ជាតិ
រដ្ឋបាលខេត្ត​សៀមរាប​ស្នើ​ទៅ​ក្រសួង​រៀបចំ​ដែនដី​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​សំណង់​អគារ​នៅ​ផាប់​ស្ទ្រី​ត​
18, Sep 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាលខេត្ត សៀមរាប បានដាក់​សំណើរ​មួយ​ទៅកាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អំពី​បំណង​បង្កើត​គណៈកម្មការ​មួយ សម្រាប់​ត្រួតពិនិត្យ​សំណង់​អគារ​ចាស់ៗ​នៅ​តំបន់​ផ្សារ​ចាស់ ផាប់​ស្ទ្រី​ត​។ បំណង​នេះ ត្រូវបាន​លេចចេញ​ឡើង​ក្រោយពី​មាន​ហេតុការណ៍​បាក់​អគារ​ចំណាស់​មួយ​នៅ​តំបន់​នេះ នៅ​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ កន្លងទៅ ដែល​បណ្ដាលឱ្យ​កម្មករ​ម្នាក់​ស្លាប់ និង​របួស​៤​នាក់​។​

 
​ថ្លែង​តាមរយៈ​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៨ កញ្ញា លោក លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បានឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​កាលពី​ថ្ងៃទី​១៧ ដែលមាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី​ផង​នោះ រដ្ឋបាលខេត្ត​បាន​ប្រាប់​ពី​បំណង​ចង់​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​សំណង់​អគារ​នៅ​ផាប់​ស្ទ្រី​ត​នេះ ពិតប្រាកដ​មែន​។ លោក​ពន្យល់ថា វា​គ្រាន់តែ​ជាការ​ស្នើសុំ​ទៅ​ក្រសួង​តាមរយៈ​រដ្ឋលេខាធិការ លោក ឡៅ​រិ​ទ្ធ សីហា ដែល​ដឹកនាំ​កិច្ចប្រជុំ​នៅថ្ងៃនោះ ហើយ​លោក​ក៏​មិនទាន់​ដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​យ៉ាងណា​នៅឡើយ​។​
 
​ទាក់ទង​នឹង​បញ្ហា​បាក់​រលំ​អគារ​នៅ​តំបន់​ផាប់​ស្ទ្រី​ត លោក លី សំរិទ្ធ បាន​ពន្យល់ថា អ្នក​ដែល​ធ្វើ គឺជា​អ្នកទទួលខុសត្រូវ​។ លោក​ថា ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​ដោយសារ​ការ​ហ្វេ​ស​ប្រហែស​របស់​ពួកគេ​។ ជាងនេះទៅទៀត​នោះ គឺ​ម្ចាស់​សំណង់​ត្រូវ​ប្រឈម​ខ្លាំងជាងគេ ព្រោះ​ត្រូវ​រង​បណ្ដឹង​ពី​ជនរងគ្រោះ ហើយ​ក្នុងនោះ​ខេត្ត​ក៏​ជាដើម​បណ្ដឹង​ផងដែរ ដោយសារ​លួច​ជួសជុល​សំណង់​មិន​សុំច្បាប់​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​ថា វា​ក៏​ជា​កំហុស​របស់​ខេត្ត​ផងដែរ ដែល​មិនបាន​ត្រួតពិនិត្យ​សំណង់​ត្រឹមត្រូវ បណ្ដាលឱ្យ​មានការ​លួច​ជួសជុល​ដោយ​មិនដឹង​អ្វី​សោះ​។​
 
​ដើម្បី​បង្ការ​នឹង​ហេតុការណ៍​នេះ​លើក​ក្រោយ​ទៀត លោក លី សំរិទ្ធ ថា រដ្ឋបាលខេត្ត​បានចេញ​សេចក្តីណែនាំ និង​ពេលខ្លះ​មាន​ជា​បញ្ញត្តិ​ដើម្បី​ហាមប្រាម​ម្ចាស់​សំណង់​ចាស់ៗ​នៅ​ផាប់​ស្ទ្រី​ត មិនឱ្យ​ប្រើប្រាស់ ឬ​ជួសជុល​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ជាដើម​។ លោក​បន្ថែមថា​៖« យើង​នឹង​ពិនិត្យមើល ថា​តើ​អគារ​ណា​អាច​ប្រើ​បាន អគារ​ណា​ត្រូវ​ផ្អាក​ដើម្បី​ជួសជុល ព្រោះថា បើ​វា​ប៉ះពាល់ មិន​ត្រឹមតែ​អាយុជីវិត​មនុស្ស​ទេ តែ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ តើ​អ្នកណា​គេ​នឹង​មកលេង​កន្លែង​ដែល​បាក់​សង្កត់​មនុស្ស​នោះ​...»​។​
 
​ទាក់ទង​នឹង​តួលេខ​អគារ​ចាស់ៗ​នៅ​ខេត្តសៀមរាប​នេះ លោក លី សំរិទ្ធ ថា​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​ជាក់លាក់​នៅឡើយ តែ​វា​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ស្រង់​ទិន្នន័យ​ម្ដង​ដើម្បី​គ្រប់គ្រង​សំណង់​អគារ​បុរាណ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com