែន និង​ជំនាញ​នីមួយៗ​។

 
​យោងតាម​សេចក្ដីសម្រេច​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក សៅ សុខា ផ្ទាល់ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងមក លោក ហុង វិ​ណុល ទទួលបន្ទុក ផែនការ​ងារ ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ​។ លោក ម៉ន សាម៉ុន ទទួល​ផែន​ការងារ ប្រតិបត្តិការ​, លោក អន សុខន ផ្នែក​នគរបាល​យុត្តិធម៌  លោក​ប្រាក់ សិទ្ធិ ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​លោក ភួង ស៊ី​តិ​ន ផ្នែក​អប់រំ​-​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​។​


 
​មេបញ្ជាការរង​ផ្សេងទៀត ត្រូវ​ជួយ​លោក សៅ សុខា លើក​ការងារ​ជំនាញ​នានា ដែល​ក្នុងនោះ ការងារ​ជំនាញ​កសាង​កម្លាំង ជា​បន្ទុក​របស់លោក ស៊ិន សុ​ផាន្នី​, ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រ៉ាប់រង​ដោយ លោក ជា សារិន ខណៈ លោក សេង សុង ទទួល​ខាង ភ័ស្ដុភារ​, លោក តេង ឈួន កាន់​ការងារ​វិស្វកម្ម លោក ទៀង ប៊ុន​ខេង ខាង​សម្ភារ​បច្ចេកទេស លោក ស៊ុន ប៊ុន​ស​ក្កិ កាន់​ការងារ​ជំនាញ​អភិវឌ្ឍន៍​។​


 
​បញ្ជូន​សារ​-​បំភ័ន្ត​អក្ខរៈ និង​ការពារ​ឥស្ស​ជន​ជាន់ខ្ពស់ ស្ថិតក្រោម​បន្ទុក​របស់លោក ទន្ន សុខា​, សណ្ដាប់ធ្នាប់ និង​ការពារ​ឥស្សរជន ជា​ការងារ​របស់លោក វៀត ថា ចំណែក​ផ្នែក​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​មហន្តរាយ ដឹកនាំ​ដោយ លោក ប៉ោ វ​ណ្ណះ លោក រ័ត្ន ស្រ៊ាង ជា​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជា​ធានី​ភ្នំពេញ​, រីឯ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ាង ឆវី ទទួល​ការងារ​ផ្នែក​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យ៉េន​ឌ័​រ​។​
 
​នៅក្នុង​សេចក្ដីសម្រេច របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បន្ថែមថា ក្រៅពី​បែងចែក​ភារកិច្ច​ដូចខាងលើ មេបញ្ជាការរង​ទាំង​១៦​រូប ក៏ត្រូវ​ទទួលខុសត្រូវ​បំពេញការងារ​មួយចំនួនទៀត​តាម​ការប្រគល់​ភារកិច្ច​ជាក់ស្ដែង របស់​មេ​បញ្ជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕
 
​ប្រភព​រូបថត​ទាំងអស់​៖ ហ្វេ​ស​ប៊ុ​ក លោក អេង ហ៊ី​
 
 

Tag:
 ​សៅ សុខា​
 ​បែងចែក​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com