ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ World Bank៖ ការ​សន្សំ​របស់​ប្រជាជន​ខ្មែរ នៅ​ចាញ់​គេ​
23, Sep 2018 , 7:59 pm        
រូបភាព
លោក លី សូដេត សេដ្ឋវិទូនៃធនាគារពិភពលោក
លោក លី សូដេត សេដ្ឋវិទូនៃធនាគារពិភពលោក
ដោយ:
​ភ្នំពេញ​៖ ការ​សន្សំ​របស់​ពលរ​ដ្ឋ​ខ្មែរ ឬ​ហៅថា​ការ​សន្សំ​ក្នុងស្រុក បាន​កើនឡើង ប៉ុន្តែ​ស្ថិតក្នុង​អត្រា​ទាប​នៅឡើយ និង​ចាញ់​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ាន​។ ឆ្នាំ​១៩៩៣ ការ​សន្សំ​ក្នុងស្រុក ស្ថិតនៅ​អត្រា​ក្រោម​សូន្យ​ទៅទៀត តែ​គិត​មកដល់​ឆ្នាំ​២០១៧ ការ​សន្សំ​នេះ​មាន​អត្រា​ប្រមាណ ២០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​/GDP) ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក លី សូ​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក (World Bank)​។​


 
​ប្រសាសន៍​លោក លី សូ​ដេ​ត ៖
 


 
​ការដែល​សន្សំ​ក្នុងស្រុក​កើនឡើង​នេះ ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ​អះអាងថា​ព្រោះ​ប្រាក់ចំណូល​ពលរដ្ឋ​មានការ​កើនឡើង​។ GDP របស់​កម្ពុ​ជាមាន​ទំហំ​ប្រមាណ ២៤​ពាន់​លាន​ដុ​លា្ល​រ​អាមេរិក​។​
 
​នេះ​ជាការ​សន្សំ​ប្រាក់​របស់​ពលរដ្ឋ ដែល​នៅសល់​ពី​ការចំណាយ​របស់​ពួកគាត់​។ យោងតាម​ក្រាប ដែល​បង្ហាញ​ដោយ​លោក លី សូ​ដេ​ត ការ​សន្សំ​ក្នុងស្រុក​របស់​កម្ពុជា មាន​អត្រា​ខ្ពស់ជាង​ប្រទេស​ភី​លី​ពី​ន តែ​ទាប​ជាង​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​វៀតណាម​។ ប្រទេស​ទាំងនោះ​មាន​អត្រា​សន្សំ​ក្នុងស្រុក​ប្រមាណ​ជា ៣០​ភាគរយ​នៃ GDP របស់គេ​។​
 
​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ​ឲ្យ​ដឹងថា ការ​សន្សំ​ក្នុងស្រុក​មាន​ទំហំ​ប្រមាណ ពាក់កណ្ដាល​នៃ​បរិមាណ​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា​។ ការវិនិយោគ​សរុប​មាន ២០​ភាគរយ​នៃ GDP ។ ក្នុងនោះ ១០​ភាគរយ​ពី​ការ​សន្សំ​ក្នុងស្រុក និង​១០​ភាគរយ​ទៀត​ពី​ការវិនិយោគ​បរទេស​។​
 
​លោក លី សូ​ដេ​ត បាន​ជំរុញ​ឲ្យ​មានការ​សន្សំ​ច្រើន​ជាងនេះទៀត ឬ​ឡើង​ទៅដល់​អត្រា ៣០​ភាគរយ​នៃ GDP ដែលជា​អត្រា​ប្រហាក់ប្រហែល​នឹង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ផ្សេងទៀត ដើម្បី​ឲ្យ​មានការ​វិនិយោគ​ក្នុងស្រុក​ធំ​ជាង​នេះ​។   
 
​អ្នកជំនាញ​របស់ World Bank រូបនេះ លើកឡើងថា ប្រទេស​ផ្សេងៗ​នៅលើ​សកលលោក និយម​ប្រើប្រាស់​ប្រាក់​សន្សំ​ក្នុងស្រុក បម្រើ​ឲ្យ​ការវិនិយោគ​ក្នុងប្រទេស​របស់គេ ជាជាង​ពឹងផ្អែក​ទឹកប្រាក់​វិនិយោគ​ពី​ក្រៅ ដើម្បី​ភាពជា​ម្ចាស់​នៃ​ការវិនិយោគ​។​
 
​លោក លី សូ​ដេ​ត បាន​បកស្រាយ​បែបនេះ​នៅក្នុង​សន្និសីទ​ស្ដីពី​ត្រី​វ័យ​ពិពិធ​កម្ម និង​ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា នៅ​ថ្ងៃទី​២០​ខែកញ្ញា​៕
 
 

Tag:
 សន្សំ
© រក្សាសិទ្ធិដោយ thmeythmey.com