ជាតិ
តុលាការ បញ្ជា​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​លោក គឹម សុខ យកទៅ​ឃុំ​វិញ​
18, Sep 2018 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ទៅ​ពន្ធនាគារ ដើម្បី​ឲ្យ​ស្វែងរក​និង​ចាប់​លោក គឹម សុខ អ្នកវិភាគ​នយោបាយ យកទៅ​ឃុំឃាំង​វិញ​។ ចៅក្រម​ស៊ើបសួរ បញ្ជាក់​ហេតុផល​ក្នុង​ដីកា​ថា ការឃុំខ្លួន​លោក គឹម សុខ ដែលជា​ជន​ត្រូវ​ចោទ គឺ​ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​និង​ការស្វែងរក​ការពិត​។


 

 
ការចេញ​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នេះ គឺ​ក្រោយពី​សារព័ត៌មាន​ក្នុងប្រទេស បាន​ចុះផ្សាយ​ថា លោក គឹម សុខ បាន​នាំ​កូនស្រី​របស់លោក គេចខ្លួន​ពី​ប្រទេស​កម្ពុជា​បាត់ទៅហើយ​។ ការបង្គាប់​ឲ្យ​តាម​ចាប់​លោក គឹម សុខ គឺ​ដើម្បី​នាំទៅ​សាកសួរ​ពី​បណ្តឹង​ទី​ពី​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។
 
​លោក គឹម សុខ បាន​រង​បណ្តឹង​ចំនួន​ពីរ ពី​សំណាក់​លោក គី តិច មេធាវី​របស់​សម្តេច ហ៊ុន សែន​។ ប្តឹង​លើកទីមួយ ដោយសារ​លោក គឹម សុខ និយាយថា សម្តេច ហ៊ុន សែន នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ ប្តឹង​លើក​ទី​ពីរ ដោយសារ​អ្នកវិភាគ​រូបនេះ ចោទថា ប្រព័ន្ធ​មួយ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋាភិបាល​បច្ចុប្បន្ន បណ្តាល​ឲ្យ​មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ 
 
​បណ្តឹង​ទីមួយ បានធ្វើ​ឲ្យ​លោក គឹម សុខ ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​កន្លះ ហើយ​តុលាការ ថែមទាំង​តម្រូវ​ឲ្យ​លោក បង់ប្រាក់​៨០០​លាន​រៀល ជូនទៅ​ប្រមុខ​រដ្ឋាភិបាល ដែលជា​ដើមបណ្តឹង ទុក​ជាការ​សងជំងឺចិត្ត​។ លោក គឹម សុខ បាន​អនុវត្ត​ទោស​នេះ​រួចហើយ និង​បាន​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ប៉ុន្តែ​លោក ពុំទាន់​បាន​បង់ប្រាក់ ទៅ​ឲ្យ​ដើមបណ្តឹង​នោះទេ​។​
 
​ចំណែក​បណ្តឹង​ទី​ពីរ តុលាការ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុងអំឡុង​លោក គឹម សុខ ជាប់ពន្ធនាគារ​។ ប៉ុន្តែ ចៅក្រម​ស៊ើបសួរ ក៏​ចាប់ផ្តើម​ស៊ើបសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ទី​ពីរ​នេះ បន្ទាប់ពី​លោក ចេញពី​ពន្ធនាគារ​៕

អត្ថបទទាក់ទង
    
 

Tag:
 គឹម សុខ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com