ជាតិ
សិស្ស​រៀន​ជំនាញ និង​ចំណេះដឹង​ទូទៅ​នៅ​សាលា A C T ត្រឹម​ថ្នាក់​ទី​១២​អាចធ្វើ​ការងារ​បាន​
16, Sep 2018 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ សាលារៀន​ចំណេះដឹង​ទូទៅ​មាន​ច្រើន​។ តែ​សាលារៀន​ដែល​ផ្តល់​ចំណេះដឹង​ទូទៅ​ផង និង​ចំណេះដឹង​ជំនាញ​ផង​មាន​តិច​។ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​សិស្សានុសិស្ស​ខ្មែរ​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២, សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ Academy of Careersand Technology (ACT) ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​លើ​មុខវិជ្ជា​ទូទៅ​ផង និង​ចំណេះដឹង​ជំនាញ​ផង​។ សិស្ស​ដែល​សិក្សា​នៅទីនេះ ទទួលបាន​ការសិក្សា​លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា ភូមិវិទ្យា ភាសារ​ខ្មែរ អង់គ្លេស​…​ដូច​នៅ​សាលា​រដ្ឋ និង​ឯកជន​ដទៃទៀត​។ លើសពីនេះទៅទៀត សាលា (ACT) ផ្តល់​ចំណេះដឹង​ជំនាញ​ទេសចរណ៍​, Digital Media Design និង​របៀប​ធ្វើ​ជំនួញ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​ថ្មីៗ (Thmeythmey.com) និង​កញ្ញា Lo Martalia (​ឡូ ម៉ា​ថា​លៀ​) នាយិកា​សាលា (A C T) ដូចតទៅ​៖ 
​សំឡេង​ជា​ភាសា​អង់គ្លេស​
 

 
​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១២​នៅ​សាលា (A C T) អាច​រក​ការងារ​បានធ្វើ​នៅក្នុង ឬ​ក្រៅប្រទេស ឬក៏​អាច​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ណាមួយ​ក៏បាន​នៅក្នុង​ប្រទេស​កម្ពុជា​។ សិក្សា​នៅទីនេះ ខុសពី​ការសិក្សា​នៅ​សាលា​ចំណេះដឹង​ទូទៅ​ផ្សេងទៀត ព្រោះ សាលា (A C T) ផ្តល់​ការបណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ​ផង និង​ចំណេះដឹង​ជំនាញ​ផង​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ កញ្ញា ឡូ ម៉ា​ថា​លៀ នាយិកា​សាលា (A C T) បាន​និយាយថា សញ្ញាបត្រ​នៅ​សាលា (A C T) ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​(​ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​)​។ 


 
​សូមបញ្ជាក់ថា សាលា (A C T) អេ​ស៊ី​ធី បានចាប់ផ្តើម និង​ដំណើរការ​តាំងពី​ឆ្នាំ ២០១៦ ដោយ​ស្ថាបនិក ៣​រូប គឺ អ្នកនាង ឡូ ម៉ា​ថា​លៀ (​នាយិកា​សាលា​) អ្នកនាង ឯក ចិន្តា​មុនី (​ប្រធាន​គ្រប់គ្រង​ទូទៅ​) និង​អ្នកស្រី វេ​ជើ​ស៍ សា​មិន​តា (​ប្រធាន​សម្របសម្រួល ការិយាល័យ​សិក្សា​) ហើយ ត្រូវបាន​ទទួលស្គាល់​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងទេសចរណ៍​។ 
 
​អេ​ស៊ី​ធី ត្រូវបាន​ចាប់ផ្តើម​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​មួយ​ដែល​កំពុងតែ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា គឺ​បញ្ហា​គម្លាត​ជំនាញ ដោយ​សាលា​មាន​ចក្ខុវិស័យ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​គុណភាព សម្រាប់​សេដ្ឋកិច្ច និង​ទីផ្សារ​អាស៊ាន តាមរយៈ​ការផ្តល់ជូន នូវ​ការអប់រំ​ដែលមាន​គុណភាព ពី​ថ្នាក់​ទី ៧ ដល់ទី​១២ និង​ការបណ្តុះបណ្តាល​ជំនាញ​ការងារ​កម្រិតស្តង់ដា​រ អាស៊ាន រួមជាមួយ​ឱកាស​ចុះ​ហាត់​ការ​នៅតាម​ស្ថាប័នឯកជន​ដោយផ្ទាល់ នៅ​ចុងឆ្នាំ​សិក្សា​ថ្នាក់​ទី​១២​ផងដែរ​។ 
 
​នៅ សាលា​អេ​ស៊ី​ធី សិស្សានុសិស្ស​រៀនចំណេះ​ទូទៅ ពាក់កណ្តាល​ពេល ហើយ​ពាក់កណ្តាល​ពេល​ទៀត ពួកគេ​រៀន ជំនាញ បច្ចេកទេស ដែល​ពួកគេ​បានជ្រើសរើស ក៏ដូចជា ការអភិវឌ្ឍ​បំណិត​ទន់ ថ្នាក់​បច្ចេកវិទ្យា ភាសាបរទេស និង​បំ​ណិ​ន​ជីវិត ដើម្បី​ជួយ​សិស្ស ឲ្យ​ត្រៀមលក្ខណៈ​ជាស្រេច សម្រាប់​ទីផ្សារការងារ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ អេ​ស៊ី​ធី​។ 
 
​នៅពេល​បញ្ចប់​ការសិក្សា សិស្សានុសិស្ស​នឹង​ទទួលបាន​សញ្ញាបត្រ​ដែល​មានតម្លៃ​សមមូល​នឹង​សញ្ញាបត្រ​ទុតិយភូមិ ដែល​ពួកគេ​អាច​ប្រើ​សញ្ញាបត្រ​នេះ​ទៅ​បន្ត​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា ឬ​ទៅ​ធ្វើការ​តែម្តង​ក៏បាន​៕ 

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com