រថយន្ត
អន្តរជាតិ
បារាំងជោគជ័យលើការជំរុញពលរដ្ឋឲ្យដូររថយន្តចាស់ខ្លួនចេញ តាមរយៈការផ្តល់ប្រាក់លើកទឹកចិត្ត
× ចាប់តាំងពីខែមករា មក អ្នកបើកបររថយន្តជាង១៧០ ០០០នាក់នៅបារាំង បានដាក់ពាក្យស្នើសុំផ្លាស់ប្តូរថយន្តចាស់របស់ខ្លួន។ បើតាមភ្នាក់ងាររដ្ឋាភិបាល នេះជាដំណើរការប្រកបដោយជោគជ័យក្នុងការរួមចំណែកកាត់បន្ថយការបំផុតបរិស្ថាន។
ក្នុងយុទ្ធនាការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច រដ្ឋាភិបាលបារាំងបានប្រកាសផ្តល់លើកទឹកចិត្តពី១០០០ទៅ២៥០០អឺរ៉ូ សម្រាប់អ្នកប្រើប្រាស់រថយន្តចាស់ដែលចង់ផ្លាស់ប្តូររថយន្តថ្មី ឬរថយន្តមួយទឹកដែលទើបប្រើប្រាស់ថ្មីៗ ដោយករណីនេះ អនុវត្តសម្រាប់រថយន្តដែលមិនជាប់ពន្ធ។
នៅឆ្នាំ២០១៨ នេះ ជាតំណាក់កាលទី១ ដោយរដ្ឋាភិបាលបារាំង រៀបចំកញ្ចប់ថវិកាពិសេសសម្រាប់រថយន្តប្រមាណ១០ម៉ឺនគ្រឿងដំបូង។ គម្រោងនេះ ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចពី១២៧ក្រាមក្នុង១គីឡូម៉ែត្រ មកត្រឹម១២០ក្រាមក្នុង១គីឡូម៉ែត្រ។
លោកស្រី Elisabeth Borne រដ្ឋមន្ត្រីដឹកជញ្ជូន បានអះអាង ប្រាប់សារព័ត៌មាន Europe 1 ថា ចាប់តាំងពីខែមករា មក ឯកសារជាង១៧ម៉ឺន ត្រូវបានដាក់ដើម្បីស្នើសុំការផ្លាស់ប្តូររថយន្តចាស់ចេញ ខណៈទិសដៅដំបូងរបស់រដ្ឋាភិបាល គឺកំណត់រថយន្តប្រមាណ ១០ម៉ឺនគ្រឿងប៉ុណ្ណោះក្នុង១ឆ្នាំ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងបរិស្ថាន ក៏បានវាយតម្លៃបន្ថែមផងដែរថា រហូតដល់ដំណាច់ឆ្នាំ នឹងមានរថយន្តជាង២៥ម៉ឺនគ្រឿង ដែលត្រូវផ្លាស់ប្តូរ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Edouard Philippe ក៏បានបញ្ជាក់ថា France Inter ថា៖ «ការប្រាក់លើកទឹកចិត្តពិតជាមានដំណើរការល្អ ហើយផែនការរបស់យើងប្រព្រឹត្តទៅដោយរលូន លើសពីការព្រៀងទុកទៅទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនេះ ផ្តល់ជាពិសេសសម្រាប់រថយន្តដែលមិនជាប់ពន្ធ ដោយទទួលបានប្រាក់លើកទឹកចិត្តចាប់ពី១០០០អឺរ៉ូដល់២០០០អឺរ៉ូ រីឯអ្នកដែលដូរទៅប្រើប្រាស់រថយន្តអគ្គិសនី អាចទទួលបានរហូតដល់ទៅ២៥០០អឺរ៉ូ។ សម្រាប់រថយន្តប្រើប្រាស់សាំង ត្រូវជារថយន្តដែលផលិតនៅមុនឆ្នាំ១៩៩៧ រីឯរថយន្តប្រើប្រាស់ម៉ាស៊ូត ត្រូវផលិតមុនឆ្នាំ២០០៦ (មិនជាប់ពន្ធ) ឬមុនឆ្នាំ២០០១ (ជាប់ពន្ធ)៕
© រក្សាសិទ្ធិដោយ thmeythmey.com