ជាតិ
សម្តេច ស ខេង ពន្យល់​សមាជិក​បក្ស​ថា ទោះ​CNRP​មិន​រលាយ ក៏​CPP​នៅតែ​ឈ្នះ​ការបោះឆ្នោត​
16, Sep 2018 , 9:52 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​បោះឆ្នោត​នៅក្នុង​ខេត្តព្រៃវែង​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​នេះ សម្តេច ស ខេង បាន​និយាយ​ច្រើន​អំពី​ស្ថានភាព​នយោបាយ​ដែល​ទាក់ទង​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ អនុប្រធាន​គណបក្សកាន់អំណាច​បាន​ប្រាប់​សមាជិក​ខ្លួន​នៅក្នុង​ខេត្តព្រៃវែង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​បាន​រំលាយ​ដោយសារតែ​រំលោភ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​លោក​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​បានឈ្នះ​ដោយសារតែ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះដែរ​។​

 
ក្នុង​កិច្ចប្រជុំ​បូកសរុប​វាយតម្លៃ​លើ​ការងារ​បោះឆ្នោត​កន្លងមក សម្តេច ស ខេង បានបញ្ជាក់​ប្រាប់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​យល់ច្រឡំ ឬ​គិតថា ការដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ គឺ​ដោយសារតែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រលាយ​នោះ​។ ចំពោះ​សម្តេច ស ខេង បើទោះជា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅមានរ​វត្តមាន​ក្នុងការ​ប្រកួតប្រជែង ក៏​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នៅតែ​ឈ្នះ​នៅក្នុង​ការបោះឆ្នោត​នេះ​។​
 
​តាមរយៈ​វីដេអូ​នៃ​កិច្ចប្រជុំ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ថា​គណបក្ស​យើង​ឈ្នះ ដោយសារ​យើង​រំលាយ​គេ វា​មិន​ត្រឹមត្រូវ​ទេ​។ យើង​នៅតែ​ឈ្នះ ព្រោះ​មូលដ្ឋាន​យើង​ចាក់​ឬ​ស​ជ្រៅ​ក្នុង​ទឹកចិត្ត​ពលរដ្ឋ​។ គណបក្ស​នោះ (​សង្គ្រោះ​ជាតិ​) ខុសច្បាប់​។ ខុស​ត្រង់​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ រៀបចំ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិន​តាមរយៈ​ការបោះឆ្នោត​»​។ សម្រាប់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​ការអនុវត្ត​ច្បាប់​។​
 
​នៅ​ចំពោះមុខ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច ស ខេង ក៏បាន​និយាយ​ដល់​ការ​បញ្ហា​ផ្ទៃក្នុង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ជាពិសេស​ករណី​របស់​លោក កឹម សុខា ដែល​ទើប​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ឲ្យ​នៅក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន ដោយសារ​មូលហេតុ​សុខភាព​នោះ​។ បើ​គេ​ស្តាប់ឮ​ប្រសាសន៍​របស់​សម្តេច ស ខេង ការរក្សា​សុវត្ថិភាព​របស់លោក កឹម សុខា នៅក្នុង​គេហដ្ឋាន​របស់លោក​នៅពេល​នេះ ត្រូវបាន​ពិចារណា​ម៉ត់ចត់​ណាស់​។​
​សម្តេច ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​មាន​ភារកិច្ច​ទទួលខុស​ត្រូវ​សន្តិសុខ​។ រដ្ឋាភិបាល​គ្មាន​ហេតុផល​ណា​ទៅធ្វើ​បាប (​សម្លាប់​)​កឹម សុខា ទេ​។ តែ​ប្រយ័ត្ន​ផ្ទៃក្នុង​ខ្លួនឯង ដែល​កំពុងមាន​បញ្ហា ហើយ​មិន​ចង់​ឲ្យ (​កឹម សុខា​) ចេញពី​ពន្ធនាគារ​។ ព្រោះ​បើ​ចេញមក វា​ប៉ះពាល់​បំណង​របស់ សម រង្ស៊ី ដែល​ចង់​ធ្វើ​ប្រធាន​»​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាងថា លោក សម រង្ស៊ី មានបំណង​ត្រឡប់មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ហើយ​នោះ ឡើងវិញ​។​
 

Tag:
 ស ខេង
 CPP
 ព្រៃវែង
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com