ជាតិ
អ្នកស្រាវជ្រាវ នឹង​បកស្រាយ​ចម្ងល់​ទាក់ទង​នឹង​សិលាចារឹក​ភាសា​ចាម​នៅ​ប្រាសាទអង្គរវត្ត​
23, Sep 2018 , 7:59 am        
រូបភាព
​នៅ​ប្រាសាទអង្គរវត្ត មាន​សិលាចារឹក​ជាច្រើន ដែល​ត្រូវបាន​គេ​ចារ​ចម្រុះ​ជាតិ​សាសន៍​។ តាម​អ្នកសិក្សា​ស្រាវជ្រាវ វត្តមាន​សិលាចារឹក​នៅ​ប្រាសាទ​អង្គរ មានដូចជា​ភាសា​ជប៉ុន ភូមា ចិន អារ៉ាប់ ហើយ​ក៏មាន​វត្តមាន​ភា​សា​ចាម​ផងដែរ​។ កន្លងមក មាន​មនុស្ស​តិច​ណាស់ ដែល​បានឃើញ​សិលាចារឹក​ភាសា​ចាម ឬថា​បានឃើញ​ហើយ តែ​មិន​ស្គាល់​ថា​ជា​ភាសា​អ្វី​ច្បាស់​ក៏មាន​។ ដើម្បី​បង្ហាញ ក៏ដូចជា​ស្រាយ​ចម្ងល់​ទាក់ទង​នឹង​វត្តមាន​សិលាចារឹក​ភាសា​ចាម​នេះ អ្នកស្រាវជ្រាវ​ភាសា​ចាម នឹងធ្វើ​បទ​បង្ហាញ​មួយ​នៅ​ចុងខែ កញ្ញា​ខាងមុខនេះ​។​

 
​បទ​បង្ហាញ​ស្ដីពី «​វត្តមាន​សិលាចារឹក​ចាម​នៅ​អង្គរវត្ត​» នឹង​រៀបចំ​ធ្វើ​នៅ​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១១ ថ្ងៃត្រង់​។ តាមរយៈ​សេចក្តីជូនដំណឹង​របស់​ពុទ្ធសាសនបណ្ឌិត្យ វាគ្មិន​នៃ​បទ​បង្ហាញ ឬ​បាឋកថា​នេះ គឺ​លោក ឡឹប កើ អ្នកស្រាវជ្រាវ​ភាសា​ចាម​ដ៏​ល្បី​នៅ​កម្ពុជា​។​
 
​លោក ឡឹប កើ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ផ្អែក​តាម​សិលាចារឹក​ភាសា​ចាម​ដែល​លោក​បាន​ស្រាវជ្រាវ​នៅ​ប្រាសាទអង្គរវត្ត គឺ​វា​ត្រូវបាន​គេ​ចារ​នៅ​ឆ្នាំ ១៨៨១ នៃ​គ​.​ស​។ ប៉ុន្តែ​អ្វីដែល​សាធារណជន​មិនទាន់​ដឹង​ច្បាស់​នោះ ថា​តើ​ក្រុម​ណា​ដែលជា​អ្នក​មក​ចារ មកពីណា និង​ចារ​ក្នុង​បំណង​អ្វី​នៅពេលនោះ​ជាដើម​។ លោក​បន្ថែ​មថា «​តាមពិត​មាន​អ្នកស្រាវជ្រាវ​ជាច្រើន​បានធ្វើ​ការងារ​លើ​សិលាចារឹក​អក្សរ​ចាម​នេះ ភាគច្រើន​ជា​ជនជាតិ​បារាំង ព្រោះ​ពួកគេ​មានលទ្ធភាព​យល់​ភាសា​ចាម​។ តាមរយៈ​បទ​បង្ហាញ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​នេះ ខ្ញុំ ឡឹប កើ នឹង​សាកល្បង​បកស្រាយ​នូវ​ចម្ងល់​ខាងលើ​ជា​សង្ខេបៗ​តាម​សេចក្ដី​ដែល​បាន​រកឃើញ​កន្លងមក​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com