ភ្នំពេញ៖ ភាពយន្ត «ផ្នូរគ្មានឈ្មោះ» (Graves without a name) របស់ផលិតករ ប៉ាន់ រិទ្ធី កំពុងស្ថិតនៅក្រោមក្រសែភ្នែករបស់គណកម្មការជ្រើសរើសរឿងសម្រាប់ពានរង្វាន់អន្តរជាតិអូស្ការ (Oscar)។ ប៉ុន្តែមិនបោះជំហានទៅកាន់លំដាប់កំពូល ភាពយន្តដែលរៀបរាប់ពីភាពឈឺចាប់ក្នុងសម័យខ្មែរក្រហមមួយនេះ ត្រូវការចលនាគាំទ្រពីទស្សនិកជននៅកម្ពុជា។
កាលពីឆ្នាំ២០១៣ ភាពយន្តរឿង «កង្វះរូបភាព» (The Missing Picture) បានស្ថិតក្នុងជម្រើសរបស់គណៈកម្មការជ្រើសរើសភាពយន្តប្រកួតក្នុងមហោស្រពភាពយន្តពិភពលោក ពានរង្វាន់អូស្ការ ហើយ៥ឆ្នាំក្រោយ ផលិតករខ្មែរ-បារាំង ប៉ាន់ រិទ្ធី បានទាក់ទាញចំណាប់អារម្មណ៍ម្តងទៀតជាមួយនឹងស្នាដៃរឿង «ផ្នូរគ្មានឈ្មោះ» (Graves without a name) ដោយគណៈកម្មការអូស្ការកំពុងពិចារណាសម្រាប់ដាក់ក្នុងជម្រើស Best Foreign Language Film Oscar នាព្រឹត្តិការណ៍ Academy Awards លើកទី៩១ ។
រឿង «ផ្នូរគ្មានឈ្មោះ» និយាយពីព្រលឹងតែលតោល ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាស្ត្រ ខ្មែរក្រហម។ ភាពយន្តឯកសារនេះឆ្លុះបញ្ចាំងពីភាពឈឺចាប់ និងការព្យាយាម របស់អ្នកនៅរស់រានមានជីវិត ដើម្បីតាមស្វែងរកឆ្អឹងសាច់ញាតិរបស់ពួកគេ។ រឿងនេះក៏បានឆ្លុះបញ្ជាំងពីជំនឿអរូបីរបស់ខ្មែរផងដែរ។
សម្រាប់ភាពយន្តឯកសាររឿង «ផ្នូរគ្មានឈ្មោះ» នេះ មិនមែនមានគុណតម្លៃសម្រាប់តែប្រជាជនខ្មែរប៉ុណ្ណោះទេ តែវាថែមទាំងមានសារសំខាន់សម្រាប់មនុស្សជាតិលើពិភពលោក ដោយសារតែវាបានបង្ហាញពីសោកនាដកម្មដ៏គួរឱ្យសោកសង្រេង។
លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា ដែលបានរួមចំណែកផលិតភាពយន្តនេះ លើកឡើងថារឿង «ផ្នូរគ្មានឈ្មោះ» ជាប្រភពដ៏សំខាន់មួយ ដើម្បីឱ្យក្មេងជំនាន់ក្រោយ បានស្វែងយល់បទពិសោធន៍ពីអតីតកាល ដើម្បីសិក្សាពីបច្ចុប្បន្ន និងអនាគត។ «មជ្ឈមណ្ឌលបុប្ផាណាជាកន្លែងរក្សាទុកភាពយន្តឯកសារ ដូច្នេះភាពយន្តមួយនេះ វាមានតម្លៃសម្រាប់ប្រជាជនខ្មែរគ្រប់រូប»។ នេះជាការបញ្ជាក់របស់លោក ជា សុភាព។
គណៈកម្មាធិការជ្រើសរើសរឿងនៃពានរង្វាន់ Oscar អ្នកស្រី Mariam Arthur ឱ្យដឹងថា រឿង «ផ្នូរគ្មានឈ្មោះ» កំពុងស្ថិតក្នុងការពិចារណារបស់គណៈកម្មាធិការជ្រើសរើសរឿង។ អ្នកស្រីថា ភាពយន្តនេះអាចមានឱកាសច្រើនដើម្បីក្លាយខ្លួន ជាជម្រើសសម្រាប់យកទៅប្រកួតប្រជែងពាន់រង្វាន់ Oscar លុះត្រាណាតែរឿងនេះបានបញ្ចាំងនៅក្នុងស្រុកយ៉ាងហោចណាស់មួយសប្ដាហ៍ ហើយមានអ្នកគាំទ្រច្រើន។ ជារួមក្នុងនាមជាគណៈកម្មាធិការជ្រើសរើសរឿង អ្នកស្រី ពេញចិត្តភាពយន្តមួយនេះ ព្រោះវាបានបង្ហាញអំពីតថភាពសង្គម។ អ្នកស្រី Mariam Arthurr បញ្ជាក់៖«រឿងនេះអាចក្លាយជាជម្រើសសម្រាប់គណៈកម្មការ លុះត្រាតែវាមានការគាំទ្រច្រើនក្នុងស្រុកជាមុនសិន»។
ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក ប៉ុក បូរក្ស ក៏បានលើកឡើងថា ភាពយន្ត”ផ្នូរគ្មានឈ្មោះ”នេះ មានគុណតម្លៃមិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាទេ តែវាក៏សម្រាប់ពិភពលោក សិក្សាពីបទពិសោធន៍ដ៏ជូរចត់នេះដែរ។ ក្នុងនាមជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក បូរក្ស ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមកមើលភាពយន្តឯកសារនេះដែរ។ លោកប៉ុក បូរក្ស បន្ថែម៖ «ភាពយន្តជាច្រើនរបស់លោក ប៉ាន់ រិទ្ធី បានធ្វើឱ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើន។ ខ្ញុំលើកទឹកចិត្តឱ្យប្រជាជនខ្មែរមើលរឿងនេះឱ្យបានច្រើន ព្រោះវាបង្ហាញពីបទពិសោធន៍ និងសម្រាប់សិក្សាថ្ងៃអនាគត»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ខែកញ្ញាតទៅ ភាពយន្ត”ផ្នូរគ្មានឈ្មោះ” ដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ារីស អេដិន ក្នុងមជ្ឈមណ្ឌលបុប្ដាណា, ឡឺ ស៊ីនេម៉ា ក្នុងវិទ្យាស្ថានបារាំង, Legend Cinema (Exchange Square Premium and Eden Garden), Prime Cineplex Sovanna។ សម្រាប់រោងភាពយន្ត Major Cineplex by Smart (AEON Mall, Sorya Center Point, Siem Reap) តម្លៃសំបុត្រត្រឹមតែ៣ដុល្លារ និង២ ដុល្លារតែប៉ុណ្ណោះ ហើយថវិកាទាំងអស់ដែលទទួលបាន រោងភាពយន្តនិងផ្ដល់ដល់មជ្ឈមណ្ឌលបុប្ផាណា។