កញ្ញា Hiroko និងលោក Akira កំណត់បេសកកម្មផ្ទាល់ខ្លួនដ៏ធំមួយនៅកម្ពុជា។ គូសង្សារជប៉ុនមួយគូនេះ ចង់រួមចំណែកលើកកម្ពស់សុខុមាលភាពកុមារខ្មែរ តាមរយៈការជំរុញពួកគេឲ្យមានទម្លាប់ញ៉ាំអាហារបំប៉នសុខភាពដែលមានជីវជាតិស្របតាមបទដ្ឋានត្រឹមត្រូវ។ តើអ្វីដែលជាមធ្យោបាយនៃការរួមចំណែករបស់ពួកគាត់? នោះគឺផលិតផល «នំពពក» ដែលជាប្រភេទអាហារសម្រន់ផ្តល់ថាមពល និងសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់របស់កុមារ។
«កុមារអាចមើលឃើញពពកនៅគ្រប់ទីកន្លែង។ យើងក៏ចង់ឲ្យកុមារខ្មែរ ទទួលបានផលិតផលអាហារសំរន់ពពករបស់យើងនៅគ្រប់ទីកន្លែងនៅកម្ពុជាផងដែរ»។ នេះជាការរៀបរាប់ព្រមៗគ្នារបស់ Akira និង Hiroko ទាក់ទងនឹងការសម្រេចចិត្តដាក់ឈ្មោះពពក ជាយីហោរផលិតផលរបស់ខ្លួន។
តាមពិតទៅលោក Akira Fukuhara និងអ្នកនាង Hiroko Oji អាចកសាងជីវភាពដ៏ស្រស់បំព្រងនៅទឹកដីជប៉ុន ក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា ប៉ុន្តែពួកគាត់មិនដាច់ចិត្តចាកចេញពីទឹកដីនៃស្នាមញញឹមនេះឡើយ ពីព្រោះពួកគាត់ចង់បំពេញភាពខ្វះចន្លោះមួយចំនួនដែលកម្ពុជាកំពុងត្រូវការ។

ក្រោយបម្រើការអស់រយៈពេលជិត៦ឆ្នាំនៅមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ក្នុងនាមជាអ្នកទទួលខុសត្រូវលើគម្រោងអាហារូបត្ថម្ភ កញ្ញា Hiroko មើលឃើញពីតម្រូវការជាច្រើនរបស់កុមារកម្ពុជា។
«ខ្ញុំមើលឃើញការប្រឈមធំៗមួយចំនួនទាក់ទងនឹងអាហារូបត្ថម្ភនៅកម្ពុជា ជាពិសេសនៅតាមទីជនបទ។ បញ្ហាចម្បងនោះ គឺកង្វះអាហារសម្រន់សុខភាពសម្រាប់កុមារ ហើយមួយទៀត គឺកង្វះការយល់ដឹងពីផ្នែកអាហារូបត្ថម្ភ និងព័ត៌មាននានា និយាយរួម ឪពុកម្តាយ និងកុមារផ្ទាល់ មិនដឹងពីជម្រើសអាហារសម្រន់ដែលត្រូវញ៉ាំប្រចាំថ្ងៃនោះឡើយ»។ នេះជាការមើលឃើញរបស់កញ្ញា Hiroko ។
សម្រាប់លោក Akira វាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដែលលោកសម្រេចបន្តរស់នៅកម្ពុជា។ តាមពិតទៅលោកកើតចេញពីឪពុកម្តាយជាជនជាតិខ្មែរ ដែលបានចាកចេញពីប្រទេសកំណើតទៅរស់នៅជប៉ុន នៅមុនការកាន់អំណាចរបស់ក្រុមខ្មែរក្រហម ។
លោក Akira ដែលធំធាត់ ចម្រើនវ័យនៅជប៉ុន បានមកបម្រើការងារនៅកម្ពុជាកាលពីអំឡុងឆ្នាំ២០០៦ ដំណាលគ្នានឹង Hiroko យ៉ាងដូច្នោះដែរ ដោយលោកបានបម្រើការនៅក្រុមហ៊ុន និងរោងចក្រជប៉ុនមួយចំនួន។ ពេលចុះបំពេញការងារនៅតាមជនបទ លោក Akira ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំនោះ សង្កេតឃើញ កុមារកម្ពុជាមួយចំនួនមានរាងកាយស្គមស្គាំង ដោយអ្នកខ្លះញ៉ាំតែបាយ ខ្លះមានលាយត្រី ប៉ុន្តែមិនមានជីវជាតិពិសេសនោះឡើយ។

ក្រោយមក លោកបានឈប់ពីការងារ ដើម្បីផ្តោតអារម្មណ៍លើការផលិតនំពពកជាមួយ Hiroko ។ «តាមពិតខ្ញុំ មិនមែនជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភនោះឡើយ ប៉ុន្តែខ្ញុំមានការយល់ដឹងខ្លះ ជាពិសេសតាមរយៈ Hiroko រួមទាំងការស្រាវជ្រាវបន្ថែមទៀត»។
«នំពពក» ជាប្រភេទអាហារសម្រន់ដែលកុមារអាចញ៉ាំបានគ្រប់ពេល ដោយមានផលិតផលសំខាន់ៗ ដូចជា Cookie, ដូណាត់ និង Steam Cake ជាដើម ។ រាល់ប្រអប់នំទាំងអស់ សុទ្ធភ្ជាប់នូវព័ត៌មានបែបពីរ៉ាមីដទាក់ទងនឹងអាហាររូបត្ថម្ភ ដែលអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡារបស់កម្ពុជា។
តើនេះជាអាជីវកម្មដើម្បីប្រាក់ចំណេញ ឬយ៉ាងណា? លោក Akira និងអ្នកនាង Hiroko មិនបដិសេធនោះឡើយ។ «ពិតណាស់ យើងចង់បានប្រាក់ចំណេញពីអ្វីដែលយើងបានធ្វើ ពីព្រោះបើគិតពីសកម្មភាពសប្បុរសធម៌សុទ្ធសាធ ផលិតផលរបស់យើងមិនអាចបន្តដំណើរបានយូរនោះឡើយ យើងត្រូវការចំណូលដើម្បីមានថវិកាបន្តផលិតនំ។ ផលិតនំដើម្បីចំណូល យកចំណូលទៅផលិតនំ វាមានលក្ខណៈវិលជុំយ៉ាងដូច្នេះ»។
Hiroko បានបញ្ជាក់ថា នំពពក ជាប្រភេទអាហារសំរន់សម្រាប់កុមារខ្មែរសុទ្ធសាធ ដែលផ្សំពីបន្លែ ផ្លែឈើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នំលើប្រអប់នំនីមួយៗ មានភ្ជាប់ព័ត៌មានទាក់ទងនឹងថាមពល ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត អំបិល កាល់ស្យូម វីតាមីន A និង B2 ជាដើម។
គាត់បានពន្យល់ថា៖ «ក្មេងជប៉ុន ឬក្មេងប្រទេសផ្សេងទៀត មានតម្រូវការអាហារូបត្ថម្ភមូលដ្ឋានខុសៗគ្នា ប៉ុន្តែសម្រាប់នំពពក យើងផលិតជាពិសេសសម្រាប់កូនខ្មែរ ដែលលាយផ្សំពីបន្លែ ផ្លែឈើ និងជីវជាតិផ្សេងៗ ចាំបាច់ និងងាយស្រួលទិញនៅកម្ពុជា»។

វត្ថុធាតុដើមសម្រាប់ការផលិតនំពពកមានដូចជា ស្ករត្នោត សណ្តែកសៀង ដំឡូងជ្វា កាកាវ ស្លឹកម្រុំ អង្ករ ស៊ុត ម្សៅ ជាដើម។ «យើងអាចទិញវត្ថុធាតុដើមទាំងនេះ នៅទីផ្សារជាពិសេសផ្សារសរីរាង្គ ដែលជាផលិតផលគ្មានគីមី។ យើងក៏មានគម្រោងធ្វើជាដៃគូសហការជាមួយកសិករ និងម្ចាស់កសិដ្ឋានក្នុងស្រុកផងដែរ ប៉ុន្តែពេលនេះ អាជីវកម្មរបស់យើងមានទ្រង់ទ្រាយតូចនៅឡើយ»។ នេះជាការបញ្ជាក់របស់ Hiroko។
បច្ចុប្បន្ន នំពពកមានដាក់លក់នំតាមហាងមួយចំនួន និងមានកិច្ចសហការជាមួយបណ្តាសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។ «Eat Yummy, Stay Healthy!» (ញ៉ាំឆ្ងាញ់ សុខភាពល្អ!)។ នេះជាពាក្យស្លោកនៅលើប្រអប់នំពពក ដែលមាននិមិត្តសញ្ញាជារូប «ទន្សាយ»។
«ក្រៅដាក់លក់នៅតាមហាងកាហ្វេមួយចំនួន យើងបានទាក់ទងបណ្តាសាលារៀនមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយលក់ក្នុងតម្លៃសមរម្យសម្រាប់សាលា ជាពិសេសសម្រាប់សិស្សផ្ទាល់។ យើងចាប់ផ្តើមជំហានដំបូងក្នុងរាជធានីភ្នំពេញ មុនបោះជំហានទៅតាមបណ្តាខេត្តផ្សេងៗទៀត»។ នេះបើតាមការអះអាងរបស់កញ្ញា Hiroko។
លទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាកាលពីឆ្នាំ២០១៤ បង្ហាញថា កុមារក្រោមអាយុ៥ឆ្នាំចំនួន៣២ភាគរយមានបញ្ហាក្រិសក្រិន និង២៤ភាគរយមិនគ្រប់ទំងន់។ បញ្ហាទាំងនេះ គឺដោយសារតែកង្វះអាហារូបត្ថម្ភ ជាពិសេសកុមារនៅតាមជនបទ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតនៃការប្រារព្ធខួប «ទិវាអាហារូបត្ថម្ភលើកទី៤» កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា កង្វះអាហារូបត្ថម្ភក្នុងវ័យដំបូងរបស់កុមារមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងមរណភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់ការរីកចម្រើនខាងសតិបញ្ញារបស់កុមារ ការសិក្សារៀនសូត្រ និងផលិតភាពការងារនាពេលអនាគត។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា បានផលិតស្រូវលើសជាង៤លានតោន គិតជាអង្ករជាង៣តោនក្នុង១ឆ្នាំៗ តែនេះមិនមែនមានន័យថា ស្ថានភាពអាហារូបត្ថម្ភមាតា និងកុមារមានភាពល្អប្រសើរនោះទេ។ ក្នុងករណីនេះ សម្តេចបានអំពាវនាវគ្រប់ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ រួមគ្នាពង្រឹង និងពង្រីកយុទ្ធនាការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាពិសេសការលើកទឹកចិត្តពលរដ្ឋឲ្យបរិភោគអាហារធម្មជាតិចម្រុះមុខ ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម បន្លែ ផ្លែឈើ ត្រី ស៊ុត និងសាច់ ជាដើម៕