អន្តរជាតិ
រុស្ស៊ីបន្ទោសអ៊ីស្រាអែល ក្រោយស៊ីរីបាញ់ទម្លាក់យន្តហោះយោធាខ្លួនមួយគ្រឿងដោយច្រឡំ យន្តហោះ Il-20 ដែលត្រូវមីស៊ីលស៊ីរីបាញ់ធ្លាក់ (រូបភាព AFP)
× រុស្ស៊ីបានបន្ទោសអ៊ីស្រាអែលចំពោះការបាត់បង់យន្តហោះយោធារបស់ខ្លួនមួយគ្រឿងដោយសារការបាញ់ទម្លាក់ពីសំណាក់មីស៊ីលស៊ីរី។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែកញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីអះអាងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានប្រើប្រាស់យន្តហោះយោធារុស្ស៊ី ជារបាំងការពារពីប្រព័ន្ធការពារអាកាសរបស់ស៊ីរី ដែលសម្លាប់ទាហានរុស្ស៊ីចំនួន១៥នាក់។ រុស្ស៊ីក៏គំរាមឆ្លើយតបចំពោះសកម្មភាពបង្ករឿងរបស់អ៊ីស្រាអែល។
រុស្ស៊ីបានតវ៉ាជាផ្លូវការទៅកាន់អ៊ីស្រាអែលហើយនៅថ្ងៃទី១៨ ខែកញ្ញា បន្ទាប់ពីបាត់បង់យន្តហោះមួយគ្រឿងដោយសារយន្តហោះចម្បាំងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ក៏បានជជែកតាមទូរសព្ទជាមួយសមភាគីអ៊ីស្រាអែល Avigdor Lieberman ជុំវិញការធ្លាក់យន្តហោះធុន Il-20 នៅឆ្នេររបស់ស៊ីរី និងបានបង្ហាញជំហរមិនពេញចិត្តរបស់រុស្ស៊ីចំពោះហេតុការណ៍នោះ។
តាមពិតទៅ យន្តហោះរុស្ស៊ី Il-20 ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីល S-200 របស់យោធាស៊ីរី។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីចោទអ៊ីស្រាអែលថា ជាអ្នករៀបចំឲ្យហេតុការណ៍នេះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះអ៊ីស្រាអែលដែលកំពុងវាយប្រហារគោលដៅស៊ីរី បានយកយន្តហោះរុស្ស៊ីជារនាំងការពារខ្លួនពីរ៉ាដារបស់ស៊ីរី។ យន្តហោះរុស្ស៊ី ក៏ក្លាយជាគោលដៅវាយប្រហារតែម្ដង។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov និយាយថាយន្តហោះចម្បាំងអ៊ីស្រាអែល F-16 បានបើកប្រតិបត្តិការវាយប្រហារទីតាំងនៅស៊ីរីនៅយប់ថ្ងៃទី១៧ ខែកញ្ញា នៅពេលដែលយន្តហោះរុស្ស៊ីកំពុងចុះចត។ «យន្តហោះ Il-20 ដែលធំជាងយន្តហោះ F-16 ក៏ត្រូវបានបាញ់ដោយប្រព័ន្ធការពារ S-200 ហើយសកម្មភាពគ្មានការទទួលខុសត្រូវរបស់អ៊ីស្រាអែល សម្លាប់យោធារុស្ស៊ីអស់ចំនួន១៥នាក់។» នេះបើតាមលោក Igor ។
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ីស្រាអែលពិតជាដឹងពីវត្តមានយន្តហោះរុស្ស៊ីក្នុងតំបន់ដែលខ្លួនធ្វើប្រតិបត្តិការ ប៉ុន្តែវាមិនបានធ្វើឲ្យអ៊ីស្រាអែលបញ្ឈប់ទង្វើព្រហើនរបស់ខ្លួនទេ។ លើសពីនោះ ក្រុងមូស្គូក៏ចោទយោធាអ៊ីស្រាអែលទៀតថា មិនបានព្រមានយោធារុស្ស៊ីពីយុទ្ធនាការរបស់ខ្លួនជាមុនឡើយ ហើយការជូនដំណឹងរបស់អ៊ីស្រាអែល ធ្វើឡើងខ្លីបំផុតនៅមុនការវាយប្រហារកើតឡើង ដែលនោះមិនបានទុកពេលឲ្យយន្តហោះរុស្ស៊ីគេចខ្លួនទាន់ពេលឡើយ។
នៅពេលនេះ រុស្ស៊ីកំពុងស្វែងរកយន្តហោះដែលត្រូវប្រព័ន្ធការពារស៊ីរីបាញ់ធ្លាក់។ ព័ត៌មានចុងក្រោយបង្ហាញថា បំណែកយន្តហោះ Il-20 ត្រូវបានរកឃើញនៅចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីឆ្នេរសមុទ្រក្នុងខេត្ត Latakia ដែលមានមូលដ្ឋានយោធារុស្ស៊ី៕
Tag:
រុស្ស៊ី
អ៊ីស្រាអែល
ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com