ជាតិ
មាន​សំរាម​សំណល់​រឹង ២,៧០០​តោន​រៀងរាល់ថ្ងៃ នៅក្នុង​ទីក្រុង​
22, Sep 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កំណើន​សំរាម​សំណល់​រឹង​ជាង​២០០០​តោន បានកើត​ឡើងជា​រៀងរាល់ថ្ងៃ នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារតែ​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ​។ នេះ​បើតាម​ទី​ភ្នា​ក់​សារព័ត៌មាន​ជាតិ​កម្ពុជា AKP​។​

 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេ​ត ភក្ត្រា បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កំណើន​សំរាម​នេះ ដោយសារតែ​ចំនួន​ប្រជាពលរដ្ឋ​កើនឡើង  ស្របពេល​ទំនៀមទម្លាប់​នៃ​ការប្រើប្រាស់ និង​ការ​វេច​ខ្ចប់​ទំនិញ​របស់​ពលរ​ដ្ឋ ជាពិសេស​ការកែច្នៃ​ពី​សំរាម​នៅមានកម្រិត​ទាប​នៅឡើយ​។ ដោយសារ​កត្តា​ទាំងនេះហើយ ទើប​ធ្វើ​ឲ្យ​សំរាម​សំណល់​រឹង​មាន​បរិមាណ​កើនឡើង​។ បើតាម​លោក នេ​ត ភក្ត្រា សំរាម​សំណល់​រឹង​មាន​ប្រមាណ ២,៧០០​តោន​រៀងរាល់ថ្ងៃ ។​
 
​កំណើន​សំរាម​សំណល់​រឹង គឺជា​បញ្ហា​ចម្បង​មួយ នៅក្នុង​ការងារ​គ្រប់គ្រង​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន ដែល​ទាមទារ​ឲ្យ​មានការ​សហការ​ដោះស្រាយ​រួមគ្នា ដើម្បី​ទប់ស្កាត់​ការបំពុល​បរិស្ថាន និង​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ។ នេះ​បើតាម​លោក នេ​ត ភក្ត្រា ។​
 
​ទី​ភ្នា​ក់​សារព័ត៌មាន​ជាតិ​កម្ពុជា បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដូច្នេះ​ថា​៖«​ប្រសិនបើ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម អាជីវករ​នៅតាម​ផ្សារ​នានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និង​កន្លែង​កម្សាន្ត​នានា ត្រូវ​ញែក​សំរាម ទៅតាម​បទដ្ឋាន​បច្ចេកទេស ពោលគឺ​ការញែក​សំរាម​ឲ្យ​ដាច់ពីគ្នា រវាង​សំណល់​សរីរាង្គ​ដូចជា សំណល់​ប្លា​ស្ទិ​ក និង​សំណល់​គ្រោះថ្នាក់ ដោយ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​។ ទន្ទឹមនេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធីសាស្ត្រ​ញែក​សំរាម​ទាំងនេះ​បាន​គ្រប់ៗ​គ្នា នោះ​អត្រា​សំរាម​ដែល​ត្រូវយក ទៅ​ចាក់ចោល​មាន​ចំនួន​តិច​បំផុត ហើយ​សំណល់​ផ្សេងទៀត​អាច​ត្រូវបាន​ប្រើប្រាស់ និង​កែច្នៃ​ឡើងវិញ ផ្តល់​ផលប្រយោជន៍ និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​វិញ​»​។​
 
​លើសពីនេះ​ទៀត ហាម​ដាច់ខាត​នូវ​ការ​បោះចោល​សំរាម សំណល់​រឹង​នៅ តាម​ដងផ្លូវ ទីសាធារណៈ ទីវាល​តាម​ប្រព័ន្ធ​ទឹកលូ ឬ​ប្រភពទឹក​សាធារណៈ ឬ​ក្នុង​ដី​កម្មសិទ្ធិ ឯកជន ព្រមទាំង​ហាម​ដាច់ខាត​នូវ​ការដុត​សំរាម​សំណល់​រឹង ក្នុងករណី​គ្មាន​ការអនុញ្ញាត ពី​ក្រសួងបរិស្ថាន ឬ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ដ​។​
 
​កន្លងមក​ក្រសួងបរិស្ថាន​បានធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការផ្តល់​មូលនិធិ​សេវា​អនាម័យ​បរិស្ថាន​។ ប៉ុន្តែ​រដ្ឋបាល​ក្រុង -​ស្រុក​មួយចំនួន នៅ​មិនទាន់មាន​ឆន្ទៈ​ខ្ពស់ និង​យល់ច្បាស់​ពី​ភារកិច្ច និង​ការទទួលខុសត្រូវ​លើ​ការងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង សំណល់​រាវ និង​បញ្ហា​បំពុលបរិស្ថាន​ផ្សេងទៀត​នៅឡើយ​។ ចំណែក​គុណភាព​ប្រមូល និង​ដឹកជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​នៅមានកម្រិត ហើយ​ទីប្រជុំជន​ភាគច្រើន​នៅ​ពុំទាន់​មាន​ទីលាន​ទុកដាក់​សំណល់​ត្រឹមត្រូវ​តាម​គោល ការណ៍​បច្ចេកទេស​នៅឡើយ ដែល​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់គ្នា​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេ​ត ភក្ត្រា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com