ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន នឹង​យក​សមិទ្ធផល​កម្ពុជា ទៅប្រាប់​គេ​នៅ UN
21, Sep 2018 , 2:10 pm        
រូបភាព
រូបភាព៖ សម្តេច ហ៊ុន សែន ឡើងយន្តហោះទៅចូលរួមពិព័ណចិន-អាស៊ានលើកទី១៥ នៅប្រទេសចិន កាលពិថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
រូបភាព៖ សម្តេច ហ៊ុន សែន ឡើងយន្តហោះទៅចូលរួមពិព័ណចិន-អាស៊ានលើកទី១៥ នៅប្រទេសចិន កាលពិថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​មេ​រិ​ក ក្រោម​ប្រធានបទ «​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ មាន​សារៈសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់ ភាពជា​អ្នកដឹកនាំ​សកល និង​ការទទួលខុសត្រូវ​រួម​សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និង និរន្តរភាព​»​។​

 
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស  លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ឥស្សរជន​មួយចំនួនទៀត នឹង​ទៅជា​មួយ​ប្រមុខ​រដ្ឋាភិបាល​។ សេចក្តីប្រកាស​ព័ត៌មាន​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្តេចនាយក​រដ្ឋមន្ត្រី នឹងធ្វើ​សេចក្តីថ្លែងការណ៍​មួយ ផ្តោតលើ​ការវិវត្ត​នាពេល​ថ្មីៗ និង​សមិទ្ធផល​សំខាន់ៗ ដែល​រដ្ឋាភិបាល​សម្រេច​បាន រួមទាំង​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម​»​។​
 
​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ រួមទាំង​ថ្នាក់ដឹកនាំ​តាម​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា  នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី និង​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ជាដើម​។ 
 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ទៅ​អង្គការសហប្រជាជាតិ ខ្ញុំ​ចង់​និយាយ​រឿង​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​ពិភពលោក​។ ខ្ញុំ​ទៅប្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ថា​ខ្ញុំ​បាន​ត្រៀមកម្លាំង​ទ័ព​រួចរាល់​ហើយ ដើម្បី​ពង្រីក​ទៅ​ប្រទេស​មួយចំនួនទៀត ដើម្បី​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពិភពលោក​។ ឥឡូវ យើង​មាន​កងទ័ព នៅ​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី និង អាហ្វ្រិក​កណ្តាល​......»​។​
 
​លើសពីនេះ ក្នុងអំឡុង​នៃ​ការ​មាន​វត្តមាន​លើ​ទឹកដី​អាមេរិក មេដឹកនាំ​កម្ពុជា នឹង​ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទីនោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​ដដែល​។ 
 
​ចំណែក លោក ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ទូត​មកពី​ប្រទេស​នានា ដែល​រួមមាន អូស្ត្រាលី កាណាដា ហ្ស៊​ក​ហ្ស៊ី អេ​ស្តូ​នី ហុង​ហ្គ្រី ស៊ែ​ប៊ី អាមេរិក និង​អង់គ្លេស​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ប្រមុខ​ទូត​កម្ពុជា និង​ប្រមុខ​ទូត​អារ​មេ​នី និង​ចុះហត្ថលេខា​ជាមួយគ្នា ​លើ​អនុស្សរណៈ​ស្តីពី​ការបង្កើត​កិច្ច​ពិគ្រោះ​យោបល់​៕  
 

Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com