អត្ថបទពាណិជ្ជកម្ម
សហភាព​អឺរ៉ុប រៀបចំ​ការប្រកួត​រូបថត​ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា ដើម្បី​អបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប​
21, Sep 2018 , 4:47 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ បានប្រកាស​ពី​ការចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត​ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​។ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​ថតរូប​ទាំងអស់​នៅ​កម្ពុជា ផ្ញើ​រូបថត​ជា​ស្នាដៃ​ដើម​របស់ខ្លួន ហើយ​ដែល​ឆ្លើយតប​យ៉ាង​សក្តិសម​បំផុត​ទៅនឹង​ប្រធានបទ​ខាងលើ​។
 
​កម្មវិធី​ប្រកួត ក្រោម​ពាក្យស្លោក​ថា «​បេតិកភណ្ឌ​របស់​យើង - អតីតកាល​ជួប​អនាគតកាល​» ត្រូវបាន​រៀបចំឡើង ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប ហើយ​ដែលមាន​ការរៀប​ចំការ​ប្រកួត ការតាំង​ពិ​ពណ៌ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ស្រដៀង​គ្នា​នេះ មាន​រៀបចំឡើង​ទូទាំង​ពិភពលោក​។ 
 
​ក្នុង​ពិធី​ប្រកាស​បើក​ការប្រកួត​រូបថត​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar មានប្រសាសន៍ថា​ថា បេតិកភណ្ឌ​វប្បធម៌​មាន​ឥទ្ធិពល​មកលើ​អត្តសញ្ញាណ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។   លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់​ដូច្នេះ​ថា​៖« បេតិកភណ្ឌ​វប្បធម៌ ស្ថិតនៅ​ជុំវិញខ្លួន​យើងទាំងអស់គ្នា នៅ​ទីក្រុង ទីប្រជុំជន នៅ​តំបន់​ទេសភាព ធម្មជាតិ និង​ទីតាំង​បុរាណវិទ្យា​ទៀតផង​។ បេតិកភណ្ឌ​វប្បធម៌ មិន​ត្រឹម​តែមាន​នៅក្នុង​អក្សរសាស្ត្រ សិល្បៈ និង​វត្ថុ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅក្នុង​វិស័យ​សិប្បកម្ម ដែល​យើង​បាន​រៀនសូត្រ​ពី​ដូនតា​មក សាច់រឿង​ដែល​យើង​ដំណាល​ប្រាប់​ដល់​កូនចៅ អាហារ​ដែល​យើង​បរិភោគ និង​ភាពយន្ត​ដែល​យើង​មើល និង​ដែល​តាមរយៈ​នេះ​យើង​បាន​ស្គាល់​ខ្លួន​យើង​»​។ 


 
​តាមរយៈ​កម្មវិធី​ប្រកួត​នេះ សហភាព​អឺរ៉ុប​ចង់​ទាញ​ការយកចិត្តទុកដាក់ លើ​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​សម្រាប់​ទាំងអស់គ្នា ទាំង​នៅ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក៏ដូចជា​ទីកន្លែង​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក George Edgar​។​


 
​កម្មវិធី​ប្រកួត​រូបថត​នេះ បើក​ឲ្យ​ចូលរួម​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​អាច​ផ្ញើ​រូបថត​ដែលមាន​គុណភាព​ច្បាស់ និង​ជា​ស្នាដៃ​ដើម​របស់ខ្លួន (​ក្នុង​ទម្រង់​ជា JPEG និង​ទំហំ​យ៉ាងហោចណាស់ ៥​មេ​ហ្គា​ភិ​ច​សែ​ល​) ដែល​បាន​ថត​ដោយ​ប្រើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ឬ​ម៉ាស៊ីន​ថត​។ ហើយ​ក្នុងនោះ​រង្វាន់​ធំ​សម្រាប់​ជ័យលាភី គឺ​ប័ណ្ណ​ដែលមាន​ទឹកប្រាក់​ចំនួន ៧០០​ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​។​



«​កម្ពុជា ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សម្បូរបែប​។ ចង់បាន​រូបថត​ដែលជា​ស្នាដៃ​ដើម អាច​ប្រាប់​ពី​ដំណើររឿង​ណាមួយ ឬ​ជា​អារម្មណ៍​ណាមួយ ហើយ​ផ្ដោតលើ​ទិដ្ឋភាព​នានា​នៃ​វប្បធម៌​របស់​កម្ពុជា ក្នុង​អត្ថន័យ​ទូលំទូលាយ​បំផុត​»​។ លោក​ឯកអគ្គរដ្ឋទូត មានប្រសាសន៍​ដូច្នេះ​។​
 
​ការប្រកាស​ជ័យលាភី នឹងធ្វើ​ឡើងជា​សាធារណ​នៅ​ចុងខែ​វិច្ឆិកា​។ ឯ​ពិធី​ប្រគល់​រង្វាន់ នឹង​ប្រព្រឹត្តធ្វើ នៅ​ថ្ងៃទី​៦ ខែធ្នូ​។ ជ័យលាភី​លេខ​១ នឹង​ទទួលបាន​រង្វាន់​ជា​បណ្ណ​ដែលមាន​ទឹកប្រាក់ ៧០០​ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​។ លេខ ២ នឹង​ទទួលបាន​បណ្ណ​ដែលមាន​ទឹកប្រាក់ ៦០០​ដុល្លារ និង​លេខ​៣ ទទួលបាន​បណ្ណ​ដែលមាន​ទឹកប្រាក់ ៥០០​ដុល្លារ​។ រូបថត​របស់​ជ័យលាភី​ទាំងបី​នាក់ និង​រូបថត​សម្រាំង​ល្អ​បំផុត​ចំនួន​១០ នឹងត្រូវ​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នានា ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។ 

 
​កាល​ផុតកំណត់​ចុងក្រោយ សម្រាប់​ការផ្ញើ​រូបថត​ចូលរួម​ប្រកួត គឺ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ ២០១៨​។​
​សម្រាប់​ព័ត៌មាន​លម្អិត​ស្ដីពី​កម្មវិធី​ប្រកួត រាប់បញ្ចូល​ទាំង​លក្ខខណ្ឌ​ទាំងស្រុង មាននៅ​ត្រង់នេះ https://eeas.europa.eu/cambodia ឬ​នៅលើ​ទំព័រ Facebook: https://www.facebook.com/eu.cambodia/
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com