កីឡាជាតិ
ជាតិ
បឹងកេត​ត្រូវការ​ឈ្នះ​អគ្គិសនី​ដើម្បី​តាម​ប្រកៀក​ណាហ្គា​
16, Sep 2018 , 12:29 pm        
រូបភាព
ដោយ:
​ពានរង្វាន់​បាល់ទាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២០ ដោយនៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​វេ​ស្ទើ​ន​ភ្នំពេញ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៣​រសៀល ខណៈ​អាស៊ី​អឺរ៉ុប​ជួប​ភ្នំពេញ​ក្រោ​ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​បឹងកេត​ប៉ះ​អគ្គិសនី​កម្ពុជា ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ នា​ការប្រកួត​ជើង​ទី​១ បឹងកេត​និង​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជា​គូប្រកួត ចុះ​ជើង​ទី​២​នេះ​?

 
​ក្រុម​បឹងកេត​ដែល​ស្ថិតនៅ​លេខ​២​ក្នុង​តារាង​មាន​៤៥​ពិន្ទុ ត្រូវការ​ឈ្នះ​អគ្គិសនី​កម្ពុជា​ជា​ចាំបាច់​នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ដើម្បី​រក្សា​គម្លាត​ឲ្យ​កៀក​ជាមួយ​ណាហ្គា​វើ​ល​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ឆ្នាំនេះ​។ ខណៈ​បច្ចុប្បន្ន ណាហ្គា​វើ​ល​កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៥០​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ ២-០ នា​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​។​
 
​បឹងកេត​ទំនងជា​មិន​ធ្វើ​ឲ្យ​ធ្វេសប្រហែស​ដូច​ជើង​ទី​១ ដែល​ស្មើ ១-១ ជា​អគ្គិសនី​កម្ពុជា​នោះទេ​ម្តងនេះ ព្រោះ​វា​ការប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ពួកគេ​ក្នុងការ​សន្សំ​ពិន្ទុ ខណៈដែល​ពានរង្វាន់​នេះ នឹង​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ​នៅ​ពីរ​សប្តាហ៍​បន្ទាប់​។ ប្រសិនបើ​បឹងកេត​ស្មើ ឬ​ចាញ់​ក្នុងការ​ប្រកួត​ល្ងាច​នេះ នឹងធ្វើ​ឲ្យ​ឱកាស​ប្រជែង​ជើងឯក​កាន់តែ​ខើច​ខ្លី​។ អគ្គិសនី​កម្ពុជា​ស្ថិតនៅ​លេខ​១១​ក្នុង​តារាង​មាន​៩​ពិន្ទុ​ប៉ុណ្ណោះ​។ 
 
​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៣​រសៀល​នេះដែរ ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​ប្រកួត​តទល់​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី RSN​។ ទោះបី​ក្រុម​ទាំងពីរ​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក តែ​ពួកគេ​ត្រូវ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ និង​បញ្ចប់​មន្ទិល​ក្នុង​ជើង​ទី​១​។ ប​ច្ច​ប្បន្ន​ភ្នំពេញ​ក្រោ​ន​ឈរ​លេខ​៥​មាន​៣០​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​៩​មាន​២៣​ពិន្ទុ​។ 
 
​ដោយឡែក ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ ដែល​អាច​ប្រឈម​នឹង​កាត់​ចេញពី​ក្របខណ្ឌ​កំពូល​នៅ​រដូវ​កាល​ក្រោយ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​ភ្ញៀវ​មកពី​សៀមរាប​អង្គ​រថា​យ​ហ្គឺ​រ​។ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ២-០​។ សម្រាប់​១៩​ប្រកួត​កន្លងមក​វេ​ស្ទើ​ន​ភ្នំពេញ​មិនដែល​ស្គាល់​ជ័យជម្នះ​នោះទេ ពោលគឺ​បាន​ត្រឹម​ស្មើ​១​លើក​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​ក្រុម​នេះ​ឈរ​បាត​តារាង​មាន​១​ពិន្ទុ​ក្នុង​ដៃ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​៨​មាន​២៣​ពិន្ទុ​៕  

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com