ភ្នំពេញ៖ មង និងសំណាញ់ ជាឧបករណ៍នេសាទដ៏ពេញនិយមសម្រាប់អ្នកនេសាទ។ នៅកម្ពុជា អ្នកនេសាទភាគច្រើនជាខ្មែរឥស្លាម ហើយពួកគេរស់នៅយ៉ាងជិតស្និទ្ធជាមួយទឹក។ ខ្មែរឥស្លាម ភាគច្រើនរស់នៅតាមបណ្ដោយទន្លេមេគង្គ ទន្លេសាប ទន្លេចតុមុខ និងដៃទន្លេផ្សេងៗ ហើយពួកគេមានជំនាញច្បាស់លាស់ទាក់ទងនឹងការនេសាទ។ នៅភូមិព្រែកតាពៅ ជាទីដែលមានទន្លេ និងព្រែកផងនោះ ក៏សម្បូរវត្តមានខ្មែរឥស្លាមរស់នៅច្រើនដែរ។ ក្រៅពីនេសាទ ពួកគេក៏បានធ្វើឧបករណ៍ដូចជាមង និងសំណាញ់ សម្រាប់លក់ដូរផងដែរ។ មង និងសំណាញ់ បានក្លាយជាអត្តសញ្ញាណមួយរបស់អ្នកភូមិព្រែកតាពៅ ដោយសារវាបានក្លាយជាកន្លែងមួយ ដែលមានការជួញដូចឧបករណ៍នេសាទយ៉ាងមមាញឹក និងល្បីឈ្មោះជាទូទៅ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
បើគេធ្វើដំណើរកាត់តាមក្រុងតាខ្មៅ នៅចំណុចស្ពានកាត់ព្រែកមួយ នោះគេនឹងអាចឃើញតូចលក់មង និងសំណាញ់របស់អ្នកភូមិនៅទីនោះ។ ភូមិនេះ សម្បូរសហគមន៍ខ្មែរឥស្លាមរស់នៅ ដែលភាគច្រើននៃពួកគេគឺជាអ្នកនេសាទ និងមានរបរធ្វើមង និងសំណាញ់លក់។
តូបលក់មង និងសំណាញ់ ស្ថិតនៅលើដងការផ្លូវចូលទៅកាន់សហគមន៍ខ្មែរឥស្លាមនៅព្រែកតាពៅ ឬអ្នកខ្លះហៅព្រែកត្នោត។ អ្នកលក់នៅទីនោះ គឺជាខ្មែរឥស្លាម ដែលពីមុនការលក់ដូរនៅទីនោះ ត្រឹមជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
ខ្ញុំបានចូលទៅក្នុងតូបមួយកន្លែង ដែលមានកញ្ញា ហ្វារីណា ជាម្ចាស់តូប។ កញ្ញាថា បានចាប់ផ្តើមរបរលក់មង សំណាញ់នេះជាង ១០ឆ្នាំមកហើយ។ ក្នុងតូបរបស់កញ្ញា មានលក់មង សំណាញ់ គ្រប់ប្រភេទ ទាំងក្រឡាតូច ក្រឡាធំ និងទំហំខ្លី និងវែង។ ក្រឡាមងដែលលក់ដាច់ជាងគេនោះ គឺប្រភេទក្រឡាតូចមានទំហំ ២ហ៊ុន ឬ ២ហ៊ុនកន្លះ ដែលក្រឡាប្រភេទនេះសម្រាប់យកត្រីតូចៗដូចជាត្រី រៀលជាដើម។
កំពុងផ្តល់បទសម្ភាសបណ្ដើរ កញ្ញា ហ្វារីណា ក៏ឆ្លៀតស្វាគមន៍អតិថិជនដែលមកជាវមង និងសំណាញ់បណ្ដើរ។ ការលក់ដូរនៅក្នុងខែទឹកឡើង ហាក់មមាញឹកទ្វេដងជាងខែផ្សេង ព្រោះតម្រូវការរបស់អតិថិជនមានគ្រប់ទិសទី។ កញ្ញា ហ្វារីណា បានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃកញ្ញាអាចលក់បានទឹកប្រាក់ពី១លាន ទៅជាង១លានរៀល គឺទាំងមង និងសំណាញ់ លក់ដាច់ស្មើគ្នា។ ចំណែកមង និងសំណាញ់ កញ្ញាត្រូវជួលអ្នកភូមិធ្វើបន្ត ដើម្បីបំពេញតម្រូវការទីផ្សារ។ ហើយក្នុងមងមួយដៃ កញ្ញាចំណេញពី២ពាន់ ទៅ៣ពាន់រៀល ក្រោយកាត់ថ្លៃចំណាយរួច។
មានតូបលក់មង និងសំណាញ់ ប្រមាណ ៤០ ដែលអ្នកលក់គឺជាខ្មែរឥស្លាម។ ពីមុន តូបទាំងនេះជាតូបតូចៗ និងលក់ជាលក្ខណៈគ្រួសារ តែក្រោយមកវាក៏មានការរីកចម្រើន ដោយសារមានភាពល្បីល្បាញក្នុងការធ្វើមង សំណាញ់។ កញ្ញា ហ្វារីណា ថា អ្នកភូមិព្រែកតាពៅធ្វើសំណាញ់ល្អ និងដាក់ត្រូវត្រីច្រើន ទើបមានអតិថិជន និងម៉ូយតាមបណ្ដាខេត្តផ្សេងៗឡើងមកទិញនៅក្រុងតាខ្មៅនេះ។
លោក ភីយ៉ាន គឺជាអ្នកលក់មង និងសំណាញ់ មួយរូបទៀតនៅភូមិព្រែកតាពៅ។ លោកក៏ជាអ្នកនេសាទមួយរូបដែរ តែសម្រាប់ខែទឹកធំនេះ លោកសម្រាកនៅផ្ទះ និងរង់ចាំខែទឹកស្រកទើបចុះទូកនេសាទនៅទន្លេវិញ។ ឆ្លៀតពេលនៅផ្ទះ លោក ភីយ៉ាន មានរបររត់ម៉ូតូឌុប និងធ្វើសំណាញ់ មងលក់នៅផ្ទះ គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ មិនខុសពីអ្នកលក់ដទៃទៀត សំណាញ់របស់លោក ត្រូវបានគេជាវច្រើននៅក្នុងរដូវនេះ ភាគច្រើនអ្នកទិញ គឺបងប្អូនខ្មែរ ព្រោះពួកគាត់កម្រមានអ្នកចេះធ្វើណាស់។
ចំណែកអ្នកស្រី អៃសះ នោះវិញ អ្នកស្រីចេះធ្វើមងសំណាញ់ ពីជីដូនជីតាមក គឺប្រហែលជាង ២០ឆ្នាំមកហើយ។ អ្នកស្រីថា នេះជារបរប្រចាំថ្ងៃ ដែលផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងសម្រាប់កូនរៀនផងដែរ វាមិនមានច្រើន តែអាចល្មមសម្រាប់គ្រួសារអ្នកស្រី។ អ្នកស្រី អៃសះ បានប្រាប់ពីបច្ចេកទេសធ្វើសំណាញ់ ដើម្បីបង់ឱ្យបានត្រីច្រើនផងដែរ នោះគឺត្រូវធ្វើថ្នក់ដែលក្របួចត្រីចូលច្រើន៕